« កំណត់ត្រា » និយមន័យ ប្រភេទ ប្រភព និង សារៈសំខាន់

Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: March 07, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវទាំងឡាយក្នុងពិភពលោកយើងនេះ តែងតែកើតមានឡើងជាលំដាប់ឥតឈប់ មិនថារឿងល្អ ឬអាក្រក់។ មិនថាមនុស្ស ឬសត្វ គឺមិនអាចចងចាំ តាមរយៈខួរក្បាល នូវរឿងរ៉ាវទាំងអស់នោះ ពេញមួយជីវិត របស់ពួកគេ បានឡើយ។ ក្នុងចំណោមប្រភេទសត្វទាំងអស់ មានតែមនុស្សប៉ុណ្ណោះ ដែលមានវិធី ដោះស្រាយល្អ ជាងគេ នៅក្នុងការកត់សម្គាល់រឿងរ៉ាវទាំងឡាយ តាមមធ្យោបាយផ្សេង ពីការផ្ទុកទិន្នន័យក្នុងខួរក្បាល ថាតើរឿងរ៉ាវមួយណា ដែលបាន កំពុង នឹងកើតមានឡើង ចំពោះពួកគេ។ មធ្យោបាយនោះ គឺ ការធ្វើកំណត់ត្រា

១. តើកំណត់ត្រាជាអ្វី?

កំណត់ត្រា ឬកំណត់ហេតុ ឬទិន្នានុលេខន៍ ឬកំណត់ហេតុប្រចាំថ្ងៃ ឬទិន្នានុប្បវត្តិ មានន័យ ដូចខាងក្រោម៖

ក.តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត លោកបានពន្យល់ថា៖

  • កំណត់ត្រា ជាការកំណត់ទុកក្នុងចិត្ត ជាសេចក្តីកត់សម្គាល់ហេតុ ជាកូនសៀវភៅប្រចាំថ្ងៃ ជាការកត់សេចក្តីអ្វីៗ ជាសម្គាល់ ដោយឡែក ជាកំណត់តូច ឬកូនសៀវភៅសម្រាប់កត់ត្រារាល់កិច្ចការ ដែលត្រូវធ្វើរៀងរាល់ថ្ងៃ ។  វាជាវត្ថុ មានប្រយោជន៍សំខាន់មួយ ក្នុងការកត់ត្រាចំណាំ នូវកិច្ចការផ្សេងៗរៀងរាល់ថ្ងៃ ដើម្បីកុំឲ្យភ្លេច ឬភ័ន្តច្រឡំ។

  • កំណត់ត្រា ជាដំណឹងដែលមានរាល់ថ្ងៃ ជាសំបុត្រឲ្យដំណឹងតាមលំដាប់ថ្ងៃ គឺសំបុត្រចេញប្រាប់ ដំណឹងផ្សេងៗ រាល់ថ្ងៃឲ្យអ្នកទាំងពួងដឹង (កាសែត)។

ខ. តាមវចនានុក្រមអង់គ្លេសខ្មែរ លោកបានពន្យល់ថា៖

  • Journal កំណត់ត្រា មានន័យថា ទិន្នានុប្បវត្តិ សារពត៌មាន កាសែត ទស្សនាវដ្តី ឬព្រឹត្តបត្រ។

  • Diary កំណត់ត្រា ជាកំណត់ប្រចាំថ្ងៃនៃនរណាម្នាក់ ។

គ. តាមឯកសារបរទេសជាភាសាអង់គ្លេសលោកបានពន្យល់ថា៖

  • កំណត់ត្រា ជាការកត់ត្រា នូវគំនិតបុគ្គល បទពិសោធន៍ប្រចាំថ្ងៃ និង ដំណើរវិវត្តផ្សេងៗ នៅក្នុងជីវិត របស់មនុស្សណាម្នាក់។

  • កំណត់ត្រា ឬកំណត់ហេតុបុគ្គល ជាសៀវភៅសរសេរមួយបែប ជាកូនសៀវភៅ ដែលមានសន្លឹកទំនេរ ឬប្រភពណាមួយ សម្រាប់សិស្ស កត់ត្រា គំនិត ប្រតិកម្មផ្សេងៗ ដើម្បីសិក្សារៀនសូត្រ ទុកជាបទពិសោធន៍ និងសូម្បីតែ សេចក្តីភ័យខ្លាចណាមួយ ទាក់ទងនឹងការរៀនសូត្ររបស់គេ។

