សម រង្ស៊ី ទូល​ស្នើ​​ព្រះរាជា​កុំ​ធ្វើ​តាម​របប​ក្រុង​ភ្នំពេញ

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្ញើរលិខិតមួយច្បាប់ ជាភាសាបារាំង ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ផ្ញើរថ្វាយព្រះមហាក្សត្រកម្ពុជា ដើម្បីស្នើព្រះអង្គ កុំធ្វើតាមរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងស្នើឲ្យព្រះមហាក្សត្រ ធ្វើអន្តរាគមន៍ជំរុញពលរដ្ឋ ឲ្យចេញទៅបោះឆ្នោត។
សម រង្ស៊ី ទូល​ស្នើ​​ព្រះរាជា​កុំ​ធ្វើ​តាម​របប​ក្រុង​ភ្នំពេញ
ពីឆ្វេងទៅស្ដាំ៖ ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី និងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 25, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងលិខិតរបស់លោក សម រង្ស៊ី ដែលសរសេរជាភាសាបារាំង បានសរសេររៀបរាប់ ថ្វាយព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ថាការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាការបោះឆ្នោតក្លែងក្លាយ និងបានទូលស្នើព្រះរាជា កុំធ្វើតាមការស្នើរបស់រដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលចង់ឲ្យព្រះមហាក្សត្រ ចេញធ្វើអន្តរាគមន៍ ជំរុញពលរដ្ឋឲ្យចេញទៅបោះឆ្នោត។

លោក សម រង្ស៊ី ដែលមិនបញ្ជាក់​​ពីតួនាទីរបស់លោកនោះ បានដកស្រង់សេចក្ដីថ្លែងការណ៍ របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីបញ្ហា​សិទ្ធិមនុស្ស​នៅកម្ពុជា ដែលចេញផ្សាយ​កាលពីចុងខែមេសាកន្លងមក មកបញ្ជាក់ថ្វាយព្រះមហាក្សត្រថា៖ «ការបោះឆ្នោតណាមួយ ដែលមិនមានការចូលរួម ពីគណបក្សប្រឆាំងដ៏ធំជាងគេ គឺមិនមែន​ជាការបោះឆ្នោត​ពិតប្រាកដទេ»។

ប្រធានចលនាសង្គ្រោះជាតិ បានហៅការបោះឆ្នោតខាងមុខ ថាត្រូវបានរៀបចំឡើង «បន្តពីនយោបាយផ្តាច់ការ បង្ក្រាបប្រជាពលរដ្ឋ» ហើយជាការបោះឆ្នោត ដែល«កំពុងតែធ្វើឲ្យសង្គមជាតិប្រេះស្រាំ គួរឲ្យបារម្ភ»។ លោក សម រង្ស៊ី បានសរសេរបន្តថា៖ «តំណាងរាស្ត្រជាប់ឆ្នោត ៥៥ រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ៥០០៧ រូប មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានគេដកតំណែង ដោយរំលោភរដ្ឋធម្មនុញ្ញ ពីព្រោះគ្មាននរណាអាចដកតំណែង របស់តំណាងជាប់ឆ្នោត របស់ប្រជារាស្ត្របានទេ ក្រៅពីប្រជារាស្ត្រខ្លួនឯង តាមរយៈការបោះឆ្នោតថ្មី តែប៉ុណ្ណោះ»។

សម្រាប់លោក សម រង្ស៊ី «ប្រជាពលរដ្ឋម្នាក់ៗ ត្រូវមានសិទ្ធិសម្រេចដោយខ្លួនឯងថា ខ្លួនគួរទៅបោះឆ្នោត ឬមិនគួរទៅបោះឆ្នោត ដោយអាស្រ័យថា ការបោះឆ្នោតនោះមានន័យ ឬគ្មានន័យ សម្រាប់ខ្លួនម្នាក់ៗ» ខណៈ​«រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើប្រជាពលរដ្ឋ ដើម្បីជម្រុញប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងការបោះឆ្នោតមួយ ប្រកបដោយភាពចម្រូងចម្រាស់ ពីព្រោះការបោះឆ្នោតនោះ កំពុងតែធ្វើឡើង ដោយជាន់ឈ្លីលើ​លទ្ធិប្រជាធិបតេយ្យ ដើម្បីបម្រើតែផលប្រយោជន៍ គណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ»។

មេដឹកនាំប្រឆាំង ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសបារាំង បានសរសេរថា៖ «ព្រះមហាក្សត្រ ដែលជាទីគោរព របស់ប្រជាពលរដ្ឋជាទូទៅ មិនត្រូវចូលរួមដាក់សម្ពាធបែបនេះ មកលើប្រជាពលរដ្ឋទេ។ សម្ពាធបែបនេះ កំពុងតែទទួលការផ្តន្ទាទោស ពីប្រជាពលរដ្ឋមួយចំនួនធំ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ហើយតាំងចិត្តធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ២០១៨។»។

លោក សម រង្ស៊ី បានរំលឹកយកព្រះរាជតម្រិះ របស់អតីតព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច នរោត្ដម សីហនុ មកបញ្ជាក់ក្នុងលិខិតរបស់លោកថា៖ «ព្រះករុណាព្រះវររាជបិតា តែងតែមានព្រះរាជហឫទ័យ បង្រួបបង្រួមប្រជាជាតិខ្មែរទាំងមូល ជុំវិញព្រះអង្គ។ ឧទាហរណ៍ ដូចជានៅឆ្នាំ ១៩៩៨ និង ២០០៣ ព្រះអង្គបានបដិសេធ មិនយាងទៅបើកសម្ពោធ រដ្ឋសភាថ្មីណាមួយ ដែលមិនមានវត្តមាន អ្នកតំណាងរាស្ត្រជាប់ឆ្នោត មកពីគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេស គណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្ស សម រង្ស៊ី។»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានទូលស្នើដូច្នេះថា៖ «ទូលព្រះបង្គំ សូមព្រះរាជានុញ្ញាត (...) ស្នើព្រះអង្គ​កុំធ្វើតាមអ្វី ដែលរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា កំពុងតែស្នើព្រះអង្គឲ្យធ្វើអន្តរាគមន៍ ដើម្បីជម្រុញប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោត ថ្ងៃ ២៩ កក្កដា ខាងមុខនេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...