ទូត​អាមេរិក​ថា ការ​លើក​ឡើង​របស់ ហ៊ុន សែន ជា​រឿង​ឆ្កួតៗ

ការថ្លែងរបស់លោក ហ៊ុន សែន ជុំវិញឃាតកម្មសម្លាប់លោក កែម ឡី និងការគម្រាមលោក ជុន ចាន់បុត្រ ដោយអាមេរិក ឬភ្នាក់ងារសំងាត់អាមេរិកនោះ បានរងប្រតិកម្មមកវិញ យ៉ាងចាស់ដៃ ពីសំណាក់មន្ត្រីការទូតអាមេរិក។ មិនត្រឹមតែប្រតិកម្មប៉ុណ្ណោះទេ តែឯកអគ្គ​រដ្ឋទូត​អាមេរិក ​ប្រចាំ​កម្ពុជា លោក វីល្លៀម ហេដត៍ (​Willaim Heidt​) បានហៅការថ្លែងទាំងនោះ ដែលចេញពីបបូរមាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាគ្រាន់តែជា​«រឿង​ឆ្កួតៗ»​ប៉ុណ្ណោះ។​
ទូត​អាមេរិក​ថា ការ​លើក​ឡើង​របស់ ហ៊ុន សែន ជា​រឿង​ឆ្កួតៗ
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅក្នុងជំនួបកំពូលអាស៊ាន កាលពីខែ១១កន្លងទៅ ក្នុងប្រទេសហ្វីលីពីន។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១៩ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 19, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វា​«​គ្រាន់​តែ​ជា​រឿងឆ្កួតៗ​ ​ហើយ​ជា​រឿង​ដែល​មិន​ចាំបាច់​លើកឡើង​ សម្រាប់ការ​ពិភាក្សា​នោះ​ឡើយ»។ នេះ ជាការថ្លែងឡើង របស់លោក វីល្លៀម ហេដត៍ (Willaim Heidt​) ឯកអគ្គររដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ជុំវិញការលើកឡើងកាលពីថ្ងៃសុក្រ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញករណីឃាតកម្មលើលោក កែម ឡី និងករណីគម្រាមកំហែង ដល់ជីវិត លើលោក ជុន ចាន់បុត្រ នាយករងវិទ្យុអាស៊ីសេរី។

ថ្លែងនៅចំពោះ ពលរដ្ឋខ្មែរ-អូស្ត្រាលីច្រើនរយនាក់ ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នាយករងវិទ្យុអាស៊ីសេរី ដែលលោកហៅឈ្មោះខុសនោះ ថាបានទាក់ទងកូនប្រុសច្បងរបស់លោក និងឧត្ដមសេនីយ៍ម្នាក់ ឲ្យជួយការពារ ដោយប្រយ័ត្នខ្លាច «ពួកអាមេរិកសម្លាប់ដូច កែម ឡី»។

បុរសខ្លាំងកម្ពុជា ដែលចូលចិត្តនិយាយច្រើនម៉ោង តែម្នាក់ឯង បានថ្លែងឡើងដូច្នេះ៖ «ជុន ច័ន្ទបុត្រ​ ​បាន​ទៅ​ជួប​ឧត្តម​សេនីយ៍​ឯក​ ​ម៉ៅ សុផាន់​ ​មេបញ្ជាការ​កង​ពល​តូច​៧០ ​មុន​ ​ជុន ច័ន្ទបុត្រ​ ​ជួប​ ​ហ៊ុន ម៉ា​ណែត​ ​កូនប្រុស​របស់​ខ្ញុំ។​ ​តើ​ ​ជុន ច័ន្ទបុត្រ​ ​គាត់​និយាយ​ថា​ម៉េច​ទេ​ ​គាត់​សុំ​ឲ្យ​ឧត្តម​សេនីយ៍​ឯក​ ​ម៉ៅ សុផាន់​ ​ជួយ​ការពារ​ផង​ ​ប្រយ័ត្ន​ពួក​អាមេរិក​សម្លាប់​ដូច​ ​កែម ឡី។»

តបទៅនឹងការលើកឡើងនេះ លោក វីល្លៀម ហេដត៍ បានថ្លែងជាភាសាអង់គ្លេស ពីខេត្ត​កំពង់​ធំ​ ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យម្សិលម៉ិញ ក្នុងអត្ថន័យជាខេមរភាសាថា៖

«ខ្ញុំចង់និយាយបន្ដិច ​អំពីការអត្ថាធិប្បាយមួយចំនួន ពីប្រទេសអូស្ដ្រាលី កាលពីចុងសប្ដាហ៍នេះ។ ពិតណាស់ ការថ្លែងមួយ​កាលពីថ្ងៃសុក្រ អំពីសហរដ្ឋអាមេរិក និងព្រឹត្តិការណ៍ដ៏សោកសៅ ​អំពីលោក កែម ឡី។ ពិតណាស់ ការថ្លែងទាំងពីរនេះ គឺ​មិនច្បាស់លាស់ និងជាការវាយប្រហារ មកលើសហរដ្ឋអាមេរិក។ អ្នកទាំងអស់គ្នានៅកម្ពុជា សុទ្ធតែដឹងហើយថា យើង​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ផ្នែកប្រជាធិបតេយ្យ យើងគាំទ្រដល់អង្គការសង្គមស៊ីវិល។​ យើងធ្លាប់​បាននិយាយ តាំងដើមមក នៅពេលលោក កែម ឡី ត្រូវបានគេសម្លាប់ យើងបាននិយាយអំពីសារសំខាន់ នៃការបើកការស៊ើបអង្កេត  [លើឃាតកម្មសម្លាប់ លោក កែម ឡី]ដោយតម្លាភាព។»។

» លោក វីល្លៀម ហេដត៍ ឯកអគ្គររដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា៖

ឯកអគ្គរដ្ឋទូតនៃប្រទេសមហាអំណាច បានផ្ដាំទៅ​លោក​ ​ហ៊ុន សែន​ ថា​មិន​គួរ​ថ្លែងពី​ករណី​ទាំង​នេះ ​នៅក្នុង​ប្រទេស​អូស្រ្តាលី ​ដែល​ជា​ប្រទេស​ប្រជាធិប​តេយ្យ​ ​និង​ជា​សម្ព័ន្ធ​មិត្ត របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

លោក ហេដត៍ បានរៀបរាប់ពីករណីលោក ជុន ចាន់បុត្រ បន្តទៀតថា៖ «អាមេរិក​គឺជា​ប្រទេស​មួយ ដែល​​បើក​សេរី​ភាព​ ផ្នែកសារព័ត៌មាន​ខ្លាំង​ជាងគេ នៅ​លើ​ពិភព​លោក។​ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ អ្នក​កាសែតទាំងអស់ មិនមានការ​​ភ័យ​ខ្លាច​នោះ​ទេ។​ ​ដូច្នេះ​ការលើកឡើង​ ដែល​ថា​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​ការភ័យ​ខ្លាច​នោះ​ ​គឺ​គ្រាន់​តែ​ជា​រឿងឆ្កួតៗ​ ​ហើយ​ជា​រឿង​ ដែល​មិន​ចាំបាច់​លើកឡើង ​សម្រាប់ការ​ពិភាក្សា​ នោះ​ឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...