អាយហ្វូន៥៖ មានលក់តែថ្លៃជ្រុលហួស នៅថៃនិងកម្ពុជា

  • ដោយ: សុខជា រស្មី
  • កែប្រែចុងក្រោយ: September 27, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមរយៈកាសែត វ៉ល ស្ត្រ៊ីត ជួណឡ (Wall Street Journal) បានអោយដឹងថា ទូរស័ព្ទដៃស៊េរីចុងក្រោយរបស់អ័បផល មិនទាន់ត្រូវបានដាក់លក់ក្នុងប្រទេសថៃ (ឬក្នុងប្រទេសកម្ពុជា) ជាផ្លូវការនៅឡើយទេ ប៉ុន្តែគេបែរជាឃើញ ទូរស័ព្ទទំនើប ដ៏មានប្រជាប្រិយនេះ មានដាក់លក់រួចមកហើយ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងទីក្រុងបាងកក។


ទូរស័ព្ទទំនើប អាយហ្វូន៥ ពីមុខនៅក្នុងដៃអ្នកប្រើប្រាស់។

ទូរស័ព្ទដែលគេទន្ទឹងចាំប្រើនេះ ត្រូវបាននំាចូលមកពីហុងកុង ពីសាំងហ្កាពួរ រឺ ពីសហរដ្ឋអាមេរិកដោយផ្ទាល់តែម្ដង។ វា ត្រូវបាននំាចូលមកក្នុងប្រទេសថៃ ដោយខុសច្បាប់ ដើម្បីដាក់លក់ក្នុងតំលៃដ៏ថ្លៃ នៅតាមតូបលក់នានា ក្នុងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ម៉ាប៊ុកក្រុង (Mahboonkrong(MBK)) នៅចំកណ្តាលទីក្រុងបាងកក។ កាសែត វ៉ល ស្ត្រ៊ីត ជួណឡ (Wall Street Journal) ជាអ្នកផ្តល់ពត៌មាននេះ ដោយមានសាក្សីជាក់ស្តែង ដែលភាគច្រើនជាពាណិជ្ជករ លក់ទូរស័ព្ទដៃនៅ អឹម ប៊ី ខេ (MBK)។ ទូរស័ព្ទដៃ អាយហ្វូន៥ ទីមួយបានត្រូវដាក់បញ្ចេញមកលក់ តាំងពីយប់ថ្ងៃ ២២ កញ្ញា ហើយដើម្បីអាចទិញវាបាន អតិថិជនដែលសញ្ជឹងត្រូវការទូរស័ព្ទនេះ ត្រូវកក់ប្រាក់ជាមុនចំនួន ៥០០០បាត ត្រូវជា ១២៥អ៊ឺរ៉ូ ទៅអោយអ្នកលក់ជាមុន សិន។

ដើម្បីទទួលបានទូរស័ព្ទដៃ អាយហ្វូន៥ ជាមួយនឹងអង្គចងចាំ ទំហំ៦៤ ជីហ្កាបាយ (64 gigabyte) នៅអំឡុងថ្ងៃនោះ ក្នុងទីក្រុងបាងកក អតិថិជនម្នាក់ត្រូវចំណាយប្រាក់ដល់ទៅ ៤៣ ០០០បាត ត្រូវនឹង ១ ០៧៥អ៊ឺរ៉ូ ឬ១ ៤០០ដុល្លា។ នៅកម្ពុជា ក៏មានការផ្សាយដាក់លក់ ពីការលក់ទូរស័ព្ទថ្មីនេះដែរ តែ«តម្លៃកាប់ឆៅ» មានកំរិតដ៏ខ្ពស់ហួសហេតុ។ នៅតាមបណ្ដាញ គេហទំព័រសង្គមហ្វេសប៊ុក ដែលមនោរម្យព័ងអាំងហ្វូទទួលបាន គឺទូរស័ព្ទ ប្រភេទដូចគ្នានេះ មានតម្លៃ ១ ៦០០ដុល្លា ត្រូវនឹង ១ ២៤៥អ៊ឺរ៉ូ។ បើធ្វើការប្រៀបធៀបគ្នាទៅ នៅហុងកុង ទូរស័ព្ទដៃនេះ ត្រូវគេលក់ក្នុងតំលៃតែ ៧១៤ដុល្លា ត្រូវនឹង ៥៥៦អ៊ឺរ៉ូ ប៉ុណ្ណោះ។

