សម រង្ស៊ី៖ យុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ ដែល​នាំ​រាស្ត្រ​ខ្មែរ​ឲ្យ​ខាតបង់

គេថាវិនិយោគចិន នៅប្រទេសកម្ពុជា ឈរលើយុទ្ធសាស្រ្ត « ឈ្នះ ឈ្នះ » តែមានភាគីមួយទៀត ដែលទទួលការបង់ខាត គឺប្រជារាស្ត្រខ្មែរ។ នេះ ជាការលើកឡើង របស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងលិខិតទស្សនៈមួយរបស់លោក ដែលទស្សនាវដ្ដីទទួលបាន។
សម រង្ស៊ី៖ យុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ ដែល​នាំ​រាស្ត្រ​ខ្មែរ​ឲ្យ​ខាតបង់
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៧ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 08, 2018
  • ប្រធានបទ: ទស្សនៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អត្ថបទទស្សនៈមិត្តអ្នកអាន របស់លោក សម រង្ស៊ី ត្រូវបានសរសេរជាភាសាអង់គ្លេស និងផ្ញើរទៅសុំឲ្យសារព័ត៌មាន ភ្នំពេញប៉ុស្ដ៍ ធ្វើការចុះផ្សាយ កាលពីសប្ដាហ៍មុនរួចហើយ។ នៅថ្ងៃនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមផ្សាយអត្ថបទដដែល របស់ប្រធានចលនាសង្គ្រោះជាតិ ដែលត្រូវបានសរសេរ ជាខេមរភាសា និងដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម។

ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកតម្កើងវិនិយោគចិន នៅប្រទេសកម្ពុជា ថាមានប្រយោជន៍ធំធេងណាស់ សម្រាប់ស្រុកយើង។ តែខ្ញុំសូមធ្វើការកត់សម្គាល់ដូចតទៅ។

បញ្ហាចម្បង ទាក់ទងវិនិយោគចិននៅប្រទេសកម្ពុជា គឺការខ្វះតម្លាភាព ដែលនាំឲ្យមានអំពើពុករលួយដ៏ធ្ងន់ធ្ងរ ទាំងខាងភាគីវិនិយោគិនចិន ទាំងខាងភាគីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ គេថាវិនិយោគទាំងនេះ ឈរលើយុទ្ធសាស្រ្ត « ឈ្នះ ឈ្នះ » សម្រាប់ភាគីទាំងពីរ តែមានភាគីមួយទៀត ដែលទទួលការបង់ខាត គឺប្រជារាស្ត្រខ្មែរ ខណៈពលរដ្ឋខ្មែរទាំងនោះ ត្រូវបានដកហូត​សិទ្ធិសម្តែងមតិ។

សព្វដង វិនិយោគពីបរទេស តែងតែផ្តល់ការងារ ដ៏ល្អៗ ឲ្យប្រជាពលរដ្ឋក្នុងស្រុក តែចំពោះវិនិយោគចិននៅប្រទេសកម្ពុជាវិញ គ្មានផ្តល់ការងារអ្វី ឲ្យប្រជាពលរដ្ឋខ្មែរទេ ពីព្រោះវិនិយោគិនចិន គេនាំពលកររបស់គេទាំងអស់ មកពីប្រទេសចិន ហើយប្រាក់ខែបើកឲ្យពលករបរទេសទាំងនោះ ត្រូវផ្ទេរទៅប្រទេសចិនវិញ។

សព្វដងទៀត មានការផ្ទេរបច្ចេកវិទ្យា ពីប្រទេសជឿនលឿន មកប្រទេសអន់ថយ តាមរយៈវិនិយោគ ពីប្រទេសមួយទៅប្រទេសមួយ តែចំពោះវិនិយោគចិននៅកម្ពុជា គឺគ្មានការផ្ទេរបច្ចេកវិទ្យាអ្វី មកឲ្យស្រុកយើងឡើយ ពីព្រោះពួកចិន គេធ្វើអ្វីៗទាំងអស់ ដោយខ្លួនគេ ហើយគេនឹងវិលត្រឡប់ទៅស្រុកគេវិញ ក្រោយពីបញ្ចប់ការដ្ឋានរបស់គេ នៅស្រុកយើង។

