សម រង្ស៊ី ថា​នឹង​បន្ត​វេន​កិច្ចការ​របស់ ចាន់ សូវ៉េត

នៅចំពោះមុខសាច់ញាតិ ដែលកំពុងធ្វើបុណ្យសពលោក ចាន់ សុវ៉េត នៅវត្ត គ្រោធវន នៅថ្ងៃទី ១១ខែធ្នូព្រឹកម៉ិញនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិ បានថ្លែងថា នឹងបន្តកិច្ចងារដែលលោក ចាន់ សូវ៉េត បានធ្វើកន្លងមក។
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី១១ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 11, 2014
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​សាច់​ញាតិ និង​គ្រួសារ​សព​របស់​លោក ចាន់ សូវ៉េត ថា លោក​នឹង​បន្ត​ការងារ​ដែល​លោក ចាន់ សុវ៉េត បាន​ធ្វើ​កន្លង​មក ទាក់​ទង​ទៅ​នឹង ការ​ការពារ​ព្រៃ​ឈើ សត្វ​ព្រៃ និង​ការពារ​សិទ្ធិ​មនុស្ស​ជា​ដើម។ ការ​ថ្លែង​របស់​មេ​ដឹកនាំ​ប្រឆាំង បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ២០១៤ ក្នុង​ពេល​ដែល​លោក និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត បាន​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​របស់​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ទើប​នឹង​ទទួល​មរណៈភាព កាល​ពី​ម្សិល​ម៉ិញ​នេះ។

បន្ទាប់ពីលោក សម រង្ស៊ី បាន​អុច​ធូប​គោរព​វិញ្ញាណក្ខន្ធសព​លោក ចាន់ សុវ៉េត រួច​រាល់​អស់​ហើយ មេ​ដឹកនាំ​គណៈបក្ស​រូប​នេះ បាន​ថ្លែង​អះអាង​ថា លោក​នឹង​យក​គំរូ​តាម​លោក ចាន់ សូវ៉េត ហើយ​លោក​សង្ឃឹម​ថា វិញ្ញាណខ័ន្ត​របស់​អ្នក​ការពារ​សិទ្ធ​មនុស្ស​ម្នាក់​នេះ នឹង​ងាក​ក្រោយ​មក​ជួយ​ដល់​អ្នក​ដែល​មាន​ឧត្តមគតិ​ដូច​លោក ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។

«ទូកទៅ កំពង់នៅ»

មរណៈភាពរបស់លោក ចាន់ សុវ៉េត ត្រូវបានមជ្ឈដ្ឋានទូទៅ ទាំងសង្គមស៊ីវិល គណបក្សប្រឆាំង និងទាំង​រដ្ឋាភិបាលផង ចាត់ទុកថាជាការបាត់បង់ដ៍ធំធេង សំរាប់ប្រជាពលរដ្ឋខ្មែរ ដោយសារតែលោក ចាន់ សូវ៉េត ធ្លាប់បានបំពេញភារកិច្ចជាច្រើនក្នុងការការពារ សិទ្ធិមនុស្ស និងជួយប្រជាពលរដ្ឋរងគ្រោះ បើទោះជាត្រូវ​រង​ការគំរាមកំហែងគ្រប់បែបយ៉ាងណាក៏ដោយ។ នៅក្នុងពិធីបុណ្យសពរបស់លោក គេបានឃើញ​ពលរដ្ឋដែល​នៅខេត្ត ឬជនបទឆ្ងាយៗ បាននាំគ្នាស្កាត់ ធ្វើដំណើរមកចូលរួមធ្វើបុណ្យសព ដើម្បីគោរពវិញ្ញាណក្ខន្ធសព​លោក ដែលធ្លាប់ជួយពលរដ្ឋរងគ្រោះទាំងនោះ។

លោក សម រង្ស៊ី បានប្រាប់អ្នកសារព័ត៌មានថា លោក ចាន់ សុវ៉េត បានបង្ហាញផ្លូវ និងណែនាំផ្លូវចិត្តយើង​ទាំង​អស់គ្នា ឲ្យមានភាពក្លាហាន អត់ធ្មត់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងការពារសិទ្ធិមនុស្ស ជាពិសេស​អ្នកក្រីក្រទន់ខ្សោយ នៅក្នុងប្រទេសកម្ពុជា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments