បារាំង៖ ស្លាប់​៣នាក់​​និង​របួស​១៦នាក់ ក្នុង​ភេរវកម្ម​ចាប់​ចំណាប់​ខ្មាំង

មនុស្ស៣នាក់ បានស្លាប់ និង១៦នាក់ បានរងរបួស នៅក្នុងហេតុការណ៍ចាប់មនុស្ស ធ្វើជាចំណាប់ខ្មាំងមួយ បានកើតឡើង ក្នុងក្រុង ត្រែប៊េ (Trèbes - Aude) កាលពីរសៀលថ្ងៃសុក្រនេះ។ នេះ បើតាមការអះអាង របស់ប្រធានាធិបតីបារាំង នៅក្នុងការថ្លែងមួយ ទៅកាន់ក្រុមអ្នកយកព័ត៌មាន។
បារាំង៖ ស្លាប់​៣នាក់​​និង​របួស​១៦នាក់ ក្នុង​ភេរវកម្ម​ចាប់​ចំណាប់​ខ្មាំង
ទិដ្ឋភាពនៅខាងមុខផ្សារលក់ទំនិញ «Super U» និងជនសង្ស័យ ឈ្មោះ «Radouane Lakdim» ដែលមានដើមកំណើតពីប្រទេសម៉ារ៉ុក។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 24, 2018
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ប្រទេសរបស់យើង (ប្រទេសបារាំង) បានជួបក្នុងថ្ងៃនេះ នូវភេរវកម្មវាយប្រហារមួយ ដែលមានចរិកឥស្លាមនិយម។ ភ្នាក់ងារនគរបាលម្នាក់ ដែលសុំប្ដូរខ្លួន ជំនួសចំណាប់ខ្មាំង បានរងរបួសដ៏ធ្ងន់ធ្ងរ (...) អារម្មណ៍របស់យើង ដិតជាប់ដោយរូបគាត់ ហើយយើងគិត ទៅដល់គ្រួសាររបស់គាត់។» នេះ ជាការថ្លែងឡើង របស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅក្នុងសន្និសីទកាសែតមួយ ក្នុងល្ងាចថ្ងៃដដែល។

លោកប្រធានាធិបតី បានបន្តថា៖ «តុល្យភាព ដែលយើងដឹងក្នុងពេលនេះ គឺមនុស្ស៣នាក់ បានស្លាប់ និង១៦នាក់ផ្សេងទៀត បានរងរបួស។ កងកម្លាំងរបស់យើង កំពុងខិតខំតាមគ្រប់មធ្យោបាយ ដើម្បីកំណត់អត្តសញ្ញាណ នូវជនដ៏គ្រោះថ្នាក់ទាំងឡាយ និងធ្វើការបង្ក្រាបជនទាំងនោះ។ ការគម្រាមកំហែង នៅតែបន្តមាន តែក៏ត្រូវដឹងដែរ ថាការតបតរវិញ ពីសំណាក់ប្រជាជាតិបារាំង ក៏មានកម្លាំងខ្លាំងក្លាដែរ។»។

ក្នុងរសៀលថ្ងៃសុក្រនេះ ជនម្នាក់ដែលគេស្គាល់អត្តសញ្ញាណ ឈ្មោះ «Radouane Lakdim» អាយុ ២៥ឆ្នាំ និងមានដើមកំណើតមកពីប្រទេសម៉ារ៉ុក បានបើកការវាយប្រហារទៅលើរថយន្ដមួយ ដោយសម្លាប់អ្នកដំណើរម្នាក់ និងធ្វើឲ្យរបួសអ្នកបើកបរ មុននឹងចូលទៅចាប់មនុស្ស ធ្វើជាចំណាប់ខ្មាំង ក្នុងផ្សារលក់ទំនិញ «Super U» ក្នុងក្រុង ត្រែបេរ (Trèbes) ភាគខាងត្បូងនៃប្រទេសបារាំង។ នៅទីបំផុត ជនម្នាក់នេះត្រូវបានកម្លាំងនគរបាលពិសេសបាញ់សម្លាប់ បន្ទាប់ពីជននេះ បានសម្លាប់ចំណាប់ខ្មាំងពីរនាក់ និងធ្វើឲ្យរងរបួសធ្ងន់ធ្ងរ ភ្នាក់ងារនគរបាលម្នាក់ ដែលបានសុំខ្លួន ចូលទៅជំនួសចំណាប់ខ្មាំង។

កងកម្លាំងនគរបាល យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានបញ្ជូន ទៅដាក់ពង្រាយ នៅក្នុងក្រុង និងនៅតំបន់ជុំវិញ ដើម្បីថែរក្សាសុវត្ថិភាព ហើយការសម្រុកចូលទៅឆែកឆេរ ក្នុងលំនៅដ្ឋាន នៃជនសង្ស័យខាងលើ និងគ្រួសារ ក៏ត្រូវបានប្រព្រឹត្តិធ្វើទៅដែរ។

រដ្ឋអាជ្ញាបារាំង ដែលទទួលបន្ទុកសំនុំរឿង ប្រឆាំងភេរវកម្ម បានលើកឡើងថា នៅពេលដែលជនសង្ស័យ បានចាប់មនុស្សធ្វើចំណាប់ខ្មាំង ជននេះបានស្រែក «Allah Akbar (មានន័យថា ព្រះអាឡាហ៍ធំធេងណាស់)» និងបានអះអាងភ្ជាប់ខ្លួន ទៅនឹងអង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS)។

ភ្លាមៗនេះ ទីភ្នាក់ងារឃោសនា របស់ក្រុមរដ្ឋអ៊ីស្លាម បានចេញមុខមកទទួលស្គាល់ការវាយប្រហារខាងលើ។ ទីភ្នាក់ងារនោះ បានសរសេរថា៖ «បុរស ដែលបានបើកការវាយប្រហារ នៅក្រុង ត្រែប៊េ ភាគខាងត្បូងនៃប្រទេសបារាំង ជាយុទ្ធជនរបស់ក្រុមរដ្ឋអ៊ីស្លាម ដែលធ្វើសកម្មភាព តបទៅនឹងការអំពាវនាវ [របស់ក្រុមរដ្ឋអ៊ីស្លាម] ទទូចឲ្យវាយប្រហារ ទៅលើប្រទេសជាសមាជិក នៃក្រុមសម្ព័ន្ធមិត្តប្រឆាំងក្រុមរដ្ឋអ៊ីស្លាម»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...