អាមេរិក៖ បាញ់សម្លាប់ ដើម្បីស្វាគមន៍ មនុស្សប្រជៀវ ក្នុងថ្ងៃបញ្ចាំងដំបូង

ជននោះបាន ធ្វើសកម្មភាព នៅពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍ ចូលមកថ្ងៃសុក្រទី ២០កក្កដានេះ នៅក្នុងរោងភាពយន្ដមួយ ស្ថិតនៅជាយក្រុង ដែនវ័រ​ (Denver) ក្នុងរដ្ឋ កូឡូរ៉ាដូ (Colorado) ផ្នែកកណ្ដាល ទិសខាងលិចនៃសហរដ្ឋអាមេរិក ក្នុងខណៈពេលចាក់បញ្ចាំងដំបូងរបស់ កំរងខ្សែរភាពយន្ដដ៏ល្បី មានចំណងជើងថា «ការងើបមកវិញ នៃមនុស្សប្រជៀប​ (The Dark Knight rises)»។
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 21, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនម្នាក់បានបើកការបាញ់ប្រហារ ទៅលើហ្វូងមនុស្សជាច្រើននាក់ នៅក្នុងរោងភាពយន្ដមួយ ធ្វើអោយមានស្លាប់ ១២នាក់ និងជាង៥០នាក់ផ្សេងទៀត រងរបួស។


រោងភាពយន្ដ ដែលមានព្រឹត្តិការណ័កើតឡើង នៅរដ្ឋកូឡូរ៉ាដូ។

ជននោះបាន ធ្វើសកម្មភាព នៅពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍ ចូលមកថ្ងៃសុក្រទី ២០កក្កដានេះ នៅក្នុងរោងភាពយន្ដ មួយ ស្ថិតនៅជាយក្រុង ដែនវ័រ​ (Denver) ក្នុងរដ្ឋ កូឡូរ៉ាដូ (Colorado) ផ្នែកកណ្ដាល ទិសខាងលិចនៃសហរដ្ឋអាមេរិក ក្នុងខណៈពេលចាក់បញ្ចាំងដំបូងរបស់ កំរងខ្សែរភាពយន្ដដ៏ល្បី មានចំណងជើងថា «ការងើបមកវិញ នៃមនុស្សប្រជៀប​ (The Dark Knight rises)»។ សកម្មភាពបាញ់ប្រហារនេះ បានបង្កអោយមានការរត់ជ្រួលច្របល់ ក្នុងចំណោមមនុស្ស រាប់រយនាក់ ដែលចង់មកទស្សនាខ្សែរភាពយន្ដនេះ ហើយបានសំលាប់មនុស្ស១២នាក់ និងធ្វើអោយរបួសជាង៥០នាក់។ ជនបង្កហេតុ ត្រូវបានកងកម្លាំងនគរបាល ចាប់ខ្លួនបាននៅម៉ោងបន្ទាប់ក្រោយមក។

លោក ដេន អូទេស (Dan Oates) នាយនគរបាលរបស់តំបន់ អូរ៉ូរ៉ា (Aurora) ដែលរោងភាពយន្ដស្ថិតនៅនោះ បាននិយាយ ថា មានសាក្សីជាច្រើន ដែលឃើញជនបង្កហេតុ បានបោះអ្វីមួយ ដូចជាគ្រាប់បែកផ្សែង នៅពេលជននោះ បានចូលមក ក្នុង បន្ទប់បញ្ចាំងនោះភ្លាម៖ «គេស្ដាប់លឺ ដូចជាសំលេងផ្លុំខ្យល់អ្វីមួយ ចេញមក បន្ទាប់មក គេឃើញផ្សែង បានហុយមក យ៉ាងខ្មួលខ្មាញ់ មុននឹងជននោះបានផ្ទះអាវុធបាញ់ប្រហារ។»

