បន់ស្រន់ «គល់ឈើមានសិល្ប៍»​ ដើម្បីឈ្នះឆ្នោតឡូតូ

បន្ទាប់ពីបានឃើញ នូវមហិទ្ធិរិទ្ធដែល «គល់ឈើមានសិល្ប៍»នេះបានសម្ដែងជាលើកទីមួយ ទៅអោយអ្នកភូមិម្នាក់ បានឈ្នះឆ្នោតឡូតូ (ឬកន្ទុយលេខ) មក បណ្ដាជនប្រមាណជា ពី៤ ០០០ ទៅ ៥​ ០០០នាក់ រួចមកហើយ បានធ្វើដំណើរមកទីនេះ ដើម្បីបន់ស្រន់ និងសុំមហិទ្ធិរិទ្ធពី«គល់ឈើ»នេះ។
បន់ស្រន់ «គល់ឈើមានសិល្ប៍»​ ដើម្បីឈ្នះឆ្នោតឡូតូ
បណ្ដាជន កំពុងយកដៃខ្លួនមកត្រដុស «គល់ឈើមានសិល្ប៍»​នេះ។ រូបថត៖ asie-info.fr
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស​ ថ្ងៃទី២៦ កក្កដា ២០១២
  • កែប្រែចុងក្រោយ: July 27, 2012
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាជនខ្មែរ រាប់សិបនាក់ បានលើកគ្នាភ្លូកទឹកភ្លូកដី មកទទួល បារមីពី«គល់ឈើមានសិល្ប៍»​ នៅក្នុងខេត្តពោធិសាត់ ដើម្បីអាចព្យាបាលជំងឺ ឬបានកន្ទុយលេខ យកទៅលេង ឡូតូ។ បណ្ដាជនគ្រាន់តែយកដៃទៅត្រដុសទៅនឹងគល់ឈើ ដែលមានប្រវែងប្រមាណជា ១៣មែត្រ ដើម្បីសុំអោយបារមី ដែលអ្នកទាំងនោះជឿថា មាននៅជាមួយនឹងគល់ឈើ ដើម្បីអោយខ្លួន បានជាសះស្បើយពីជំងឺតម្កាត់នានា និងបានឈ្នះឆ្នោតឡូតូ។ អ្នកភូមិម្នាក់បានឈ្នះឡូតូ រួចមកហើយ ដោយគ្រាន់តែគាត់បានយកដៃទៅប៉ះ «គល់ឈើមានសិល្ប៍» នេះ តែបន្តិចប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ប្រធានភូមិ នៅភូមិព្រៃយាងនោះ លោកមិនជឿនឹងមហិទ្ធិរិទ្ធនេះទេ។

«គល់ឈើមានសិល្ប៍» នេះ បាន«ផុសចេញពីដី»មក មានសម្បុរសឹងតែពណ៌សរក្បុស ត្រូវបានគ្រួសារមួយរកឃើញ នៅពេលដែលពួកគាត់បានបាចទឹកចេញ ដើម្បីពង្រីងត្រពាំងមួយ កាលពីដើមខែកក្កដានេះ។ បន្ទាប់ពីបានឃើញ នូវ មហិទ្ធិរិទ្ធិដែល «គល់ឈើមានសិល្ប៍»នេះបានសម្ដែងជាលើកទីមួយ ទៅអោយអ្នកភូមិម្នាក់ បានឈ្នះឆ្នោតឡូតូ (ឬកន្ទុយ លេខ) មក បណ្ដាជនផ្សេងទៀត គិតមកទល់ថ្ងៃនេះប្រមាណជា ពី៤ ០០០ ទៅ៥​ ០០០នាក់ បានធ្វើដំណើរមក ភូមិ ព្រៃយាង ដើម្បីបន់ស្រន់ និងសុំមហិទ្ធិរិទ្ធពី«គល់ឈើ»នេះ។ នេះជាការនិយាយប្រាប់ របស់លោក ហ៊ុន នៅ ជាប្រធានភូមិ នៅទីនោះ។ មានអ្នកខ្លះបានយកតម្វាយ មកសែនព្រេនអោយ «គល់ឈើ»នេះ មានដូចជា ក្បាលជ្រូក មាន់ស្ងោរ ជាដើម ដោយសារពួកគាត់គិតថា «គល់ឈើ» ប្រាកដជាមានវេទមន្ដ អោយជួយអោយពួកគាត់បានសំរេច នូវអ្វីដែលគាត់បាន បន់ស្រន់។

