រវាង​បទ​ពិសោធន៍​៥ខែ ក្នុង​ពន្ធនាគារ និង​យុត្តិធម៌​«ក្លែង​ក្លាយ»

បន្ទាប់ពីទទួលបាន ការប្រោសប្រទាន លើកលែងទោស ពីព្រះមហាក្សត្រ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងមកនេះ អ្នក​ភូមិ​បឹង​កក់​ទាំង​១១នាក់ បានអះអាងថា ពួកគាត់បានរងគ្រោះ ពីការដាក់ទោសមួយ ដោយសារតែការប្រើប្រាស់ សិទ្ធិ​សេរីភាព​ខាង​លំនៅ​ដ្នាន ដែល​ស្រប​តាម​ច្បាប់ និងស្ថិតក្រោម អំណាចតុលាការមួយ ដែលពោរពេញដោយភាពអយុត្តិធម៌។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២០ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 21, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជា ព្រះរាជសារលើកលែងទោស បានជួយដោះលែង ក្រុមសកម្មជនដីធ្លី មកពីតំបន់បឹងកក់ ឲ្យបានរួចចេញ មាន​សេរីភាព ពីពន្ធនាគារហើយក៏ដោយ តែសម្រាប់ក្រុមស្ត្រីទាំងនេះ នៅតែសម្ដែងចិត្តទោមនស្ស ពីភាពអយុត្តិធម៌ ដែល​បាន​កើតឡើងចំពោះពួកខ្លួន។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ទេព វន្នី ដែលជាស្រ្តីដ៏សកម្មម្នាក់ ក្នុងការតស៊ូមតិ​ទាមទារ​នូវ​សិទ្ធិ និងសេរីភាពរស់នៅ សេរីភាពខាងលំនៅដ្ឋាន និងដីធ្លី និងជាតំណាងពលរដ្ឋរងគ្រោះ បានអះអាងនូវអារម្មណ៍​តូច​ចិត្ត និងការឈឺចាប់ថា ក្នុងនាមខ្លួន ជាប្រជាពលរដ្ឋស្អាតស្អំ បែរជារងនូវការសម្រេច ទាំងបំពាន ដោយតុលាការ​អយុត្តិធម៌។ អ្នកស្រីបានត្អូញត្អែរថា ប្រាំខែគត់ ក្នុងពន្ធនាគារលើកនេះ ជាមេរៀន និងបទពិសោធថ្មី សម្រាប់ស្រ្តីបឹង​កក់​ទាំង​អស់ ដែលគ្រាប់តែសុំការអន្តរាគមន៍ ពីអាជ្ញាធរ ដែលមិនអើពើ នឹងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋ​ដែល​រង​គ្រោះ ព្រោះ​ការ​ជន់​លិច​លង់ ដោយទឹកសំអុយជាច្រើនឆ្នាំ។

ជាមួយនឹងការត្រេកអរ ដែលបានត្រឡប់ មកជួបជុំជាមួយក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មីនេះ អ្នកស្រី ទេព វន្នី បាន​បញ្ជាក់ថា៖ «ខ្ញុំមិនចង់ចំណាយ ពេលឥតប្រយោជន៍ ក្នុងពន្ធនាគា ចំណាយពេល ជាមួយតុលាការ ដែលមិន​ឯករាជ្យ​ទេ។ ខ្ញុំត្រូវតែដកពាក្យបណ្តឹង នៅតុលាការកំពូល ទោះបីជាទៅដល់តុលាការកំពូល ក៏នៅតែរងភាពអយុត្តិធម៌។ (...) ខ្ញុំ​ត្រូវការ ការលើកលែងទោសក្លែងក្លាយ ប្រសើរជាងការរំពឹង លើតុលាការកំពូល ដែលគ្មានរំពឹងថា នឹងមានយុត្តិធម៌។»

បទពិសោធន៍ ៥ខែ ក្នុងពន្ធនាគារ មិនបានបំបាក់ទឹកចិត្ត តស៊ូមតិ របស់ក្រុមសកម្មជនទាំងនេះ បានឡើយ។ អ្នកស្រី បូវ ឆវី សកម្មជនមួយរូបទៀត ដែលទើបនឹងត្រូវបានដោះលែងដែរនោះ បានអះអាងថា ពួកគាត់ទាំង១១នាក់ នៅតែឈរ​លើ​ជំហរ និងបន្ត នូវការប្រើប្រាស់សិទ្ធិ និងសេរីភាព ដែលអនុញ្ញាត ដោយច្បាប់កម្ពុជា។ អ្នកស្រីបន្តថា ភាពយុត្តិធម៌​សម្រាប់​ពួកគាត់ កំពុងស្ថិតនៅឆ្ងាយនៅឡើយ ហើយអ្វី ដែលក្រុមអ្នកស្រីទទួលបាននេះ ជាភាពយុត្តិធម៌ មួយក្លែងក្លាយ សម្រាប់​បិទ​បាំង លើ​តុលាការ​អយុត្តិធម៌ប៉ុណ្ណោះ។

អ្នកស្រី បូវ ឆវី បានថ្លែងឲ្យដឹងថា៖ «ពួកខ្ញុំនៅតែបន្ត ដរាបណា ពួកសហគមន៍បឹងកក់ទាំងអស់គ្នា ទទួលបានដីទំហំ ១២.៤៤​ហិកតា។ អ្នកភូមិផ្សេងទៀត ក៏នៅតែបន្តការទាមទាររបស់ខ្លួនដដែល ដែលមកទល់ពេលនេះ នៅមិនទាន់បាន​ទទួល ដំណោះ​ស្រាយ​ណា​មួយ សមស្របនោះ។»

សម្រាប់ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម បានដាក់ការទទួលខុសត្រូវ នៃការចាប់ចង ការដាក់ឃុំ ឬការដោះលែង នៃក្រុម​សកម្មជនសិទ្ធិលំនៅដ្ឋានទាំងនេះ ទៅលើមនុស្សតែម្នាក់ ដែលប្រកបដោយឥទ្ធិពលជាងគេ នៅក្នុងព្រះរាជាណាចក្រ។ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគម ការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងប្រាប់ទស្សនាវដ្តីថា អំណាច​ទាំងអស់ រួមទាំងអំណាចតុលាការផង ហាក់បីដូចជានៅលើ មនុស្សតែម្នាក់ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក​ ចរិយា បាន​ថ្លែងឡើងថា៖ «សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីមួយ ដែលមានឥទ្ធិពល ក្នុងការបញ្ជាតុលាការ បានតាម​អំពើ​ចិត្ត។ (…) យើងឃើញថា ឲ្យតែមានរឿង រាល់ករណីទាំងអស់ ស្រេចតែទៅលើសេចក្តីសម្រេច របស់លោក​នាយក​រដ្ឋ​មន្រ្តី ចង់ឲ្យចាប់ ចាប់ ចង់ឲ្យលែង លែង ចង់ឲ្យចង ចង។ (…) ទាំងនេះ បង្ហាញឲ្យឃើញថា ការប្រើអំណាច​ទៅ​យាយី ទៅលូកលាន់ ទៅដល់អំណាចតុលាការច្បាស់ណាស់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...