ម៉ិចស៊ិក៖ ត្រី​បាឡែន​មួយ​លោត​ឡើង​កាណូត សម្លាប់​ទេសចរណ៍​ម្នាក់

ទេសចរណ៍មួយនាក់ បានស្លាប់ និងពីរនាក់ទៀត បានរងរបួស ក្នុងដំណើរកំសាន្ត តាមសមុទ្រមួយ កាលពីថ្ងៃពុធកន្លងមកនេះ នៅ​ក្នុង​ឆក​សមុទ្រ​ម៉ិចស៊ិច។ មូលហេតុដែលធ្វើ ឲ្យមានហេតុការណ៍នេះ៖ ព្រោះត្រីបាឡែនមួយក្បាល បានលោតឡើងលើកាណូត!
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស​ ថ្ងៃទី១២ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 12, 2015
  • ប្រធានបទ: គ្រោះសមុទ្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណើរកំសាន្ដ នៅតាមសមុទ្រ បានប្រែក្លាយជាទុក្ខ នៅថ្ងៃពុធទី១១ ខែមីនានេះ នៅក្នុងឆកសមុទ្រម៉ិចស៊ិក ដែលស្ថិតនៅ​ជាប់ ជាមួយខេត្ត កាបូ សាន់លូកាស (Cabo San Lucas)។ ហេតុការណ៍នេះ បានធ្វើឲ្យមានមនុស្សម្នាក់ស្លាប់ និងពីរនាក់​ទៀតរងរបួស។ នៅវេលាម៉ោងប្រមាណជា១១ព្រឹក កាណូតទេសចរណ៍ របស់ក្រុមហ៊ុន កាបូអេដវេនឈឺ (Cabo Adventures) ដែលមានមនុស្ស២៤នាក់ជិះ បានវិញត្រឡប់ ពីការចេញទៅស្វែងរក ទស្សនាត្រីបាឡែនប្រផេះ ដែល​ល្បី​ថា បាន​រស់​នៅ​យ៉ាង​ច្រើន នៅក្នុងកណ្ដាលឆកសមុទ្រនោះ។

នៅពេលហៀបនឹងត្រឡប់មកវិញនោះ ក្រុមត្រីបាឡែនមួយក្រុម បានបង្ហាញខ្លួនឡើង ដើម្បីបំពេញបំណង​ឲ្យក្រុម​ទេសចរណ៍។ រំពេចនោះ រឿងហេតុដែលមិននឹកស្មានដល់ បានកើតឡើង បណ្ដាលមកពីត្រីបាឡែនមួយ បានងើប​ខ្លួន​ឡើង​ពីលើផ្ទៃទឹក នៅពី​មុខកាណូត ហើយបានទម្លាក់ខ្លួនមកវិញ ពីលើកាណូតនេះ មួយទំហឹង។

បើតាមសារព័ត៌មានអង់គ្លេស The Guardian បានរាយការណ៍ឲ្យដឹងថា អ្នកបើកបរកាណូត មានពេលដ៏ខ្លីមួយ ដើម្បីនឹង​បញ្ជៀសការទម្លាក់ខ្លួន ពេញមួយទំងន់ខ្លួន របស់ត្រីបាឡែន មកលើកាណូត និងអ្នកទេសចរណ៍។ ប៉ុន្តែវាបានហួស​ពេល​ទៅហើយ ជាពិសេសសម្រាប់អ្នកទេសចរណ៍ម្នាក់។ ស្ត្រីរងគ្រោះ ដែលមានអាយុ៤៥ឆ្នាំ ត្រូវបានធ្លាក់ចូលទៅក្នុងទឹក។ បន្ទាប់ពីបានស្រង់មកវិញ និងបើទោះជាមានជួយ ដាស់ឲ្យគាត់ដឹងខ្លួនវិញក៏ដោយ ក៏អ្នកទេសចរណ៍រូបនេះ មិនអាច​ទ្រាំ​ទ្រ​បាន នឹងទម្ងន់រាប់តោន របស់ត្រីបាឡែន ហើយគាត់បានស្លាប់ នៅក្នុងមន្ទីរពេទ្យ នៅប៉ុន្មានម៉ោងក្រោយមក។

ចំណែកអ្នកទេសចរណ៍ពីរនាក់ទៀត ដែលរងរបួស បានរួចរស់មានជីវិត តែបានទទួលការភ័យភិត មិនតិចឡើយ។

បើតាមគណៈកម្មការជាតិ នៃតំបន់ធម្មជាតិដែលត្រូវអភិរក្ស (CONANP) របស់ប្រទេសម៉ិចស៊ិក បានឲ្យដឹងថា នៅក្នុង​រដូវត្រជាក់នេះ ត្រីបាឡែនមានចំនួនច្រើនណាស់ បានធ្វើការបំលាស់ទី មកកាន់ទីនេះ។ ដោយសារតែ ការបម្លាស់ទី​មាន​តែម្ដង ក្នុងមួយឆ្នាំនោះ ទើបរដូវនេះ ក្លាយជាឱកាសដ៏ពិសិដ្ឋមួយ សម្រាប់វិស័យទេសចរណ៍ របស់ខេត្តជាប់មាត់សមុទ្រ កាបូ សាន់លូកាស នេះ។ ប៉ុន្តែ រឿងដែលគេមិនបានគិតដល់នោះ គឺសុវត្ថិភាពសម្រាប់ទេសចរណ៍ ដែលគួរតែបញ្ជៀស កុំឲ្យការកំសាន្ដរបស់ពួកគេ អាចប្រែក្លាយជាទុក្ខសោកយ៉ាងដូច្នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...