មកដល់ឈុតបាញ់បោះ ទាំងអស់គ្នាស្មានតែ នៅក្នុងកុន

គ្រឹស៍ ចន (Chris Jones) ទស្សនិកជនម្នាក់នៅក្នុងហេតុការណ៍ បាននិយាយប្រាប់ បណ្ដាញទូរទស្សន៍ក្នុងតំបន់ KMGH-TV ថា ការវាយប្រហានៅក្នុងរោងភាពយន្ដនេះ បានកើតឡើង នៅក្រោយការបញ្ចាំងបានចាប់ផ្ដើមបានប្រមាណជា ២០ ទៅ៣០នាទី ក្នុងខណៈដែលអ្នកទស្សនា កំពុងតែចាប់ផ្ដើមស្លុងអារម្មណ៍ជាមួយនឹងសាច់រឿង។ ទស្សនិកជនរូបនេះ បានបន្ថែមថា «មានផ្សែងបានហុយចេញមក ហើយខ្ញុំបានលឺសំលេងផ្ទុះ ផាំង ផាំង ផាំង។ អ្នកបាញ់ ដូចជាមិនចាំបាច់ ប្ដូរបន្ថែមគ្រាប់អីទេ។ ការផ្ទុះអាវុធ ដូចជាមានជាប់រហូតហ្នឺង។»

ទស្សនិកជនម្នាក់ទៀតបានពន្យល់ថា «ភាពយន្ដបានចូលមកដល់ឈុតបាញ់ប្រហារមួយ ហើយនៅពេលលឺការផ្ទុះអាវុធ យើងមិនបានគិតថាជាការបាញ់មែនទែនទេ។ អ្នកខ្លះ នៅបន្ដអង្គុយមើលតទៅទៀតដូចជាអត់មានរឿងអីអញ្ចឹង។ នៅពេល ដឹងថា មានមនុស្សបាញ់គ្រាប់មែនទែននៅក្នុងរោង ទើបនាំគ្នាជ្រួលច្របល់។»

លំនៅដ្ឋាន របស់ជនសង្ស័យ បង្កប់ដោយគ្រឿងផ្ទុះ

នៅក្នុងសេចក្ដីប្រកាសមួយរបស់ នគរបាលរបស់តំបន់ អូរ៉ូរ៉ា បានបង្ហាញពីអត្តសញ្ញាណរបស់ ជនបង្កហេតុថា ជាមនុស្ស ដែលរស់នៅក្នុងភូមិផងរបងជាមួយ ឈ្មោះ ជេម ហូម្ស៍ (James Holmes)។ ជននេះត្រូវបាននគរបាល ចាប់ខ្លួនបានភ្លាមៗ ដោយគ្មានការរើបំរាស់អ្វីឡើយ នៅខាងក្រោយរោងភាពយន្ដនេះ ជាមួយនឹងកាំភ្លើងវែងមួយដើម កាំភ្លើងខ្លីមួយដើម និង ឧបករណ៍បិតមាត់មួយដែរ។ កាំភ្លើងទីបីត្រូវបាន គេរកឃើញ នៅក្នុងរោងបញ្ជាំងនោះ។ ប្រព័ន្ធផ្សព្វផ្សាយបាន បង្ហាញពី រូបថតរបស់ ជេម ហូម្ស៍ មានសម្បុរស្រអែម មានមុខមូល សក់ខ្លី ហើយញញឹមដាក់ម៉ាស៊ីនថត។ ជេម ហូម្ស៍ ជានិស្សិត មួយរូប មកពី សេន ឌឺយេហ្គោ (San Diego) នៅរដ្ឋកាលីហ្វ័រនី (Californie)។