២. កំណត់ត្រាមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

កំណត់ត្រាចែកចេញជាពីរប្រភេទ គឺ៖

ក. កំណត់ត្រាជីវិតផ្ទាល់ខ្លួន៖

ជាការកត់ត្រានូវរាល់ព្រឹត្តិការណ៍​ ដែលបានកើតមានឡើង ចំពោះខ្លួនគេម្នាក់ៗ។ ការកត់ត្រា បានផ្តល់ឲ្យគេ នូវគំនិតអភិឌ្ឍន៍ ជាច្រើន ជាហេតុធ្វើឲ្យជីវិតរបស់គេ បានជួបតែសុភមង្គល​ គ្រប់ពេលវេលា។

ខ. កំណត់ត្រាការងារ៖

ជាការកត់ត្រា នូវរាល់ព្រឹត្តិការណ៍ ដែលបានកើតមានឡើង ចំពោះការងារនរណាម្នាក់ ដូចជា នៅកន្លែងក្រុមហ៊ុន នៅកន្លែងអង្គការ នៅកន្លែងស្ថាប័នរដ្ឋាភិបាល ជាដើម។ សិស្សពូកែ អ្នកកាសែត អ្នកជំនួញ គ្រូបង្រៀន មេទ័ព កវីនិពន្ធ មេដឹកនាំប្រទេស ប្រធានអង្គការល្បីល្បាញ ទាំងឡាយក្នុងលោក សុទ្ធតែបានអនុវត្ត ការកត់ត្រាប្រចាំថ្ងៃ របស់ខ្លួន យ៉ាងខ្ជាប់ខ្ជួន។

៣. តើគេអាចធ្វើកំណត់ត្រាតាមមធ្យោបាយណាខ្លះ?

គេអាចធ្វើកំណត់ត្រា បានតាមមធ្យោបាយសំខាន់ៗ ដូចខាងក្រោម៖
ក. សិលាចារឹក (គំនូរនិងចម្លាក់ថ្ម)
ខ. ស្បែកសត្វ
គ. សៀវភៅសរសេរ
ឃ. ប្រដាប់ថតសម្លេង
ង. ប្រដាប់ថតរូបភាពនិងសម្លេង
ច.កុំព្យូទ័រ

អ្នករៀនខ្លះចូលចិត្ត ធ្វើកំណត់ត្រា​ តាមរយៈ ប្រដាប់ថតសម្លេងអេឡិចត្រូនិក​ តាមកុំព្យូទ័រ  វីដេអូ កូនសៀវភៅ ។

៤. តើពត៌មានសម្រាប់ធ្វើកំណត់ត្រាបានមកពីប្រភពណាខ្លះ?

គេអាចបានប្រភពពត៌មាន សម្រាប់ធ្វើកំណត់ត្រាតាមរយៈ៖
ក. ការគិត
ខ. ការសង្កេត
គ. ការសន្ទនា ឬការសម្ភាស
ឃ. ការស្តាប់
ង. ការជួបប្រទះ(បទពិសោធន៍)
ច. ការអាន

៥. តើកំណត់ត្រាមានលក្ខណៈសម្គាល់ដូចម្តេចខ្លះ? តើគេត្រូវកត់ត្រាពីអ្វី?

កំណត់ត្រាជាទូទៅ វាមិនមានទ្រង់ទ្រាយ ឬរចនាសម្ព័ន្ធច្បាស់លាស់ទេ ។ គេបានកត់ត្រាបញ្ចូល នូវបទពិសោធន៍ប្រចាំថ្ងៃ ការយល់ឃើញអ្វីមួយ និងបញ្ហាដែលគេ បានជួបប្រទះកន្លងមក វាជាប្រវត្តិសាស្ត្រ ឬព្រឹត្តិការណ៍ នៃជីវិតបុគ្គលណាម្នាក់។ គេសរសេរអ្វី តាមរយៈការដឹង ការអង្កេត និងតាមអារម្មណ៍យល់ឃើញ របស់ខ្លួនផ្ទាល់ ដោយចុះកាលបរិច្ឆេទ ទីកន្លែងកើតហេតុ ដំណើរការកើតហេតុ និងគំនិតយល់របស់ បុគ្គលណាមួយ។ អ្នកកត់ត្រា បានសរសេរនូវ អ្វីដែលជាប្រតិកម្មរបស់ខ្លួន ចំពោះព្រឹត្តិការណ៍ នៅក្នុងសៀវភៅតូចនោះ ដោយបង្ហាញ នូវគំនិត ឆន្ទៈ យោបល់របស់ពួកគេ ចំពោះព្រឹត្តិការណ៍នោះ។ មានមនុស្សជាច្រើន ត្រូវបានគេចាប់អារម្មណ៍ តាមរយៈការស្វែងយល់ពី កត្តាចិត្តសាស្ត្រ តាមរយៈកាសិក្សា ពីកំណត់ ហេតុរបស់បុគ្គល។ វាក៏ជាវិធីមួយ នៃការបកស្រាយក្តីស្រមៃ របស់គេដែរ។ អ្នកប្រាជ្ញតែងបន្តការកត់ត្រា កំណត់ហេតុរបស់ខ្លួន ពេញមួយជីវិតរបស់ពួកគេ ។ គេបានអនុវត្តការ កត់ត្រាតាមរយៈផែនចារឹក សៀវភៅកំណត់ហេតុ និងសូម្បីតែប្រដាប់ថតសម្លេង ។