ក្រុមហ៊ុនអ័បផល (Apple) មិនទាន់បានប្រាប់ពីថ្ងៃច្បាស់លាស់ សំរាប់ការដាក់លក់ជាផ្លូវការ នូវទូរស័ព្ទអាយហ្វូន៥នេះ នៅប្រទេសថៃនៅឡើយទេ។ នៅប្រទេសកម្ពុជា គេនៅមិនទាន់ដឹងថា តើក្រុមហ៊ុនណាមួយ ទទួលសិទ្ធលក់ ពីក្រុមហ៊ុន ម្ចាស់ទូរស័ព្ទនេះនៅឡើយ។ តែមុននឹង«តម្លៃកាប់ឆៅ»នេះ ឈានទៅមានកំរិតកាន់តែខ្លាំង និងជ្រុលហួសហេតុនោះ ក្រុមហ៊ុនមិនគួរនឹងដង្អក់ទុកយូរ មិនអន្តរាគម៍នោះទេ។ ហើយអ្នកប្រើប្រាស់ទៀតសោត ក៏មិនគួរនឹងបណ្ដោយខ្លួន អោយ ក្លាយជាចំណីដ៏ឆ្ងាញ់ពិសាររបស់ ក្រុមអ្នក«កាប់តម្លៃឆៅ» ទាំងនេះដែរ។


ទូរស័ព្ទទំនើប អាយហ្វូន៥ ពីខាងក្រោយនៅក្នុងដៃអ្នកប្រើប្រាស់។


ប្រអប់ដាក់ទូរស័ព្ទទំនើប អាយហ្វូន៥។

ប្រទេសជាច្រើនផ្សេងទៀត ដូចជានៅប្រទេសបារាំង ឬនៅសាំងហ្កាពួរទូរស័ព្ទដៃអាយហ្វូនស៊េរី៥ ចាប់ផ្តើមដាក់លក់ តាំងពីថ្ងៃទី២១ ខែកញ្ញាមកម្លេះ។ បើតាមកាសែត ស្រ្តែតថែម (Straits Times) បានបញ្ជាក់ថា កាលពីថ្ងៃ២១ ខែកញ្ញា មានបណ្ដាជននៅសាំងហ្កាពួរយ៉ាងពពាក់ពពូន បានមកឈរតំរង់ជួរគ្នារ តាំងពី១៦ម៉ោងមុន ដើម្បីរង់ចាំការបើកទ្វារ នៅម៉ោង០៨ព្រឹក របស់ហាង ផារ៉ាហ្កនអិមវ៉នស្តរ (Paragon M1 Store)។ មជ្ឈមណ្ឌលពាណិជ្ជកម្ម របស់សាំងហ្កាពួរ មួយនេះ ជាសាខាមួយ ក្នុងចំណោមសាខាឯកសិទ្ធិជាច្រើនផ្សេងទៀត ដែលទទួលបានការចែកចាយទូរស័ព្ទដៃនេះ ដើម្បីចេញលក់ជាផ្លូវការ តាមថ្ងៃដែលបានកំណត់នោះ។ មហាក្រុមហ៊ុនយក្ស ខាងបច្ចេកវិទ្យា អ័បផល របស់អាមេរិក បានប្រកាសកាលពីថ្ងៃទី ១៧ កញ្ញាថា បានទទួលការបញ្ជាទិញទូរស័ព្ទនេះ ចំនួនពីរលានគ្រឿង ពីទូទាំងពីភពលោក ក្នុងរយៈពេលតែ២៤ម៉ោង។

អ្នកវិភាគបានទាយថា អ័បផល ត្រូវការរយៈពេលតែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ សំរាប់ការលក់ទូរស័ព្ទចេញ ចំនួន១០លានគ្រឿង នៅទូទាំងពិភពលោក។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នឹងវិលមកជំរាបលោកអ្នកវិញ ពីការសាកល្បងទូរស័ព្ទទំនើប ស៊េរី៥នេះ ថាតើវាមានអ្វីពិសេសទៅ៕

-------------------------------------------
ដោយ៖ សុជារស្មី - ភ្នំពេញថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...