ឃាតករ​សម្លាប់​ចំណាប់ខ្មាំង​ជាតិ​បារាំង នៅ​អាល់ហ្សេរី ត្រូវ​បាន​ស្គាល់​មុខ

ក្រុមពេជ្ឈឃាត ដែលបានអារ ក សម្លាប់លោក អ៊ែរវ៉េ ហ្គួរដែល (Hervé Gourdel) ចំណាប់ខ្មាំងជាតិបារាំង នៅក្នុង​ប្រទេស​អាល់ហ្សេរី (ទ្វីបអាហ្វ្រិកខាងជើង) ត្រូវបានកំណត់អត្តសញ្ញាបានហើយ។ នេះបើតាមការប្រកាសឲ្យដឹង របស់​អាជ្ញាធរ​ប្រទេសអាល់ហ្សេរី នៅតាមកញ្ចក់ទូរទស្សន៍។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី៣០ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: October 01, 2014
  • ប្រធានបទ: បណ្ដាញភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅ​តាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក​រដ្ឋមន្ត្រី​យុត្តិធម៌​របស់​ប្រទេស​អាល់ហ្សេរី តាយ៉េប លូហ៍ (Tayeb Louh) បាន​ថ្លែង​បញ្ជាក់​ថា៖ «នៅ​ក្នុង​របាយការណ៍​ដំបូង នៃ​ការស៊ើបអង្កេត បាន​អនុញ្ញាត​ឲ្យ​យើង អាច​កំណត់​អត្តសញ្ញាណ សមាជិក​មួយ​ចំនួន នៃ​ក្រុម​ភេវរជន ដែល​បាន​បង្កើត​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​នេះ​ឡើង»។

ចំណាប់ខ្មាំង​ជាតិ​បារាំង លោក អ៊ែរវ៉េ ហ្គួរដែល អាយុ​៥៥ឆ្នាំ ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​ថ្ងៃ​ទី២១ ខែកញ្ញា​កន្លង​​ទៅ នៅ​ចម្ងាយ​ជាង១០០គីឡូម៉ែត្រ ពី​រដ្ឋធានី អាល់ហ្សេ ដោយ​ក្រុម ជូដ អាលឃីឡាហ្វា (Jund al-Khilafa) ហើយ​ត្រូវ​បាន​សម្លាប់ ដោយ​កាត់ ក ដោយក្រុមដដែលនេះ ដើម្បីជាកាយវិការព្រមាន ដល់​ប្រទេស​បារាំង ក្នុងចំណាត់ការយោធា ប្រឆាំងនឹងរដ្ឋអ៊ីស្លាម (និយមតឹង) នាផ្នែកខាងជើងប្រទេសអៀរ៉ាក់។

លោករដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសអាល់ហ្សេរី បានថ្លែងពន្យល់ទៀតថា ការស៊ើបអង្កេតទៅលើករណី​ចាប់​ពង្រត់ និងឃាតកម្មនេះ ត្រូវបានទទួលបន្ទុកដោយ ចៅក្រមស៊ើបអង្កេតមួយរូប ដែលមានជំនាញក្នុង​សំនុំ​រឿង ភេវរកម្ម និងបណ្ដាញឧក្រិដ្ឋកម្មធំៗ។

ការិយាល័យយុត្តិធម៌នៃរដ្ឋធានីអាល់ហ្សេ បានស្នើសុំឲ្យមានដីការតាមចាប់ខ្លួន ជនសង្ស័យទាំងនេះ ហើយ​គណៈកម្មការពិសេសមួយ ត្រូវបានបង្កើតឡើង ដើម្បីកំណត់ឲ្យបាន ពី«ទីកន្លែងដែលត្រូវបានប្រើប្រាស់ ដើម្បីផ្សព្វផ្សាយវីដេអូឃាតកម្ម ឡើងទៅលើបណ្ដាញអ៊ិនធើណែត»។ តុលាការក៏បានបញ្ជាបន្ថែម ទៅកាន់​គណៈកម្មការពិសេសនេះ ដើម្បីកំណត់អត្តសញ្ញាសមាជិកផ្សេងទៀត នៃក្រុមភេវរជន ដែលបានចាប់ពង្រត់ និងសម្លាប់ទេសចរណ៍បារាំង លោក អ៊ែរវ៉េ ហ្គួរដេស។

មុនហេតុការណ៍ឃាតកម្មថតដាក់វីដេអូ ក្រុមភេវរជនអ៊ីស្លាមនិយមជ្រុល បានដាក់ឱសានវាទ​ទៅប្រទេស​បារាំង ឲ្យបញ្ឈប់ក្នុងរយៈពេល២៤ម៉ោង នូវប្រតិបត្តិការយោធា នៅក្នុងប្រទេសអៀរ៉ាក់ ឬបើមិនអញ្ចឹងទេ ពួក​គេ​នឹង​សម្លាប់​លោក អ៊ែរវ៉េ ហ្គួរដេល។ ប៉ុន្តែឱសានវាទនេះ ត្រូវបានប្រទេសបារាំងទាត់ចោល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...