៦. ហេតុអ្វីចាំបាច់ត្រូវមានកំណត់ត្រា?

ការកត់ត្រាមានសារៈប្រយោជន៍ច្រើនយ៉ាងដូចខាងក្រោម

ក. សម្រាប់បុគ្គល

  • ងាយស្រួលតាមដានការរីកចម្រើនរបស់អ្នក៖ ប្រសិនបើអ្នកកំពុងតែបែរឆ្ពោះ ទៅរកគោលដៅ យូរអង្វែងណាមួយ កំណត់ត្រាដ៏សាមញ្ញមួយ គឺពិតជាអាចជួយអ្នកបាន។ តាមរយៈកំណត់ត្រានេះ លោកអ្នកអាចតាមដាន ការរីកចម្រើន របស់លោកអ្នក ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍។ នៅរយៈកាលដំបូង វាប្រហែលជាមិនសូវមើលឃើញ ពីសារៈសំខាន់ប៉ុន្មានទេ។ តែមិនយូរប៉ុន្មាន លោកអ្នកនឹងមាន អារម្មណ៍ថា កំណត់ត្រា ជួយឲ្យអ្នកមានការ រីកចម្រើន។

  • ជួយពិនិត្យពិច្ច័យគំនិតររបស់អ្នក៖ នៅពេលដែលលោកអ្នក មានអារម្មណ៍ មិនសប្បាយចិត្ត ឬក៏មានភាពរសាប់រសល់នោះ កំណត់ត្រា ពិតជាអាចជួយលោកអ្នក ឲ្យបានស្បើយពីទុក្ខកង្វល់ ទាំងនោះ។ កំណត់ត្រាផ្តល់ឱកាស ឲ្យលោកអ្នកពុះជ្រែក ឬជម្រុះចេញនូវអ្វី ដែលអ្នកកំពុងតែគិត ពិតប្រាកដ គឺវាអាចជួយលោកអ្នកញែក ឲ្យដាច់នូវចំនុចល្អនិងអាក្រក់ ជាហេតុធ្វើឲ្យលោកអ្នក មានទស្សនវិស្ស័យ កាន់តែភ្លឺថ្លាជាងមុន។

  • កត់ត្រារឿងរ៉ាវប្រវត្តិសាស្ត្រនៃជីវិតរបស់អ្នក៖ នៅថ្ងៃណាមួយ ឯកសារដែលជាកំណត់ត្រា ទាំងប៉ុន្មានរបស់លោកអ្នក នឹងអាចត្រូវបានគេ ចាប់អារម្មណ៍ មិនថាតែ លោកអ្នកខ្លួនឯង ក្រុមគ្រួសារ និងអ្នកអានសក្តានុពល ផ្សេងៗទៀតឡើយ។ ជាក់ស្តែងលោក អ្នកមិនមែនត្រឹមតែចង់ឲ្យគេអាន ត្រឹមតែពត៌មានទេ តែវាជាកំណត់ត្រាលម្អិត នៃជីវិតរបស់លោកអ្នក។ អ្នកអានទាំងឡាយ នឹងយកលោកអ្នក ធ្វើជាទីសំអាង នាពេលអនាគត។ ការចងចាំរបស់លោកអ្នក នឹងថយចុះ ជាហេតុធ្វើឲ្យរឿងរ៉ាវសំខាន់ៗ របស់លោកអ្នក ក្លាយជារឿងសាមញ្ញ សម្រាប់កូនចៅ របស់លោកអ្នក។ ស្ថិតក្នុងស្ថានភាព នៃការរីកចម្រើន ខាងបច្ចេកវិទ្យា កេរ្តិ៍ឈ្មោះរបស់លោកអ្នក គេនឹងឈប់ទទួលស្គាល់ តែក្នុងពីរបីទសវត្សរ៍។ ដោយឡែក មានតែកំណត់ត្រា ប៉ុណ្ណោះដែលអាចជួយឲ្យកេរ្តិ៍ឈ្មោះ របស់លោកអ្នក នៅតែរស់រវើកបាន។

