ម្ភៃ (២០) ចំនុចសំខាន់ៗ របស់ មនុស្សឆ្លាត

Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: March 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងពិភពនៃការប្រកួតប្រជែង សព្វថ្ងៃនេះ ដើម្បីរស់នៅ ឲ្យបានសមរម្យដូចអ្នកដទៃ គឺទាមទារឲ្យយើងម្នាក់ៗ មានភាពឆ្លាតវៃ។  មិនថាអ្នកត្រូវឆ្លាត ដោយវិធីណាទេ ខ្ញុំជឿជាក់ថា នឹងមានចំណុចខ្លះ ដែលធ្វើឲ្យកាន់តែឆ្លាតវៃបាន។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិ របស់មនុស្សឆ្លាតវៃ។ បន្ទាប់ពីអ្នកបានអាន ចំនុចសំខាន់ៗ ទាំងនេះរួច លោកអ្នកគួរ សួរខ្លួនឯងថា តើខ្ញុំមានការឆ្លាតវៃ កម្រិតណានៅក្នុង ចំនុចនីមួយៗ ? តើត្រូវបង្កើនភាពឆ្លាតវៃ តាមរបៀបណាខ្លះ?

១. មនុស្សឆ្លាតវៃ ត្រូវចេះធ្វើសេចក្តីសម្រេចចិត្តនានា ប្រកបដោយវិចារណញ្ញាណ

អ្នកឆ្លាតវៃតែងតែស្តាប់ និងធ្វើអ្វីៗ តាមការគិតពិចារណា របស់ពួកគេ ប្រកបដោយភាពច្បាស់លាស់ និងការទទួលខុសត្រូវ។ ពួកគេយល់ដឹង ពីអារម្មណ៍ និងស្គាល់ច្បាស់ ពីមជ្ឈដ្ឋានផ្សេងៗ ដែលកំពុងរត់ មករកពួកគេ ហើយប្រែក្លាយ មជ្ឈដ្ឋានក្នុងខ្លួន របស់ពួកគេទៅជា ការសម្រេចចិត្ត ប្រកបដោយគតិបណ្ឌិត។

២. មនុស្សឆ្លាតត្រូវប្រកបដោយសតិសម្បជញ្ញៈ

អ្នកដែលឆ្លាតវៃច្រើន ត្រូវតែដឹងថា ខ្លួនជានរណា? ហើយត្រូវប្រាកដថា ខ្លួនមានចំនុចខ្លាំង និងចំនុចខ្សោយអ្វីខ្លះ? អ្វីខ្លះជាបុគ្គលិកលក្ខណៈ និងតម្លៃដែលខ្លួនកំពុងតែមាន? សមដូចពាក្យមួយឃ្លារបស់ ខុង ជឺ បានពោលថា មនុស្សដែលស្គាល់អ្នកដទៃច្បាស់ ជាមនុស្សឆ្លាត មនុស្សដែលស្គាល់ ខ្លួនឯងច្បាស់ជាមនុស្ស ភ្លឺថ្លា ឬជាមនុស្ស ដែលប្រកបដោយ បារមីខ្ពស់ក្រៃលែង។ ពោលគឺ ពួកគេដឹងច្បាស់ដោយខ្លួនឯងថា អ្វីដែលសំខាន់ និងមានចំណាប់អារម្មណ៍បំផុត ដែលគេត្រូវដឹងគឺ (ខ្លួនឯង)។

៣. មនុស្សឆ្លាតគឺ មានសេចក្តីក្លាហាន ចេះកែតម្រូវ ស្ថានការណ៍ឲ្យបានកាន់តែប្រសើរ តាមរយៈការរៀនសូត្រ ពីបទពិសោធន៍អតីតកាល និងចេះបត់បែន តាមស្ថានភាពជាក់ស្តែង របស់សង្គម

