សហគមន៍​​ជម្លោះ​ដី​ធ្លី​៥ រក​អន្តរាគមន៍​ពី ស៊ូប៊ែឌី

នៅថ្ងៃទី២៣ ខែមករានេះ សហគមន៍ដែលកំពុងមានជម្លោះដីធ្លី ចំនួន៥សហគមន៍ បានស្វែងការអន្តរាគមន៍ ពីអ្នក​រាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ជូនពួកគេ ឱ្យបានឆាប់រហ័ស។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])យកការណ៍៖ស្រ៊ុន ទិត្យ-ភ្នំពេញ ថ្ងៃទី២៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 23, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហគមន៍​ដែល​រង​គ្រោះ​នឹង​វិបត្តិ​ដី​ធ្លី​ចំនួន​៥ រួម​មាន​សហគមន៍​បឹង​កក់ បណ្តាញ​អតីត​បឹង​កក់ បុរី​កីឡា​៣​មករា ថ្ម​គោល និង​ព្រះ​វិហារ បាន​ដាក់​របាយ​ការណ៍ ឬញ​ត្តិ​ស្វែង​រក​អន្តរាគមន៍ ពី​លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​ជួយ​អន្តរាគមន៍​ស្វែង​រក​ដំណោះ​ស្រាយ វិបត្តិ​ដីធ្លី​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស។

អ្នកស្រី យោម បុប្ផា តំណាង​សហគមន៍​បឹងកក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ញត្តិ​ដែល​ក្រុម​សហគមន៍​យក​មក​ដាក់​ជូន អ្នក​រាយការណ៍​ពិសេស របស់​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី គឺ​ជា​របាយការណ៍​មួយ អំពី​ការ​អភិវឌ្ឍន៍ ដែល​រដ្ឋាភិបាល​រំលោភ​បំពាន យក​ដី​ធ្លី​ប្រជា​ពលរដ្ឋ​តាម​សហគមន៍​នីមួយៗ ដើម្បី​ឱ្យ​លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី ជួយ​អន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល ជួយ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​ប្រជា​ពលរដ្ឋ។

នេះមិនមែនជាលើកទីមួយទេ ដែលខាងសហគមន៍រងគ្រោះបញ្ហាដីធ្លី បានដាក់ញត្តិរកជំនួយអន្តរាគមន៍ ពី​អ្នករាយការពិសេសអង្គការសហប្រជាជាតិលោក សូរិយា ប្រាសាទ ស៊ូប៊ែឌី។ ប៉ុន្តែញត្តិស្នើសុំទាំងនោះ មិន​បានធ្វើឲ្យមានការប្រែប្រួល ឬអន្តរាគមន៍អ្វីឱ្យមានប្រសិទ្ធភាព ទៅលើសំនុំរឿងដ៏រ៉ាំរ៉ៃទាំងនេះទេ។

ប៉ុន្តែលើកនេះ សកម្មជនដីធ្លី អ្នកស្រី យោម បុប្ផា បានបង្ហាញជំនឿថា៖ «សហគមន៍យើងទាំងអស់ ដែលបាន​ដាក់របាយការណ៍នៅក្នុងថ្ងៃនេះ គឺសង្ឃឹមយ៉ាងមុតមាំតែម្តង ដោយសារថា ទស្សនកិច្ចរបស់លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី លើកនេះ មានឥទ្ធិពលខ្លាំង។ យើងឃើញហើយ សូរិយា ប្រាសាទ ស៊ូប៊ែឌី បានចូលទៅ​ជួបគណបក្សនយោបាយ ហើយបានចុះទៅមូលដ្ឋាន បានចុះទៅសួរសុខទុខប្រជាពលរដ្ឋតាមសហគន៍។»

អ្នកស្រីបន្ថែមថា តាមរយៈការឃើញស្ថានភាពជាក់ស្តែង អ្នកស្រីជឿជាក់ថា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី នឹងអាចជម្រុញទៅកាន់រដ្ឋាភិបាល ឱ្យធ្វើយ៉ាងណាក្នុងការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋរងគ្រោះ។

ខណៈដែលចេញមកទទួលញត្តិ ពីប្រជាពលរដ្ឋទាំង៥សហគមន៍ លោកសូរិយា ប្រាសាទ ស៊ូប៊ែឌី បាន​ថ្លែង​ឱ្យដឹងថា៖ «ខ្ញុំបានយល់ពីបញ្ហានេះខ្លះហើយ ព្រោះបញ្ហាជម្លោះដីធ្លី និងការបណ្តេញចេញហ្នឹង គឺជាបញ្ហា​មួយទាញការចាប់អារម្មណ៍ពីខ្ញុំ។ ខ្ញុំយកចិត្តទុកដាក់ចំពោះរឿងនេះ ព្រោះវាជារឿងក្តៅ»។ ថ្លែងចំពោះមុខអ្នក​ដែលយកញត្តិទៅដាក់នៅព្រឹកនេះ អ្នករាយការពិសេសរូបនេះ បានបញ្ជាក់ថា លោកបានអន្តរាគមន៍ទៅមន្ត្រី​រដ្ឋាភិបាលរួចរាល់ហើយ។ លោកសន្យាថា លោកនឹងពិនិត្យទៅលើញត្តិដែលបានដាក់ជូនជាថ្មីនេះ និងបន្តធ្វើ​ការអន្តរាគមន៍ ជាបន្តទៅទៀត។

លោកបានបន្តថា៖ «ហើយខ្ញុំក៏សូមឱ្យរដ្ឋាភិបាលធ្វើការពិនិត្យលើអ្វី ដែលជាការប៉ះពាល់ទៅលើដីធ្លី មុនពេល​បណ្តេញចេញ ឬធ្វើការអភិវឌ្ឍតំបន់នោះ។ នេះគឺជាអ្វីដែលពួកខ្ញុំត្រូវធ្វើ និងបន្តធ្វើដើម្បីជម្រុញ​ឱ្យមានការ​គោរព និងការដោះស្រាយ។»

មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាល ដើម្បីធ្វើការបកស្រាយបំភ្លឺបានទេ នៅថ្ងៃនេះ។ តែរយៈពេលកន្លងមក លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថាការដោះស្រាយវិបត្តិដីធ្លីទាំងនោះ មានការជាប់គាំងឬអូសបន្លាយ ដោយសារតែបញ្ហាទាំងនោះ មានទាក់ទងនឹងនយោបាយ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ក្រុមសហគមន៍ដីធ្លីទាំង៥ បានដើរជាក្បួនដាក់ញត្តិនៅថ្ងៃនេះ ក៏មានការរារាំង និងការប្រើអំពើហឹង្សា ពីសំណាក់សន្តិសុខផងដែរ ដែលបណ្តាលឱ្យអ្នកតវ៉ាពីរនាក់រងរបួស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...