  • កំណត់ត្រាជួយលោកអ្នកឲ្យមានសម្បជញ្ញៈជាងមុន៖ ប្រសិនបើលោកអ្នក​ នៅតែរក្សាការសរសេរ លើកំណត់ត្រាជាប្រចាំ លោកអ្នក នឹងក្លាយជាមាន សម្បជញ្ញៈល្អជាងមុន លើគំនិតនិងអារម្មណ៍ របស់លោកអ្នក ហើយលោកអ្នកក៏ប្រហែល ជាអាចនឹងទទួលស្គាល់ នូវភាពបរាជ័យ របស់លោកអ្នក ទៀតផង។ ការចេះឆ្លុះបញ្ចាំងពីខ្លួនឯង អាចជួយឲ្យលោកអ្នក មានជីវិតផ្លាស់ប្តូរកាន់តែឆាប់រហ័ស ទៅរកភាពជោគជ័យ និងការរីកចម្រើន មិនថាតែជីវិតផ្ទាល់ខ្លួន ជីវិតរៀនសូត្រ ជីវិតការងារ ឬជីវិតគ្រួសារ។

  • កំណត់ត្រាជួយឲ្យការនិពន្ធរបស់លោកអ្នកកាន់តែប្រសើរ៖ កំណត់ត្រា ស្ទើរតែមួយរយភាគរយ គឺបានជួយឲ្យលោកអ្នក ក្លាយជាអ្នកនិពន្ធដ៏ល្បីឈ្មោះ។ មិនតែប៉ុណ្ណោះ កំណត់ត្រាក៏បានជួយ ឲ្យការសរសេរ របាយការណ៍ការងារ ការសរសេរ លិខិតទំនាក់ទំនង របស់លោកអ្នក មានការរីកចម្រើន កាន់តែខ្លាំងផងដែរ។

ខ. សម្រាប់ក្រុមហ៊ុន

  • កំណត់ត្រាជួយឲ្យអ្នកគ្រប់គ្រង ឬម្ចាស់សហគ្រាស ស្គាល់ការពិតបានកាន់តែច្បាស់ និងងាយស្រួលរក ដំណោះស្រាយ បញ្ហាបានទាន់ពេលវេលា។

  • កំណត់ត្រាជួយសម្រួល ឲ្យប្រព័ន្ធទំនាក់ទំនង បានកាន់តែប្រសើរ។

  • កំណត់ត្រាជួយឲ្យក្រុមហ៊ុន កាន់តែងាយស្រួល ក្នុងការធ្វើផែនការ។

  • កំណត់ត្រាជួយបង្កើនទំនុកចិត្តសម្រាប់អតិថិជននិងដៃគូវិនិយោគផ្សេងៗទៀត។

គ. សម្រាប់អង្គការ រដ្ឋាភិបាល និងសម្រាប់ពិភពលោក

កំណត់ត្រាជួយបង្កើតឲ្យមានឯកសារប្រវត្តិសាស្ត្រសម្រាប់ សហគមន៍ ជាតិ ក៏ដូចជាពិភពលោក។

  • ជួយឲ្យសហគមន៍ ជាតិ និង ពិភពលោក អាចស្រង់បាននូវ បទពិសោធន៍ល្អនានា សម្រាប់ការអភិវឌ្ឍ។

៧. អ្នកណាខ្លះគួរប្រើកំណត់ត្រា?

មនុស្សគ្រប់រូប គឺអាចធ្វើកំណត់ត្រាបានទាំងអស់ មិនថា ចាស់ ក្មេង អ្នកមានការងារធ្វើ គ្មានការងារធ្វើ ស្រី ប្រុស អ្នកមាន អ្នកក្រអ្វីឡើយ។ ព្រោះថា កំណត់ត្រា សំខាន់ណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ។ មានតែកំណត់ត្រាប៉ណ្ណោះ ដែល អាចបញ្ជាក់ពីភាពរីកចម្រើន របស់សង្គមបាន។

៨. តើគេគួរចាប់ផ្តើមសរសេរកំណត់ត្រាបែបណាខ្លះ?

