កម្ពុជា៖ គណបក្សនរោត្តមរណឫទ្ធិ ប្ដូឈ្មោះជា «គណបក្សជាតិនិយម»

គណបក្សហ្វុនស៊ីនប៉ិច បានចាប់កំណើត នៅឆ្នាំ ១៩៨១ ក្រោមស្នាព្រះ​ហស្តរបស់​សម្តេចនរោត្តមសីហនុ ហើយជា គណបក្សតែមួយគត់ ដែលជាដៃគូរនៅក្នុងរដ្ឋាភិបាលសព្វថ្ងៃ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រី ខ្មែរ លោក ហ៊ុន សែន។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: August 26, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សនរោត្តមរណឫទ្ធិ ក្នុងប្រទេសកម្ពុជាបានប្ដូឈ្មោះ កាលពីថ្ងៃសុក្រទី២៤សីហា មកជា «គណបក្សជាតិនិយម» វិញ។ គណបក្សនេះក៏បានសម្រេចបោះឆ្នោតផងដែរ លើកអតីតអគ្គលេខាលោក សៅ រ៉ានី អោយឡើងជាប្រធាន គណបក្សនេះ ជំនួសព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលទ្រង់បានប្រកាសជាលើកទីពីរ ក្នុងការដកព្រះកាយចេញពី ឆាកជីវិតនយោបាយ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២កន្លងមក បន្ទាប់ពីបានបរាជ័យ ក្នុងនយោបាយមួយរបស់ ព្រះអង្គ ដែលចង់បម្រួបបម្រួមក្រុមអ្នករាជានិយម។


ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិយាងទៅបោះឆ្នោតកាលពីថ្ងៃ៣មិថុនឆ្នាំ២០១២កន្លងទៅ ក្នុងវត្តមួយនៃរាជធានីភ្នំពេញ។

ការសម្រេចចិត្ត ក្នុងការផ្លាស់ប្ដូរឈ្មោះនេះ បានសំដែងឡើង ក្នុងឱកាសសមាជវិសមញ្ញដ៏ធំមួយរបស់គណបក្ស ដែលបាន ប្រមូលផ្ដុំបណ្ដាសមាជិកសំខាន់ៗ ប្រមាណជា២០០នាក់ មកពីខេត្តក្រុងនានា ក្នុងប្រទេសកម្ពុជា។

លោក សៅ រ៉ានីបានថ្លែងក្រោយពេលជួបប្រជុំនោះថា គណបក្សជាតិនិយមរបស់លោក នឹងបម្រួបបម្រួម ជាមួយនឹង គណបក្សរាជានិយមហ្វុនស៊ីនប៉ិច នៅថ្ងៃទី២៥សីហា បន្ទាប់មក។ លោកបញ្ជាក់ថា ការបម្រួបបម្រួមនេះ​ នឹងអនុញ្ញាតិ អោយបណ្ដាអ្នករាជានិយម បានរួបរួមគ្នាជាធ្លុងមួយ ដើម្បីចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នាខែកក្កដា ឆ្នាំ២០១៣ខាងមុខ។

លោក កែវ ពុទ្ធិរស្មី ប្រធានគណបក្សហ្វុនស៊ីនប៉ិច ក៏បានប្រកាសអបអរសារទរផងដែរថា ការរួបរួមរបស់គណបក្សទាំងពីរ នឹងដាក់បញ្ចប់ នូវការប្រទាំងប្រទើសទាំងឡាយ ដែលកើតមានរវាងក្រុមអ្នករាជានិយមទាំងពីរ។

គួរបញ្ជាក់ថា កាលពីសម័យបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត អណត្តិមុន កាលពីខែកក្កដាឆ្នាំ២០០៨ គណបក្សទាំងពីរ ទទួលបានម្ខាងម្នាក់តែ២អសនះប៉ុណ្ណោះ ក្នុងចំណោមអសនះទាំង១២៣ ក្នុងរដ្ឋសភាជាតិ។

គណបក្សហ្វុនស៊ីនប៉ិច បានចាប់កំណើត នៅឆ្នាំ ១៩៨១ ក្រោមស្នាព្រះ​ហស្តរបស់​សម្តេចនរោត្តមសីហនុ ហើយជា គណបក្សតែមួយគត់ ដែលជាដៃគូរនៅក្នុងរដ្ឋាភិបាលសព្វថ្ងៃ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រី ខ្មែរ លោក ហ៊ុន សែន។

គណបក្សហ្វុនស៊ីនប៉ិច ត្រូវបានដឹកនាំអស់រយះពេលបីអណត្តិ ដោយព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ មុននឹងព្រះអង្គបាន លាលែង ចេញពីគណបក្សនេះនៅឆ្នាំ២០០៦ ទៅបង្កើតជាគណបក្សមួយទៀតឈ្មោះ គណបក្សនរោត្តមរណឫទ្ធិ។ នៅឆ្នាំ១៩៩៣ព្រះអង្គធ្លាប់ជានាយករដ្ឋមន្ត្រីទីមួយ និងជាប្រធានរដ្ឋសភាជាតិ នៅឆ្នាំ១៩៩៨។ ព្រះអង្គជាបុត្ររបស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ និងជាព្រះរាមច្បងរបស់ព្រះមហាក្សត្របច្ចុប្បន្ន គឺព្រះបាទនរោត្តមសីហមុន្នី៕

-------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...