ពេលដែលពលករទាំងអស់ ក្នុងគម្រោងវិនិយោគចិន ត្រូវបាននាំមកពីប្រទេសចិន ពលករខ្មែរមិនមានឱកាស ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈអ្វី ហើយស្រុកយើង ក៏គ្មានឱកាសអភិវឌ្ឍ ធនធានមនុស្សរបស់យើងនោះដែរ។ លោក ហ៊ុន សែន លើកឡើងថា វិនិយោគិនចិនត្រូវតែនាំពលកររបស់គេ ពីស្រុកចិនមកប្រទេសកម្ពុជា ពីព្រោះស្រុកយើងខ្វះធនធានមនុស្ស ហើយមិនអាចរកពលករខ្មែរ មានជំនាញវិជ្ជាជីវៈបានទេ។ ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ មានន័យថា គាត់ចង់ឲ្យប្រទេសកម្ពុជា នៅតែអន់ថយជាងគេជានិច្ចកាល ដោយស្ថិតក្នុងភាពល្ងង់ខ្លៅ ភាពក្រីក្រ និងភាពរំពឹងលើគេជានិច្ចកាល។

យើងកត់សម្គាល់ថែមទៀតថា ប្រទេសចិនផ្តល់ជំនួយឲ្យយើងដៃម្ខាង តែដៃម្ខាងទៀត គេប្រមូលពីយើងវិញយ៉ាងសន្ធឹកសន្ធាប់ តាមរយៈសម្បទានដីធ្លី សម្បទានព្រៃឈើ និងសម្បទានរ៉ែ និងតាមរយៈកិច្ចសន្យាចំណេញកប់ក្តោង ដោយគ្មានហានិភ័យអ្វី ពីព្រោះមានការធានា មិនឲ្យបង់ខាត ពីរដ្ឋាភិបាលកម្ពុជា ដូចជាក្នុងវិស័យវារីអគ្គិសនី ជាដើម។

ចំពោះទេសចរណ៍ មកពីប្រទេសចិនវិញ ក៏គេមិនត្រូវការពលករ និងអាជីវករខ្មែរដែរ ពីព្រោះក្រុមហ៊ុនចិន ជាអ្នកចាត់ចែងអ្វីៗទាំងអស់ សម្រាប់ទេសចរណ៍ចិន ដែលមកទស្សនាប្រទេសកម្ពុជា។ ដូច្នេះ ប្រជារាស្ត្រខ្មែរ មិនចំណេញអ្វីពីទេសចរណ៍ចិនទេ ដែលមកស្រុកយើងភ្លូកទឹកភ្លូកដី តែប្រទេសកម្ពុជាទទួលការបង់ខាត ផ្នែកបរិស្ថាន និងសង្គម ដោយសារទេសចរណ៍បែបនេះ។

លោក ហ៊ុន សែន គាត់ត្រូវការការគាំទ្រពីប្រទេសចិន ដើម្បីជួយការពាររបបផ្តាច់ការ និងពុករលួយរបស់គាត់ ពីព្រោះប្រទេសចិនមិនគិត ពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អទេ នៅស្រុកណាដែលគេមកវិនិយោគ។ តែចំពោះលោក ហ៊ុន សែន គាត់បង្ហាញពីកង្វះខាត ក្នុងការយល់ដឹងក្នុងវិស័យសេដ្ឋកិច្ច ហើយគាត់ក៏មិនអើពើ ពីផលប្រយោជន៍ប្រទេសកម្ពុជាឡើយ។

---------------------------
ដោយ សម រង្ស៊ី

(*) កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖  ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​របស់​អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរ ជា​អត្ថបទ​ស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរ​មកទស្សនាវដ្ដី​ តាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និងធ្វើការ​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេសទស្សនាវដ្ដី នឹងគោរពបំណងប្រាថ្នារបស់ប្រិយមិត្ត ប្រសិនជាប្រិយមិត្ត​មិន​ចង់​បញ្ចេញ​ឈ្មោះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...