ជនសង្ស័យ ដែលរូបត្រូវគេចាក់ផ្សាយ ជាទូទៅក្នុងបណ្ដាញផ្សព្វផ្សាយ។

ជននេះបានបង្កៃនៅក្នុងលំនៅដ្ឋានរបស់ខ្លួន នូវប្រព័ន្ធជាតិផ្ទុះយ៉ាងស្មុគ្រស្មាញមួយ ដែលធ្វើអោយនគរបាលខ្វល់ខ្វាយ ជាខ្លាំង​ ហើយអាចនឹងប្រើប្រាស់ពេលវេលាជាច្រើនថ្ងៃ ដើម្បីដកប្រព័ន្ធនេះចេញពីអាគារនេះ។ បណ្ដាជនអ្នករស់នៅ ក្នុងអាគារនេះទាំងអស់ ត្រូវគេជម្លៀសចេញ។

អាមេរិក កាន់ទុក្ខចំនួន ៦ថ្ងៃ

តំបន់ អូរ៉ូរ៉ា មានចំងាយប្រមាណជា ៣០គីឡូម៉ែត្រ ពីវិទ្យាល័យ កូឡំប៊ីន។ កាលពីឆ្នាំ១៩៩៩ នៅក្នុងវិទ្យាល័យនេះ មាន ការបាញ់ប្រហារមួយ បានសំលាប់កូនសិស្សចំនួន ១៣នាក់ បង្កដោយក្មេងជំទង់២នាក់ ដែលបានសំលាប់ខ្លួន នៅពេល ក្រោយមក។

សេតវិមាន បានអះអាងថា មិនមានជាប់ទាក់ទងអ្វី នឹងអំពើភេវរកម្មទេ។ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ដែលកំពុងជាប់ឃោសនាបោះឆ្នោត នៅរដ្ឋហ្វល័រីដ បានផ្អាកការយុទ្ធនាការនេះ ដើម្បីត្រឡប់មកសេតវិមាន នៅវ៉ាស៊ីនតោនវិញ។ លោក ម៉ាត៍ រ៉ូមណី (Mitt Romney ) គូរប្រជែងរបស់លោក អូបាម៉ា មកពីគណបក្សសាធារណរដ្ឋ ក៏បានធ្វើដូចលោកអញ្ចឹងដែរ។ លោក បារ៉ាក់ អូបាម៉ា បានបរិហា ពីអំពើហឹង្សាមួយ ដ៏ល្ងិតល្ងង់ ហើយបានអំពាវនាវ អោយពលរដ្ឋអាមេរិក ចូលរួមក្នុងទិវាមួយ នៃការស្មឹងស្មាធ និងការសញ្ជឹងគិត។ ហើយលោក ក៏បានបញ្ចាក់បន្ថែមថា ទង់ជាតិរបស់អាមេរិក នឹងបង្ហូតជាសញ្ញាកាន់ទុក្ខចំនួន ៦ថ្ងៃ។ 

តំបន់ផ្សេងទៀត ក្នុងពិភពលោក ពង្រឹកសុវត្ថិភាព

នៅទីក្រុងញ៉ូយក នគរបាលបានពង្រឹកសុវត្ថិភាព នៅតាមបណ្ដារោងភាពយន្ដ ដែលបញ្ចាំងរឿង «មនុស្សប្រជៀវ» នេះ ដោយខ្លាចថា អាចមានជនណាផ្សេងទៀត អាចយកគំរូធ្វើតាមជាយថាហេតុណាមួយ និងជួយអោយទស្សនិកជន មាន អារម្មណ៍ល្អ។

នៅទីក្រុងប៉ារីស មុននឹងចេញនៅតាមរោង របស់ខ្សែរភាពយន្ដ «មនុស្សប្រជៀវ» ការចាក់បញ្ចាំងដំបូងមួយ  បានត្រៀមធ្វើ នៅថ្ងៃសុក្រទី ២០កក្កដានេះ បានត្រូវលប់ចោល។ ពីទីក្រុងហូលីវូដ ផលិតកម្ម វ៉ាន័រ ប្រាឌ័រ (Warner Brothers) ដែលបាន ផលិតខ្សែរភាពយន្ដនេះ បានបង្ហាញពី ទុក្ខកង្វល់ដ៏ក្រៀមក្រំរបស់ខ្លួន នៅចំពោះការបាញ់សម្លាប់នេះ៕

----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...