នគរបាល​ម្នាក់​នេះ នៅ​រស់​បន្ទាប់​ពី​ត្រូវ​រថយន្ដ​បុក​ប៉ើង

ភ្នាក់ងារនគរបាលអាមេរិកមួយរូប ដែលកំពុងបំពេញការងាររបស់ខ្លួន ត្រូវបានបុកឲ្យប៉ើងទៅម្ខាង ដោយរថយន្ដតូចមួយគ្រឿង។ អ្នកបើកបររថយន្ដនោះ បានបាត់បង់ភាពម្ចាស់ការ ក្នុងការបញ្ជាយានរបស់ខ្លួន ដោយបណ្ដាលពីទឹកកក ដែលកកនៅលើដងផ្លូវ បន្ទាប់ពីមានការធ្លាក់ព្រិលយ៉ាងក្រាស នៅក្នុងតំបន់។
នគរបាល​ម្នាក់​នេះ នៅ​រស់​បន្ទាប់​ពី​ត្រូវ​រថយន្ដ​បុក​ប៉ើង
ទិដ្ឋភាព នៅពេលកើតហេតុ៖ លោក «Cade Brenchley» បានប៉ើងខ្លួនឡើង បន្ទាប់ពីរងការបុកមួយទំហឹង ពីរថយន្ដពណ៌ខ្មៅ។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 16, 2018
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក «Cade Brenchley» ភ្នាក់ងារនគរបាល នៃរដ្ឋយូតា (Utah) បានរងគ្រោះបាក់ឆ្អឹងជំនី និងស្មារ តែមិនបានប៉ះពាល់ដល់ជីវិតទេ បន្ទាប់ពីលោកត្រូវបានរថយន្ដតូចមួយ ដែលរអិលខ្លួន ទប់ហ្វ្រាំងមិនជាប់ បុកពេញមួយទំហឹង បណ្ដាលឲ្យរូបលោកខ្ទាត ទៅម្ខាងដូចសម្លីប៉ើង។ ហេតុការណ៍បានកើតឡើង នៅខណៈពេលភ្នាក់ងារនគរបាលរងគ្រោះ កំពុងបំពេញភារកិច្ចរបស់ខ្លួន នៅលើដងផ្លូវល្បឿនលឿនមួយខ្សែ ស្ថិតនៅក្បែរជ្រលងភ្នំ «Sardine Canyon» កាលពីចុងខែមីនាកន្លងទៅ។

នៅក្នុងអំឡុងពេលនោះ សហរដ្ឋអាមេរិកមួយភាគធំ បានរងការធ្លាក់ព្រិល យ៉ាងក្រាស់ក្រែល ហើយរដ្ឋយូតា ក៏មិនមានវាសនា ខុសគេប៉ុន្មានដែរ។

ក្នុងវីដេអូ ដែលថតជាប់ ដោយកាមេរ៉ាបំពាក់ ជាប់នឹងរថយន្ដនគរបាល និងដែលត្រូវបានបង្ហោះ ដោយនគរបាលតំបន់ នៅច្រើនថ្ងៃក្រោយមក គេបានឃើញលោក «Cade Brenchley» បានចេញពីរថយន្ដនគរបាល ដើម្បីដើរទៅមើលរថយន្ដមួយ ដែលកំពុងចតនៅលើផ្នែកខាងស្ដាំ នៃដងថ្នល់។ រំពេចនោះ រថយន្ដមួយទៀត ដែលមកពីខាងក្រោយ (ស្របទិស នឹងរថយន្ដនគរបាល) បានរអិលខ្លួន ហើយបុកភ្នាក់ងារនគរបាលមួយទំហឹង ធ្វើឲ្យលោកប៉ើងខ្លួន ទៅផ្ទប់នឹងរថយន្ដមុន ដែលលោកមានបំណង ចង់ទៅសួរនាំ។

សំណាងល្អ គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ មិនប៉ះពាល់ដល់ជីវិតលោក «Cade Brenchley» ទេ។ ប៉ុន្តែឆ្អឹងជំនី ចំនួន៤ និងឆ្អឹងស្មារមួយចំហៀង បានបាក់។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ លោកបានថ្លែង នៅក្នុងសន្និសីទកាសែតថា លោកមានក្ដីរំភើបណាស់ ដែលនៅមានជីវិត។ ជាពិសេសក្ដីរំភើបនេះ កើតមានកាន់តែខ្លាំង ក្រោយពីលោកបានទស្សនាវីដេអូ នៃគ្រោះថ្នាក់ខាងលើរួច។

ភ្នាក់ងារនគរបាលបានថ្លែងឡើងថា៖ «ខ្ញុំចាំបាននៅពេលនោះ ដោយដឹងខ្លួនថា គេបុកខ្ញុំហើយ គេទើបនឹងបុកខ្ញុំ ចង្រៃវាយក៍»។

លោក «Cade Brenchley» បានបញ្ជាក់ទៀតថា លោកមិនខឹងនឹងស្ត្រី ដែលកាន់ចង្កូតរថយន្ដបង្កខាងលើទេ ដោយសារនេះ ជាហេតុការណ៍ដែលកើតឡើង ដោយអចេតនា ហើយស្ត្រីរូបនោះ មិនគួររងការពិន័យអ្វីឡើយ។ ប៉ុន្តែភ្នាក់ងារនគរបាល បានសំដែងក្ដីសង្ឃឹមថា វីដេអូស្ដីពីហេតុការណ៍ នឹងជាមេរៀន សម្រាប់គ្រប់អ្នកកាន់ចង្កូត​យានយន្ដទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នទ្វេឡើង ជាពិសេស នៅពេលមានព្រិលធ្លាក់។

បើតាមការផ្សាយ របស់សារព័ត៌មានក្នុងតំបន់ បានអះអាងថា បន្ទាប់ពីហេតុការណ៍នោះ ស្ត្រីអ្នកកាន់ចង្កូត បានស្ថិតក្នុងវិបត្តិផ្លូវចិត្ត អស់មួយរយៈពេល និងបានយកបាច់ផ្កា ទៅឲ្យលោក «Cade Brenchley» ដល់មន្ទីរពេទ្យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...