អ្នកដែលឆ្លាតវៃគឺ ហ៊ានប្រឈមមុខ ទៅនឹងស្ថានការណ៍ ដែលកំពុងកើតមានឡើង និងចេះរៀនសូត្រ ពីបទពិសោធន៍អតីតកាល តាមរយៈការរកឲ្យឃើញ ថាតើអ្វីដែលអានទៅរួច និងអ្វីដែលមិនអាចទៅរួច បន្ទាប់មកទៀតគឺ គេចេះ សម្របខ្លួនទៅតាមភាពចាំបាច់ នៃហេតុការណ៍នីមួយៗ។ ពួកគេធ្វើការពិចារណាជាមុន មុននឹងធ្វើអ្វីមួយ។ ពួកគេរៀបចំគម្រោងរួចរាល់ហើយ ទើបធ្វើការអនុវត្តជាក្រោយ។ មិនតែប៉ុណ្ណោះ ពួកគេក៏ចំណាយពេលវេលាផងដែរ ទៅលើការគិតពិចារណា រកហេតុផលឲ្យឃើញ កាន់តែច្បាស់ពីអ្វីដែលបាន កំពុង នឹងកើតឡើង ។

៤. មនុស្សឆ្លាតគឺ មានចិត្តទូលាយ និងចេះគិតប្រយោជន៍រួមជាធំ ពោលគឺ គេមិនមែនជាប្រភេទមនុស្ស អាត្មានិយម

គេមិនមានគំនិតចង្អៀតចង្អល់ចំពោះអ្នកដទៃ (មនុស្សឆ្លាតវៃ រីករាយជានិច្ចក្នុងការទទួលយកនូវ គំនិតថ្មីៗ ការពិចារណានិងវិធីសាស្ត្រនៃការធ្វើអ្វីមួយ ។ ពួកគេចង់ទទួលយកឬត្រូវការ ការប្រែប្រួលដើម្បីឆ្ពោះទៅ ការគិតពិចារណាលើ ពត៌មាន គំនិត និងយោបល់អំពីមនុស្ស។ ពួកគេតែងតែពាំនាំ មកនូវគំនិតថ្មីៗ គំនិតកែប្រែ គំនិតអភិវឌ្ឍន៍ដោយឈរ លើមូលដ្ឋានគ្រឹះយ៉ាងជាក់លាក់។

៥. មនុស្សឆ្លាតគឺ ចេះបើកចំហរចិត្តគំនិតខ្លួនឯង បានទូលំទូលាយ

មនុស្សឆ្លាតវៃ មានការបើកចិត្តគំនិត បានទូលំទូលាយលើសមត្ថភាព គិតពីបញ្ហា និងសម្រេចចិត្ត ដោយមានហេតុផល ហើយគេអាចរកឃើញពីអ្វី ដែលមនុស្សទូទៅ ភាគច្រើនគេខ្វះចន្លោះ ។ ពួកគេនឹងឯកភាពលើពាក្យមួយឃ្លា ដែលបានពោលមកថា ចិត្តគំនិតមនុស្សប្រៀបបាន នឹងឆ័ត្រយោងដូច្នោះដែរ គឺ វាធ្វើការនៅពេល ដែលវាបើកចំហរតែប៉ុណ្ណោះ។ ពួកគេមានភាពងាយស្រួល ទៅនឹងមជ្ឈដ្ឋានផ្សេងៗគ្នា ហើយអាចទាក់ទិនទៅនឹងបញ្ហា មតិយោបល់លើផ្នែកផ្សេងៗ ជាច្រើន។

៦. មនុស្សឆ្លាតគឺ មានទំនួលខុសត្រូវខ្ពស់

មនុស្សឆ្លាតវៃគឺ ចេះទទួលស្គាល់ និងទទួលខុសត្រូវយ៉ាងរហ័ស ទៅលើឱកាស និងមហាជន។ ពួកគេប្រតិបត្តិ និងមានប្រតិកម្មឆ្លើយតប បានឆាប់រហ័ស ប្រកបដោយការប្រយ័ត្នប្រយែង ទៅលើអ្វីដែលចាំបាច់ ក្នុងការថែរក្សា និងការរៀបចំផែនការ ដ៏ច្បាស់លាស់។