លោកហ៊ុន នៅ បានបញ្ជាក់បន្ថែមថា យ៉ាងហោចណាស់ មនុស្សចំនួន១០០នាក់ក្នុងមួយថ្ងៃ បានមកបន់ស្រន់ ហើយ អ្នកខ្លះបាន យកថ្មគុជ មកត្រដុសលើឈើនេះ ក្នុងក្ដីសង្ឃឹមថា​ នឹងឈ្នះឆ្នោតឡូតូ និងជាសះស្បើយពីជំងឺតម្កាត់នានា។ លោក ប្រធានភូមិ បាននិយាយក្នុងនាមលោក ជាអាជ្ញាធរដែនដីថា លោកមិនអាចហាមឃាត់ មនុស្សទាំងនោះបានទេ ដោយ ទំនងមើលទៅ វាអាចប៉ះពាល់ទៅដល់ សិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងជំនឿសាសនា។

លោក ពួក សាវុធ ប្រធានមន្ទីរសាសនា ប្រចាំខេត្តពោធិសាត់ បាននិយាយប្រាប់កាសែតក្នុងស្រុកមួយ ឈ្មោះ ខាំបូឌា ដេលីថា «ខ្ញុំបានសាកល្បង​ និយាយទៅកាន់ពួកគេ ថាវាគ្មានមហិទ្ធិរិទ្ធអ្វីទេ តែពួកគេនៅតែមិនជឿខ្ញុំ។ ពួកគេនៅតែជឿ លើគល់ឈើនោះ ហើយខ្ញុំមិនដឹងថាធ្វើម៉េចទេ។»

កន្លងមក មានរឿងចំលែងផ្សេងទៀតជាច្រើន ដែលបានបង្អើលអោយ បណ្ដាជនខ្មែរ ផ្អើលភ្លូកទឹកភ្លូកដី ធ្វើដំណើរមក បែបន់សុំសេចក្ដីសុខ មានដូចជា ក្បាលទូកផុស អណ្ដើកទេព ពស់វេទមន្ត ព្រះគោចាប់ជាតិ ...។ល។

នៅប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ស្រុកស្រែចំការ ប្រជាពលរដ្ឋខ្មែរនៅមានជំនឿ ស៊ុបនៅឡើយ ទៅលើកំលាំង អរូបិ ដោយសារតែប្រទេសនេះ នៅមានប្រជាជនជាច្រើន រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ និងប្រទេសកម្ពុជា ធ្លាប់មាន ប្រវត្តិកាន់សាសនាព្រាហ្ម ដែលមានប្រភពមកពីប្រទេសឥណ្ឌា។ សាសនានេះ មានលំនាំប្រហាក់ប្រហែល នឹងសាសនា ដើម ដែលខ្មែរម្ចាស់ស្រុកនៅបុរេប្រវត្តិ ធ្លាប់មាន និងគោរពរួចជាស្រេចមកហើយ។

តែមកដល់សតវត្សទី២១នេះ ការមានជំនឿស៊ប់ខ្លាំងពេក ទៅលើកំលាំងអរូបិបែបនេះ នឹងអាចអោយអ្នកទាំងនោះ ក្លាយ ជាមនុស្សខ្វះការពិចារណា​ ខ្វះការតស៊ូ រស់នៅរងចាំព្រេងវាសនា ហើយនៅបន្តមិនយល់ និងមិនព្រមយល់ពីអ្វី ដែល វិទ្យាសាស្រ្តនៃជីវិតពិត ថានឹងអាចផ្ដល់គុណប្រយោជន៍ ដល់ជីវិតខ្លួន។ បញ្ហានេះ អ្នកទទួលខុសត្រូវក្នុងការផ្លាស់ប្ដូរ មិនមាននរណាផ្សេង ក្រៅពីអ្នកដឹកនាំនោះឡើយ ព្រោះថាសង្គមជាតិមួយ ដែលមានប្រជាជនរស់នៅ ខ្វះការ ពិចារណា និងការតស៊ូ នឹងអាចអោយសង្គមជាតិនោះ ខ្វះមូលដ្នានគ្រឹះ និងភាពរឹងប៉ឹង ក្នុងការអភិវឌ្ឍន៍ ក៏ដូចជា នៅក្នុងរាល់ ការប្រឈមមុខផ្សេងៗទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...