វីគីលីគ្ស៖ ជូលៀន អាសហ្ស ត្រៀម​បញ្ចេញ​ឯកសារ​រាប់​លាន​ទៀត ក្នុង​ឆ្នាំ​២០១៣

លោកជូលៀន អាសហ្ស (Julian Assange) បាននិយាយសន្យាថា «ឆ្នាំក្រោយ នឹងមានកិច្ចការជាច្រើនរងចាំ មិនខុសប៉ុន្មានពីឆ្នាំ២០១២នេះទេ» ដោយប្រកាសថា គេហទំព័រវីគីលីគ្ស (WikiLeaks) របស់លោក នឹងផ្សព្វផ្សាយ នាពេលខាងមុខ នូវសំនុំឯកសារ មិនតិចជាងមួយលានទំព័រ។ ជាមួយនឹងការធានាអះអាងថា លោកផ្ទាល់មានសន្តិសុខធម្មតា បើទោះមិនសូវមានសេរីភាពក៏ដោយ លោក អាសហ្ស បានឆ្លៀតឱកាសនេះ ជាដំបូងឧទ្ទិសទៅដល់ «អ្នកកាសែតជុំវិញពិភពលោក ប្រមាណជា ២៣២នាក់ ដែលជាប់ក្នុងពន្ធនាគារ ក្នុងយប់នេះ» នៅចំពោះមុខហ្វូងមនុស្សជាងមួយរយនាក់ រួមមានទាំងអ្នកកាសែតយ៉ាងច្រើននាក់នោះផង។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 22, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ថាបនិកគេហទំព័រវីគីលីគ្ស បានថ្លែងកាលពីយប់ ថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន នៅខាងមុខរានហាល​ នៃស្ថានទូតរបស់​ប្រទេសអេក្វាទ័រ ប្រចាំរាជាណាចក្រអង់គ្លេស ពីគម្រោងការរបស់លោក ដែលនឹងចេញផ្សាយ សំនុំឯកសាររាប់សិប​លានសន្លឹកទៀត ក្នុងឆ្នាំ២០១៣ខាងមុខ។ លោក ជូលៀន អាសហ្ស ដែលលាក់ខ្លួនក្នុង ស្ថានទូតរបស់ប្រទេសអេក្វាទ័រ ជាលក្ខណៈជនភៀសខ្លួននយោបាយ តាំងពីរ៦ខែមកហើយ។


លោកជូលៀន អាសហ្ស នៅពេលធ្វើសេចក្ដីថ្លែងការណ៍ នៅយប់ថ្ងៃព្រហស្បត្តិ៍ទី១៨ធ្នូ។ រូបថត AP។

លោកជូលៀន អាសហ្ស (Julian Assange) បាននិយាយសន្យាថា «ឆ្នាំក្រោយ នឹងមានកិច្ចការជាច្រើនរងចាំ មិនខុស​ប៉ុន្មានពីឆ្នាំ២០១២នេះទេ» ដោយលោកប្រកាសថា គេហទំព័រវីគីលីគ្ស (WikiLeaks) របស់លោក នឹងផ្សព្វផ្សាយ នាពេល​ខាងមុខ នូវសំនុំឯកសារ មិនតិចជាងមួយលានទំព័រ។ ជាមួយនឹងការធានាអះអាងថា លោកផ្ទាល់មានសន្តិសុខធម្មតា បើទោះមិនសូវមានសេរីភាពក៏ដោយ លោក អាសហ្ស បានឆ្លៀតឱកាសនេះ ជាដំបូងឧទ្ទិសទៅដល់ «អ្នកកាសែត​ជុំវិញ​ពិភពលោក ប្រមាណជា ២៣២នាក់ ដែលជាប់ក្នុងពន្ធនាគារ ក្នុងយប់នេះ» នៅចំពោះមុខហ្វូងមនុស្សជាងមួយរយនាក់ រួមមានទាំងអ្នកកាសែតយ៉ាងច្រើននាក់នោះផង។

សំនុំឯកសារ នៃពិភពលោកទាំងមូល

លោកជូលៀន អាសហ្ស បានបង្ហាញខ្លួន នៅខាងមុខអាគារស្ថានទូតអេក្វាទ័រ នៅលើរានហាល  ទីកន្លែងដែលបាន​ការពាររូបលោក តាំងពីខែមិថុនាឆ្នាំ ២០១២ ពីការចាប់ខ្លួនរបស់អាជ្ញាធរអង់គ្លេស បញ្ជូនចេញទៅអោយ​ប្រទេស​ស៊ុយអែដ។ ក្រោមការឃ្លាំមើលពីនគរបាល ក្រុមអ្នកគាំទ្រលោកអសហ្ស បាននាំគ្នីគ្នាមកកាន់ទីនោះ ដោយមាន​លើក​ជាបដាដាក់ថា «កុំសម្លាប់អ្នកនាំសារ» ឬ«សូមអ្នកកុំទុកចិត្ត ស៊ុយអែដអោយសោះ» នោះជាដើម។

ទាក់ទងនឹងសំនុំឯកសារ លោកអាសហ្ស បានបញ្ជាក់ថា «វីគីលីគ្ស កំពុងតែរៀបចំផ្សាយ ជាង១លានឯកសារ ដែល​នឹងប៉ះពាល់គ្រប់ប្រទេសទាំងអស់ ក្នុងពិភពលោក»។ លោកអាសហ្ស ថែមទាំងបានចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោន ថាបានលូកដៃចូលក្នុងសេដ្ឋកិច្ច​របស់ប្រទេសអេក្វាទ័រ និងការបោះឆ្នោតប្រធានាធិបតី នៅក្នុងប្រទេសនេះ ក្នុងខែកុម្ភះ ឆ្នាំ២០១៣ខាងមុខ។  «ប្រជាធិបតេយ្យពិតប្រាកដ មិននៅសេតវិមានអាមេរិកនោះទេ តែគឺជាការតស៊ូរបស់បណ្ដាជន ដែលបំពាក់ទៅដោយការពិត ប្រឆាំងនឹងភាពភូតកុហក ទាំងនេះ (...)» លោកលើកឡើងយ៉ាងដូច្នេះ មុននឹងបញ្ចប់​សុន្ទរកថា​របស់លោក ដោយនៅស្ងៀម និងបានលើកកណ្ដាប់ដៃឡើងលើ បញ្ជាក់ពី«សេរីភាពនៃការនិយាយស្ដី»។

«ទ្វានៅតែបើកចំហរ...»

ទាក់ទងនឹង បញ្ហាចាប់បញ្ជូនខ្លួនរបស់លោក ទៅអោយប្រព័ន្ធយុត្តិធម៌នៃប្រទេសស៊ុយអែដ កាត់ទោសពីបទរំលោភ​សេពសន្ធវះនោះ លោកនិយាយថា លោកនឹងនៅក្នុងស្ថានទូតអេក្វាទ័រនេះ ដរាបណានៅតែមាន ការគម្រាមចាប់ខ្លួន​លោកបញ្ជូនចេញ របស់អាជ្ញាធរអង់គ្លេស។ លោកបានប្រកាសថា «៦ខែកន្លងទៅហើយ ត្រូវជា១៨៦ថ្ងៃ ដែលខ្ញុំបាន​ចូលមកក្នុងអាគារនេះ។ ឥឡូវវាបានក្លាយជាផ្ទះរបស់ខ្ញុំ ការិយាល័យដែលខ្ញុំធ្វើការ និងជម្រកសម្រាប់ការពារខ្ញុំផង។»

លោកអាសហ្ស បារម្ភថា លោកនឹងត្រូវចាប់បញ្ជូនខ្លួនបន្តដោយសហរដ្ឋអាមេរិក និងចាប់អោយទទួលទោសជាទម្ងន់ (ប្រហាជីវិត ពីបទធ្វើចារកម្មប្រឆាំងអាមេរិក) នៅទីនោះ នៅក្រោយបន្ទាប់ពីចាប់បញ្ជូនខ្លួនលោក មកដល់ប្រទេស​ស៊ុយអែដ។ លោកបន្តថា «ដោយសារគោលជំហររបស់រដ្ឋាភិបាល និងប្រជាជនអេក្វាទ័រ ខ្ញុំរស់នៅដោយមានសុវត្ថិភាព នៅក្នុងអាគារស្ថានទូតនេះ និងមានសិទ្ធិសេរីភាពបរិបូណ៍ ក្នុងការនិយាយស្ដី»។

ទំនងជាចង់ដោះស្រាយស្ថានភាពរបស់ខ្លួនលោកផង លោកបានអះអាងយ៉ាងដូច្នេះថា «ទ្វានៅតែបើកចំហរ ហើយ​វាធ្លាប់បានបើកចំហររហូតមក សម្រាប់អ្នកណាក៏ដោយ ដែលចង់និយាយមករកខ្ញុំ»។ ចំណែកឯស្ថានទូតអេក្វាទ័រ នៅទីក្រុងឡុងដ៍នេះដដែល ក៏បានបញ្ជាក់អះអាងឡើងវិញជាថ្មីទៀត ពីជំហររបស់ខ្លួន ក្នុងការគាំទ្រលោក ជូលៀន អាសហ្ស៕

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...