ការធ្វើកំណត់ត្រា គួរត្រូវបានបង្រៀន តាំងពីក្មេងវ័យ និងចាប់ផ្តើមសរសេរ ពីអ្វីដែលអ្នកបានឃើញ បានស្គាល់ បានជួបប្រទះ រាប់ទាំងរឿងល្អ និងរឿងអាក្រក់ ។ តែបើយើង មិនបានចាប់ផ្តើពីមុនមកទេ ក៏ពុំគួរបារម្ភឡើយ។ ចាប់ផ្តើមពេលនេះ ក៏មិនយឺតពេលដែរ។ យើងគួរសរសេរ ចាប់ពីក្រដាសសៀវភៅ សាមញ្ញឡើងទៅ។ អ្វីដែលអ្នកបានគិត កំពុងគិត យើងគួរតែសរសេរ។ អ្វីដែលយើងបានធ្វើ កំពុងធ្វើ នឹងត្រូវធ្វើ យើងគួរតែសរសេរ។ អ្វីដែលយើងចូលចិត្ត ឬមិនចូលចិត្ត ក៏គួរតែសរសេរ ចូលទៅក្នុងកំណត់ត្រា របស់យើង។ អ្វីដែលយើងប្រាថ្នា ឬមិនប្រាថ្នាក៏គួរតែសរសេរ។ អ្វីដែល យើងបានដោះស្រាយ និងមិនទាន់ដោះស្រាយ ក៏គួរតែសរសេរ។

៩. តើគេគួរសរសេរពីអ្វីខ្លះនៅក្នុងកំណត់ត្រា?

យើងគួរកត់ត្រានូវអ្វី ដែលជាការពិត មិនថាពីរឿងខ្លួនឯង ពីអ្នកដទៃ ឬក៏ពីសត្វនិងធម្មជាតិ។ យើងគួរសរសេរពីជីវិត សិក្សា ជីវិតការងារ ស្ថានភាពស្រុកទេស ធម្មជាតិ ជីវិតសត្វ វិទ្យាសាស្ត្រ ស្នេហា គ្រួសារ ដំណើរនៃការគិត និងស្នាដៃទាំងឡាយរបស់មនុស្ស។ យើងគួរធ្វើការកត់ត្រាពីដំណើរជីវិតរបស់សង្គមមនុស្ស ព្រោះថា ការកត់ត្រានេះ នឹងមានប្រយោជន៍ សម្រាប់ការអភិវឌ្ឍ។

១០. គួរប្រុងប្រយ័ត្ន

លោកអ្នក មិនគួរធ្វេសប្រហែស នៅក្នុងការទុកដាក់ និងថែរក្សាកំណត់ត្រា របស់លោកអ្នកឡើយ។ កំនត់ត្រារបស់អ្នក មិនគួរឲ្យអ្នកដទៃ អានផ្តេសផ្តាសឡើយ។ អ្នកទាំងឡាយ ដែលមានសីលធម៌ ជាមនុស្សថ្លៃថ្នូរ មិនត្រូវអានកំណត់ត្រា អ្នកណាម្នាក់ ដោយគ្មានការអនុញ្ញាត ពីម្ចាស់ដើមឡើយ។ កំណត់ត្រា មិនគួរត្រូវបានបាត់បង់ ដោយងាយឡើយ។ ព្រោះថា យើងមិនអាចសរសេររឿងរ៉ាវ ដែលកន្លងហួសយូរមកហើយ បានច្បាស់ដូចកំណតហេតុ ប្រចាំថ្ងៃយើងឡើយ។

សរុបមកកំណត់ត្រា គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ជីវិតមនុស្សយើងម្នាក់ៗ។ កុលបុត្រខ្មែរទាំងឡាយ គួរណាទម្លាប់ធ្វើកំណត់ត្រា ចាប់ពីពេលនេះទៅ ទាំងអស់គ្នា។ មិនយូរប៉ុន្មាន ខ្មែរនឹងកាន់តែមានរឿងរ៉ាវ ជាប្រវត្តិសាស្ត្រកាន់តែ សំបូរបែបសម្រាប់ការអភិវឌ្ឍ ក៏ដូចជាសម្រាប់ ជាបទពិសោធន៍ ដល់អ្នកជំនាន់ក្រោយៗ ទៀតមិនខាន។

និពន្ធន៍ដោយ៖ គល់រាំង -​ ភ្នំពេញ ថ្ងៃ ទី ០៦ មីនា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ ទស្សនាវដ្តី មនោរម្យ ព័ងអ៊ីនហ្វូ
Crédit photo :seasiagroup sur flickr.com

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...