៧. មនុស្សឆ្លាតគឺ ជាអ្នកដែលប្រកបទៅដោយ ធនធានសំបូរបែប

មនុស្សឆ្លាតវៃ មិនចាំបាច់ដឹងនូវរាល់អ្វីៗទាំងអស់នោះទេ គឺ គេគ្រាន់តែដឹងត្រឹមតែថា ទីណាដែលត្រូវទៅ ទីណាដែលត្រូវទាក់ទងដើម្បីទទួលបានពត៌មាន គំនិត ធនធាន ការបណ្តុះបណ្តាល ឬការអប់រំ ដែលពួកគេត្រូវការ។ ពួកគេមានទំនាក់ទំនងល្អ និងមានមនុស្សរងចាំផ្តល់ពត៌មានទាំងអស់។

៨. មនុស្សឆ្លាតគឺ ដឹងច្បាស់នូវអ្វីដែលខ្លួនត្រូវធ្វើ

មនុស្សឆ្លាតវៃគឺ គេផ្តោតតែពីខ្លួនគេផ្ទាល់ ពួកគេមិនស្រពិចស្រពិលលើវត្ថុទាំងឡាយដែលខ្លួនត្រូវធ្វើនោះទេ មានន័យថា ពួកគេដឹងនូវអ្វីៗទាំងអស់ដែលខ្លួនត្រូវអនុវត្ត។ ពួកគេច្រើនតែពិចារណា ចោទសួរ ស្វែង រកចម្លើយ ដំណោះស្រាយ ឬស្វែងរកការពិតអ្វីមួយដោយខ្លួនឯងប្រកបដោយភាពច្បាស់លាស់។

៩. មនុស្សឆ្លាតគឺ មានគំនិតទូទៅច្រើន

មនុស្សឆ្លាតវៃគឺ នៅតែឆ្លាតវៃ ពីព្រោះថា ពួកគេមានសេចក្តីប្តេជ្ញាចិត្តថា នឹងរៀនសូត្រនូវអ្វីៗដែលថ្មី ចែករំលែកនូវអ្វីដែលខ្លួនមាន ហើយរក្សានូវអ្វីដែលខ្លួនមានបានល្អ ដូចជា ជំនាញ ឥរិយាបថ និងតែងតែមាន ជំនឿចិត្តឬគំនិតវិជ្ជមានពេញមួយជីវិតរបស់ពួកគេ។

១០. មនុស្សឆ្លាតគឺ ចេះស្វែងរកឬចេះបង្កើត ភាពសប្បាយរីករាយ ការកម្សាន្តអារម្មណ៍ ប្រកបដោយសីលធម៌ សម្រាប់ខ្លួនឯង និងអ្នកដទៃ

មនុស្សឆ្លាតវៃគឺ គេមិនបណ្តោយ ឲ្យជីវិតរបស់គេ មានភាពស្មុគស្មាញឡើយ។ ពួកគេស្គាល់ នូវសារសំខាន់ នៃភាពសប្បាយរីករាយ ប្រកបដោយសីលធម៌ តាមរយៈ ការនិយាយរឿងកំប្លែង និងរឿងសប្បាយផ្សេងៗ ដែលមាននៅក្នុង ជីវិតប្រចាំថ្ងៃរបស់ពួកគេ។

១១. មនុស្សឆ្លាតគឺ ជាមនុស្សដែលហ៊ាន ធ្វើការប្រថុយប្រថាន និងចេះតស៊ូ ធ្វើរាល់កិច្ចការ ដែលខ្លួនត្រូវបំពេញ ឬការងារដែលខ្លួនពេញចិត្ត នឹងធ្វើ

មនុស្សឆ្លាតវៃគឺ តែងប្តេជ្ញាចិត្តស្វែងរកអ្វីៗដែលថ្មី បើទោះបីគេដឹងថា របស់ដែលខ្លួនត្រូវការនោះ មិនបានដំណើរការ ដូចអ្វីដែលខ្លួនគេបានប៉ងទុក ពីមុនមកក៏ដោយ។ ព្រោះគេយល់ថា ភាពបរាជ័យតែងលាក់ទុកនូវការសិក្សាជានិច្ច។ ពួកគេតែងមានក្តីសង្ឃឹមថា ក្រោយពីខ្លួនបានសិក្សា មេរៀនបរាជ័យរួចមក ពួកគេនឹងពិតជាអាច កាត់បន្ថយនូវភាពគ្រោះថ្នាក់ ដោយទទួលបានភាពជោគជ័យ ត្រលប់មកវិញ។

