កឹម សុខា ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ ករណី​អំពើ​ហិង្សា​នៅ​វ៉េងស្រេង

ឆ្លើយតប ទៅនឹងការកោះហៅ របស់តុលាការសាលាដំបូង រាជធានីភ្នំពេញ លោក កឹម សុខា បានសម្រេចចិត្តភ្លាមៗ ដើម្បីចូលខ្លួន ទៅបំភ្លឺនៅព្រឹកថ្ងៃទី ៨ ខែមេសានេះ ជុំវិញករណីអំពើហិង្សា នៅផ្លូវវ៉េងស្រេង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី៨ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 08, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅជាមួយនឹងវត្តមាន នៃអ្នកគាំទ្រច្រើនសិបនាក់ ដែលបានមកជួបជុំគ្នា នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាព្រឹក​ថ្ងៃ​ទី៨ ខែមេសានេះ លោក កឹម សុខា បានចូលទៅកាន់បន្ទប់ របស់តំណាងអយ្យការ ដើម្បីស្តាប់ និងឆ្លើយនូវអ្វី ដែល​តុលាការ​ចង់ដឹងបន្ថែម។

ការកោះហៅអនុប្រធានទីមួយ នៃរដ្ឋសភានេះ ឲ្យចូលបំភ្លឺនៅក្នុងតុលាការ បានធ្វើឡើង នៅក្នុងរង្វង់ នៃការស៊ើបអង្កេត ក្នុងសំនុំរឿង លើកំណាត់ផ្លូវវ៉េងស្រេង ដែលបណ្តាល ឲ្យមានមនុស្សស្លាប់ របួស និងបាត់ខ្លួន កាលពីចុងឆ្នាំ២០១៣ និង​ដើមឆ្នាំ២០១៤។ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ធ្លាប់បានអះអាងថា ការប៉ះទង្គិចគ្នា រវាងអាជ្ញាធរ ជាមួយ​នឹង​មហាជន កាលពីដើមឆ្នាំ២០១៤ នោះ ស្ថិតក្រោមការទទួលខុសត្រូវ របស់គណបក្សសង្គ្រោះជាតិ ជាពិសេសថា​មាន​លោក កឹម សុខា នៅពីក្រោយ និងមានចេតនាផ្តួលរំលំរដ្ឋាភិបាល។

ស្របពេល ដែលនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានប្រកាសថា និងដាក់សំណុំរឿងលោក កឹម សុខា ដែល​មាន​ចេតនា ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នេះ ចូលទៅកាន់តុលាការ និងករណីការចាប់ឃុំឃាំង សកម្មជនដីធ្លី សកម្មជន​បក្ស​សង្គ្រោះជាតិ តាមរយៈតុលាការនោះ កាលពីដើមខែមេសានេះ មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញនូវ​កំណត់​ត្រាខ្លីមួយ ស្តីពីការការពារសិទ្ធិមនុស្សក្នុងឆ្នាំ២០១៤។ ក្នុងកំណត់ត្រាដ៏ខ្លីនោះ បានលើកឡើងថា អំណាច​តុលាការ កំពុងស្ថិតក្រោមការគ្រប់គ្រង ដោយអង្គការនីតិប្រតិបត្តិ តាមរយៈក្រសួងយុត្តិធម៌ ដែលជាសេនាធិការ របស់​លោក​នាយករដ្ឋមន្រ្តី ជាពិសេសការបង្គាប់បញ្ជា ដោយផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ទៅក្នុងស្ថាប័នតុលាការ។

រីឯគណៈកម្មាធិការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ក៏បានបានរំលឹក ពីករណីមនុស្សស្លាប់ បាត់ខ្លួន និង​អ្នក​របួស​ជា​ច្រើននាក់ ក្រោមការ«បង្ក្រាប» ដោយហិង្សា និងអាវុធ ពីកងសន្តិសុខកម្ពុជា នៅចំណុចមួយចំនួនដូចជា ស្ពាន​អាកាស​ក្បាលថ្នល់ (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣) ការតវ៉ា របស់កម្មកររោងចក្រអែសអិល (SL) មុខវត្ត​ស្ទឹងមានជ័យ (ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣) ការតវ៉ានៅផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រយ៉ាកជីន ផ្លូវជាតិលេខ៤ (ថ្ងៃទី២, ៣ ខែមករា ឆ្នាំ២០១៤)។ ករណីទាំងនេះ បានបង្ហាញឲ្យឃើញថាកងកម្លាំងសន្តិសុខកម្ពុជា បានប្រើប្រាស់​នូវ​តួនាទី​របស់ខ្លួន បង្ក្រាប​ទៅលើបាតុករយ៉ាងលើសលប់។ នេះបើតាម របាយការណ៍មួយ ស្តីពីបញ្ហាសិទ្ធិមនុស្ស សិទ្ធពលរដ្ឋ និងសិទ្ធិនយោបាយ របស់គណៈកម្មាធិការសិទ្ធិមនុស្ស ចេញផ្សាយ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ចំណែកឯលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិវិញ ក៏ធ្លាប់បានលើកឡើង កាលពីពេលចូលសភាដំបូងថា អំពើ​ហិង្សានៅផ្លូវវ៉េងស្រេងនេះ បង្កឡើងដោយកងកម្លាំងរដ្ឋាភិបាល ដែលធ្វើឲ្យមនុស្សស្លាប់ និងរបួស។ លោក បាន​ថ្លែង​នៅ​ពេលនោះថា៖ «គេដឹងគ្រប់អ្នកហើយថា អ្វីដែលរដ្ឋាភិបាលត្រូវទទួលខុសត្រូវនោះ គឺការបាញ់សម្លាប់មនុស្ស។ ដូច្នេះ​សហគមន៍ជាតិអន្តរជាតិ ដឹងគ្រប់គ្នាហើយ មិនបាច់ឆ្លើយដាក់អ្នកណាទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...