កម្ពុជា​​បន្ត​​បញ្ជូន​​កងទ័ព​​ពាក់​​មួក អ.ស.ប. ទៅ​​ប្រទេស​​ម៉ាលី

យោងលើមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ស្ថិតក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ប្រទេស​កម្ពុជាបានសម្រេចថា នឹងបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនចំនួនជិត ៣០០នាក់បន្ថែមទៀត ទៅកាន់ប្រទេសម៉ាលី។ កងនាំមុខចំនួន៣០នាក់ នឹងចេញដំណើរនៅចុងសប្តាហ៍នេះ មុននឹងកងទ័ពផ្សេងទៀត នឹងចេញដំណើរ​នៅចុងខែ​កុម្ភះខាងមុខ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យោងលើមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ស្ថិតក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ប្រទេស​កម្ពុជាបានសម្រេចថា នឹងបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនចំនួនជិត ៣០០នាក់បន្ថែមទៀត ទៅកាន់ប្រទេសម៉ាលី។ កងនាំមុខចំនួន៣០នាក់ នឹងចេញដំណើរនៅចុងសប្តាហ៍នេះ មុននឹងកងទ័ពផ្សេងទៀត នឹងចេញដំណើរ​នៅចុងខែ​កុម្ភះខាងមុខ។


កងមួកខៀវកម្ពុជា​ដែលត្រូវបញ្ជូនទៅបំពេញបេសកកម្ម ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ (រូបថត សុវណ្ណរា)

កងមួកខៀវកម្ពុជា - លោក ប្រាក់ សុខុន ជាប្រធានអាជ្ញាធរបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់កម្ពុជា បានថ្លែង​នៅ​វិមានសន្តិភាព នៅថ្ងៃទី៦ ខែកុម្ភៈ នេះថា ការសម្រេចបញ្ជូនកម្លាំងបន្ថែមទៅបរទេសនៅពេលនេះ គឺជាជំហាន​ថ្មី​មួយទៀត ដែលបានបង្ហាញពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលកម្ពុជា និងពលរដ្ឋកម្ពុជា ក្នុងការរួមចំណែកកាន់តែធំ និងកាន់តែសកម្ម ថែមទៀតដល់ បុព្វហេតុ រក្សាសន្តិភាព និងមនុស្សធម៌ នៅលើពិភពលោក។

ថ្លែងនៅវិមានសន្តិភាព នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ទៅកាន់កងរក្សាសន្តិភាព​ដែលគ្រោងនឹងបញ្ជូន​ទៅកាន់​ប្រទេសម៉ាលីនៅថ្ងៃអាទិត្យខាងមុខនេះ  លោក ប្រាក់ សុខុន បានបញ្ជាក់ថា៖ «ការងារស្នូលរបស់កងរក្សាសន្តិភាព គឺចូល​រួមចំណែករក្សាសន្តិភាព និងរួមចែករំលែកការងារនៅក្នុងក្រុមរបស់ខ្លួន និងក្រុមរបស់ប្រទេសផ្សេងៗទៀត»។

កងកម្លាំងនាំមុខចំនួន៣០នាក់ នឹងចេញដំណើរទៅកាននប្រទេសអាហ្វ្រិកកណ្ដាលមួយនេះ ដើម្បីរៀបចំ​​ការងារ និង​ស្ថានការណ៍ជាមុនសិន មុននឹងកងកម្លាំងសរុបទាំងអស់ចំនួន២៩៨នាក់ នឹងត្រូវបញ្ជូនទៅដល់ប្រទេសដដែលនេះ​នៅចុងខែកុម្ភះនេះ។ នេះបើតាមលោកឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ ហៅ​កាត់តាមភាសាអង់គ្លេស​ថា NPMEC។

គួររម្លឹកថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា បានបញ្ជូនកម្លាំងរក្សាសន្តិភាព ច្រើនរយនាក់ ជាបន្តបន្ទាប់ ដើម្បី​ចូលរួម បេសកម្មរបស់ អង្គការសហប្រជាជាតិ នៅក្នុងប្រទេស ដែលទើបងើបពីសង្គ្រាម ដូចជាប្រទេសស៊ូដង់ ប្រទេសឆាត អាហ្វិកកណ្តាល ប្រទេសលីបង់ និងប្រទេសម៉ាលីជាដើម។ កម្លាំងដែលភាគីកម្ពុជា បញ្ជូនទៅនោះរួម​មានផ្នែកវិស្វកម្ម បោសសំអាតមីន និងសុខាភិបាលផងដែរ តែមិនមានបញ្ជូនកម្លាំងប្រយុទ្ធនោះទេ។

គួរកត់សម្គាល់​ថា ការបញ្ជូនកងទ័ពកម្ពុជា ទៅចូលរួមវិភាគទានជាមួយអង្គការសហប្រជាជាតិ ក្នុងការស្តា និង​អភិវឌ្ឍន៍ បណ្តាប្រទេសដែលទើបងើបពីសង្រ្គាម ជាបន្តបន្ទាប់នោះ បានបង្ហាញឲ្យឃើញ​ពីមោទកភាពរបស់​កម្ពុជា​លើឆាកអន្តរជាតិ ក្នុងវិស័យមនុស្សធម៌។ ហើយក៏បានបង្ហាញពីគុណធម៌ របស់ពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជា​ទាំង​មូលផងដែរ ព្រោះកម្ពុជានៅអំឡុងឆ្នាំ១៩៩៣ ក៏ធ្លាប់ទទួលកងទ័ពមួកខៀវ ក្រោមក្របខណ្ឌអង្គការសហ​ប្រជាជាតិ មកជួយរៀបចំការបោះឆ្នោតរបស់ខ្លួនលើកដំបូង ក្រោយពីបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃជាង២ទសវត្សរ៍នោះមក៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...