១២. មនុស្សឆ្លាតគឺ មានជំនឿជាក់ ទំនុកចិត្តលើខ្លួនឯងបំផុត

មនុស្សឆ្លាតវៃគឺ មានជំនឿជាក់ និងមានទំនុកចិត្តលើខ្លួនឯង ជាទីបំផុត។ ពួកគេមិនចាំបាច់ ធ្វើការវិនិច្ឆ័យជាអ្នកដទៃ លើការសម្រេចចិត្ត ណាមួយនោះទេ។ ពេលពួកគេដឹងថា អ្វីដែលត្រឹមត្រូវ សម្រាប់ពួកគេ នោះពួក គេនឹងធ្វើ។

១៣. មនុស្សឆ្លាតចេះ ប្រើប្រាស់ទិន្នានុលេខន៍ និងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន

មនុស្សឆ្លាតវៃគឺ យុទ្ធសាស្ត្រក្នុងការ អភិវឌ្ឍជីវិតពួកគេ យ៉ាងល្អបំផុត ដែលមានរួមបញ្ចូល ទាំងការសរសេរ បេសកកម្មគោលបំណង ក្នុងជីវិតនិងគោលដៅផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងចេះបែងចែក តារាងដាច់ពីគ្នារវាងអ្វី ដែលត្រូវធ្វើ និងអ្វីដែលចង់ធ្វើដាច់ដោយឡែក ពីគ្នាទៀតផង។

១៤. មនុស្សឆ្លាតជា មនុស្សដែលចេះធ្វើការងារ ប្រកបដោយប្រសិទ្ធិភាព

មនុស្សឆ្លាតវៃគឺ ធ្វើអ្វីៗបានដោយជោគជ័យ ទៅតាមកាលវេលាដែលខ្លួនបានកំណត់ ឬគេបានដាក់ចុះ។ ពួកគេចំណាយពេល ស្ទើរតែពេញមួយថ្ងៃ ដើម្បីធ្វើសកម្មភាព ទៅលើកិច្ចការប្រចាំថ្ងៃនីមួយៗ ជារៀងរាល់ថ្ងៃ។

១៥. មនុស្សឆ្លាត ជាមនុស្សដែលស្គាល់ខុស ស្គាល់ត្រូវ យល់ច្បាស់ពីហេតុផល និងចំណង់ចំណូលចិត្ត អ្នកដទៃ

មនុស្សឆ្លាតវៃ មានសមត្ថភាពយល់ដឹងពី ហេតុផល និងចំណង់ចំណូលចិត្តរបស់អ្នក បានយ៉ាងច្បាស់លាស់។ ដូច្នេះហើយ ពួកគេបានចាត់ចែង និងចេះជ្រើសរើសអ្វី ដែលសក្តិសមសម្រាប់ខ្លួនគេផ្ទាល់។ នៅជុំវិញខ្លួនគេគឺ មានសុទ្ធតែមនុស្ស កម្មវិធី និងទីកន្លែង ដែលប្រកបដោយគុណភាពខ្ពស់បំផុត តែប៉ុណ្ណោះ។

១៦. មនុស្សឆ្លាតគឺ ជាមនុស្សដែលស្រលាញ់ការអានបំផុត

មនុស្សឆ្លាតវៃគឺ ចេះគំនិតអ្នកដទៃ មកប្រើប្រាស់ តាមរយៈអានដូចជា៖ សៀវភៅ ខិតប័ណ្ណ ព្រឹត្តប័ត្រ្ត អត្ថបទ សំបុត្រ ផ្ទាំងបដា សេចក្តីប្រកាស កាសែត...ល។ និងអ្វីៗផ្សេងទៀត ដែលមានប្រយោជន៍ ដល់ការអភិវឌ្ឍខ្លួនគេ បានកាន់តែច្រើនជាងមុន។ លើសពីនេះទៅទៀត ពួកគេអាចដកស្រង់ យកពត៌មានណា ដែលសក្តិសមនឹងពួកគេ មកប្រើប្រាស់បានល្អថែមទៀតផង។

