ណៃ វ៉ងដា៖ បក្ស​ប្រជាជន ចង់​គាប​ធ្វើ​​ប្រធាន និង​ជា​អគ្គ​លេខាធិការ គ.ជ.ប (vdo)

ហេតុការណ៍ចាប់ចង ដាក់ពន្ធនាគារប៉ុន្មានថ្ងៃនេះ ពិតជាមានគោលដៅរបស់វាច្បាស់លាស់ នោះគឺ​គណបក្ស​ប្រជាជន​កម្ពុជា ចង់គាបគណបក្សសង្គ្រោះជាតិ ឲ្យយល់ព្រម ប្រគល់តំណែងជាប្រធាន និងអគ្គលេខាធិកា គ.ជ.ប មកឲ្យខ្លួន។ នេះ​បើ​តាម​ការ​ថ្លែង​អះអាង របស់មន្ត្រីជាន់ខ្ពស់មួយរូប នៃអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកមួយ។
សកម្មភាពតវ៉ា របស់ពលរដ្ឋ ដើម្បីឲ្យមានការដោះលែងគ្នីគ្នារបស់ពួកគេ ពីពន្ធនាគារ នៅមុខរដ្ឋសភា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤។ (រូបថត monoROOM.info/ S. Tith)
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ វិច្ឆិការ ២០១៤
  • កែប្រែចុងក្រោយ: November 15, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីចាប់ខ្លួនប្រជាពលរដ្ឋ ដែល​សុទ្ធ​សឹង​ជា​សកម្ម​ជន​តវ៉ា ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ចង់​បង្ហាញ​សារ​ខ្លី​មួយ​ថា «រឿង​បញ្ហា​ជម្លោះ​ដី​ធ្លី មិន​ចាំ​បាច់​ធ្វើការ​តវ៉ា​ទេ។ ទោះ​តវ៉ា​យ៉ាង​ណា ក៏​គ្មាន​ដំណោះ​ស្រាយ​អ្វី​ជា​ដំ​កំភួន​ដែរ ហើយ​អាច​ប្រឈម នឹង​ការ​ចាប់​ខ្លួន​ទៀត​។» នេះ​ជា​ការ​លើក​ឡើង​របស់ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ការ​ច្បាប់​របស់​សមាគម ការពារ​សិទ្ធិ​មនុស្ស អាដ​ហុក លោក ណៃ វ៉ងដា ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន  នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ នា​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ។

ប៉ុន្តែ នៅ​ទន្ទឹម​នឹង​«សារ​ខ្លី»​ខាង​លើ លោក ណៃ វ៉ងដា បាន​អះ​អាង​ទៀត​ថា ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​សម្មជន​គណបក្ស​ប្រឆាំង ក៏​ជា​គំនាប​នយោបាយ​មួយ​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​ពន្យល់​ថា កិច្ច​ចរចា​រវាង​គណបក្ស​ទាំង​ពីរ កំពុង​មាន​ដំណើរការ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ចង់​បាន​ប្រៀប​ច្រើន​ជាង​ក្នុង​ការ​ចរចា ដោយ​បក្ស​កាន់​អំណាច​ខ្លួន​ឯង ចង់​ឈរ​ជា​ប្រធាន និង​ឈរ​ជា​អគ្គ​លេខាធិការ នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប។

លោកមើលឃើញថា គណបក្សប្រជាជនកម្ពុជា កំពុងជម្រុញឲ្យគណបក្សសង្គ្រោះជាតិ ឈប់ធ្វើជា​គណបក្ស​ប្រឆាំង ហើយងាកមកធ្វើជាគណបក្សមួយ ដូចគណបក្សហ្វុនស៊ីនប៉ិច។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «អាច​ជាការគាបសង្កត់មួយដែរ ដែលថាគណបក្សប្រឆាំងនេះ មិនគួរធ្វើខ្លួនជាអ្នកប្រឆាំងទេ គួរធ្វើខ្លួនដូច​ហ្វុនស៊ីនប៉ិច​មុនអញ្ចឹង ត្រូវតែល្អូកល្អូន ក្លាយជាបងប្អូននឹងគ្នា គ្មានការតវ៉ា និងគ្មានការទាមទាអ្វីទាំងអស់។»

ក្នុងដើមខែវិច្ឆិកា ឆ្នាំ២០១៤នេះ យ៉ាង​ហោច​ណាស់​មនុស្ស​១៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​មាន​ប្រជា​ពលរដ្ឋ​ជា​ស្រ្តី ចំនួន​១០នាក់ ព្រះ​សង្ឃ​ចំនួន​បី​អង្គ និង​សកម្ម​ជន​គណបក្ស​នយោបាយ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​នាក់ផ្សេង​ទៀត។ ការលើកឡើងខាងលើ របស់លោក ណៃ វ៉ងដា ស្រដៀងគ្នាទៅនឹងមតិ​សាធារណៈជន​មួយផ្នែក និង​គណបក្ស​សង្គ្រោះ​ជាតិផង ដែលបាន​ចាត់​ទុក​ករណី​ចាប់​ខ្លួន​នេះ ថា​ជា​រឿង​«នយោបាយ»។

ប៉ុន្តែ​សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចវិញ បានចាត់ទុកថា ការចាប់​ឃាត់​ខ្លួន​ទាំងនេះ ជាការអនុវត្តច្បាប់ របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងសំណុំរឿងដែលពាក់ព័ន្ធ នឹងអំពើ​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងររបស់បុគ្គលទាំងនោះ។

យ៉ាងណាក៏ដោយ លោក ណៃ វ៉ងដា បានចាត់ទុកថា ការចាប់ខ្លួនប្រជាពលរដ្ឋ ដ៏«ចម្លែក» ដែលធ្វើឡើងដោយ​អាជ្ញាធររដ្ឋាភិបាលកម្ពុជានេះ វាគ្មានចំណេញអ្វីដល់រដ្ឋាភិបាលខ្លួនឯងនោះឡើយ ក្រៅពីការបង្កើនការទាមទារ របស់ប្រជាពលរដ្ឋកាន់តែខ្លាំងក្លាឡើងប៉ុណ្ណោះ៕

សូមស្តាប់ការបកស្រាយទាំងស្រុង រប់លោក ណៃ វ៉ងដា ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...