១៧. មនុស្សឆ្លាត ជាមនុស្សដែលចេះឲ្យតម្លៃខ្ពស់បំផុតទៅលើការរៀនសូត្រ

មនុស្សឆ្លាតវៃគឺ តែងតែបន្តការរៀនសូត្ររបស់ខ្លួន ពេញមួយជីវិត។ ពួកគេខិតខំរៀនសូត្រជានិច្ច លើគ្រប់វិស័យតាមមធ្យោបាយ ច្រើនយ៉ាងដោយពុំរើសមុខ រើសទីកន្លែង ពេលវេលា មិនថាជាការរៀនសូត្រក្រៅសាលា ក្នុងសាលា ក្នុងផ្លូវការ ក្រៅផ្លូវការ ឬជាប្រភេទការរៀនសូត្រ ដែលអាចផ្តល់ផលប្រយោជន៍ដល់ ការងារតូចធំអ្វីឡើយ។ ឲ្យតែមានឱកាសពេលណា គឺពួកគេឆ្លៀតរៀនសូត្រភ្លាម។ មនុស្សឆ្លាតវៃគឺ តែងតែផ្តល់ចំណាត់ថ្នាក់ ការរៀនសូត្រឲ្យនៅក្នុង លំដាប់សំខាន់ទីមួយជានិច្ច។ ការរៀនសូត្ររបស់មនុស្សឆ្លាតវៃគឺ មិនប្រកាន់កម្រិតអាយុឡើយ។ ពួកគេតែងតែខិតខំរៀន តាំងតែពីក្មេងវ័យរហូតដល់ វ័យចាស់ជរាតាមរយៈ ការអាន ការសន្ទនា ការគិត ការសួរ ការឆ្លើយ ការស្តាប់ ការកត់ត្រាឬការតែងនិពន្ធ ការអនុវត្ត ការចែកឬការទទួលបទពិសោធន៍ ពីគ្នាទៅវិញទៅមក....ល។ មនុស្សឆ្លាតវៃ បន្តការរៀនសូត្រ ពេញមួយជីវិតរបស់ខ្លួន ដោយមិនមានការនឿយណាយ មិនថាលើមុខជំនាញ ឬចំណេះដឹងទូទៅឡើយ។

១៨. មនុស្សឆ្លាតជា មនុស្សដែលចូលចិត្តបង្រៀន ឲ្យចេះស្ទាត់ដូចខ្លួនដែរ

មនុស្សឆ្លាតវៃច្រើនតែជាមនុស្ស ដែលមានទឹកចិត្តទូលាយ និងច្រើនតែមានគំនិត ចង់ឲ្យអ្នកដទៃចេះដូចខ្លួនដែរ។ ពួកគេច្រើនតែឆ្លៀតពេលវេលា ជួយបណ្តុះបណ្តាល ឬបង្ហាត់បង្រៀនអ្នកដទៃនូវចំណេះ ឬជំនាញទាំងឡាយ ដែលខ្លួនមានដោយគ្មានការ  រើសអើង។ លើសពីនេះទៅទៀត ពួកគេចេះដកស្រង់យកពត៌មានណា ដែលសក្តិសម មកប្រើប្រាស់បានត្រឹមត្រូវទៀតផង។ មនុស្សឆ្លាតវៃគឺជា គ្រូនៃពិភពលោក ដែលបានផ្តល់ចំណេះដឹងរបស់ពួកគេ ទៅឲ្យអ្នកដទៃទៀត បានចេះដូចខ្លួនដែរ។ ពួកគេបន្ថែមការងាររបស់ខ្លួន ទៅលើអ្វីៗទាំងនោះ ។ សល់ពីនោះ គឺជា ការផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក។ ការធ្វើបែបនេះ វាបានបង្កើតឲ្យមានប្រយោជន៍ជាច្រើន សម្រាប់អ្នកដែលបានចូលរួម។ មិនតែប៉ុណ្ណោះ វាក៏បានធ្វើឲ្យអ្នកបង្រៀន មានការរីកចម្រើនកាន់តែប្រសើរ ទាក់ទងនឹងការយល់ដឹង ការស្រាវជ្រាវ និងការបង្រៀនលើមុខវិជ្ជាទាំងនោះថែមទៀតផង។ ព្រោះថា ពួកគេនឹងកាន់តែសកម្ម លើការនិយាយ និងការស្រាវជ្រាវ លើមុខវិជ្ជា ដែលខ្លួនកំពុងតែបង្រៀន។

១៩. មនុស្សឆ្លាត ជាមនុស្សស្រលាញ់ចូលចិត្តការអភិវឌ្ឍ

មនុស្សឆ្លាតវៃគឺ មិនចូលចិត្តធ្វើអ្វីៗដែលដដែលៗនោះទេ។ ពួកគេចូលចិត្តការរីកចម្រើនលូតលាស់ទៅមុខ។ ជារឿយៗ ពួកគេច្រើនតែស្រមៃពី ស្លាកយីហោ ឈ្មោះក្រុមហ៊ុន និងចង់ធ្វើឲ្យកាន់តែរីកចម្រើន ឬផ្លាស់ប្តូរទាំងស្រុងតែម្តង។ ពួកគេនៅតែជាអ្នកឈានមុខគេជានិច្ច ហើយជាញឹកញាប់ ពួកគេតែងតែបង្កើតឡើង នូវឱកាសរបស់ពួកគេ ម្តងហើយម្តងទៀត។

២០. មនុស្សឆ្លាត ជាមនុស្សដែលចូលចិត្តការរៀនសូត្រអស់មួយជីវិត

មនុស្សឆ្លាតជា សិស្សនៃជីវិត។ មនុស្សឆ្លាតវៃ គឺគេមិនចាំបាច់ចងចាំជាក់លាក់ នូវរាល់មុខវិជ្ជាទាំងឡាយនៅក្នុង ខួរក្បាលទាំងអស់នោះឡើយ។ ពួកគេដឹងតែត្រឹមថា តើមុខវិជ្ជានីមួយៗ វាមានន័យយ៉ាងណា មានប្រយោជន៍ដូចម្តេច ទៅលើការវិវត្តន៍របស់មនុស្ស ឬការអភិវឌ្ឍសង្គម នោះជាការគ្រប់គ្រាន់ហើយ។ ពួកគេចង់ដឹងមិនឆ្អែតមិនឆ្អន់ ហើយចង់ដឹងខ្លាំង ពីការលូតលាស់ និងការចេះដឹង ដែលទាំងនោះជាអ្វី ដែលជាការវិវត្តន៍នៃធម្មជាតិ។ សមដូចពាក្យទស្សនវិទូចិន លោក ឡាវ ហ្សូ Lao Tzu បានពោលថា៖ ដើម្បីកើនចំណេះដឹង គេត្រូវតែចេះបន្ថែមនូវអ្វីៗ ដែលថ្មីតាមរយៈការអាន ឲ្យបានច្រើន ហើយប្រសិនបើចង់កើន ប្រាជ្ញាវិញ  ត្រូវតែចេះប្រែក្លាយអ្វីៗ ដែលមានហើយ ឲ្យមានការអភិវឌ្ឍ ។ ជាការពិតណាស់ ខួរក្បាលមនុស្សយើង ប្រៀបដូចទៅនឹងកុំព្យូទ័រដែរ វាមានតួនាទីផ្ទុកទិន្នន័យ ក្នុងកម្រិតខ្ពស់ ដែលទិន្នន័យទាំងអស់នោះ យើងបានបន្ថែមវា ចូលមកជារៀងរាល់ថ្ងៃ។ ទន្ទឹមគ្នានោះដែរ មានពត៌មានមួយចំនួន ដែលមិនបានរក្សាទុក យូរៗទៅ ក៏ត្រូវបានបាត់បង់ ពីខួរក្បាលទៅវិញ។ ចូរគិតមើលថា តើអ្វីដែលលោកអ្នកចង់បំបាត់ចោល? ហើយកម្មវិធីអ្វីដែលលោកអ្នក ចង់ដាក់ជំនួសមកវិញ?

ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១២
ប្រភពឯកសារ៖ បកប្រែពីភាសាបរទេស (អង់គ្លេស)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...