សហគមន៍ដីក្រហម៖ ៥​ឆ្នាំ​នៃ​ការ​ឈឺ​ចាប់​នឹង​ការ​បណ្ដេញ​ចេញ នៅ​តែ​គ្មាន​ដំណោះ​ស្រាយ

ខួបប្រាំឆ្នាំនៃការបណ្ដេញប្រជាពលរដ្ឋពីតំបន់ដីក្រហម ដោយបង្ខំពីសំណាក់អាជ្ញាធរចម្រុះរបស់រដ្ឋាភិបាល ក្នុងអាណត្តិទីបួនគិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នេះមានរយៈពេលប្រាំឆ្នាំ ស្មើនឹងមួយអាណត្តិគត់។ ហើយបញ្ហាចម្រូងចម្រាស់នៃការបណ្តេញចេញនេះ នៅមិនទាន់បានគិតគូរ និងដោះស្រាយចប់នៅឡើយទេ នោះ«ព្រោះតែជំងឺសង្គម កើតឡើងពីអំពើពុករលួយជាប្រព័ន្ធ ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់លើ»។ នេះបើតាមការលើកឡើងរបស់ប្រជាសហគមន៍រងគ្រោះ នឹងការបណ្ដេញចេញទាំងនេះ។
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខួបប្រាំឆ្នាំនៃការបណ្ដេញប្រជាពលរដ្ឋពីតំបន់ដីក្រហម ដោយបង្ខំពីសំណាក់អាជ្ញាធរចម្រុះរបស់រដ្ឋាភិបាល ក្នុង​អាណត្តិទីបួនគិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នេះមានរយៈពេលប្រាំឆ្នាំ ស្មើនឹងមួយអាណត្តិគត់។ ហើយបញ្ហា​ចម្រូង​ចម្រាស់នៃការបណ្តេញចេញនេះ នៅមិនទាន់បានគិតគូរ និងដោះស្រាយចប់នៅឡើយទេ នោះ«ព្រោះតែជំងឺ​សង្គម កើតឡើងពីអំពើពុករលួយជាប្រព័ន្ធ ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់លើ»។ នេះបើតាមការលើកឡើង​របស់ប្រជា​សហគមន៍រងគ្រោះ នឹងការបណ្ដេញចេញទាំងនេះ។


ពីធីរម្លឹកខួបប្រាំឆ្នាំ នៃការចាកចេញដោយបង្ខំ និងការឈឺចាប់នៃ«អតីតអ្នកតំបន់ដីក្រហម» ថ្ងៃទី២៤ ខែមករាឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិលំនៅដ្ឋាន - ប្រជាពលរដ្ឋប្រមាណជាងពីររយនាក់ មកពីសហគមន៍ត្រពាំងអញ្ចាញ បូរីសន្តិភាព និងភ្នំបាត ដែលនៅឆ្ងាយនៃជាយក្រុងភ្នំពេញ និងព្រះសង្ឃជាងដប់អង្គ រួមជាមួយនឹងអ្នកបូរីកីឡា ថ្មគោល បឹងកក់ ៣៤៧ បានមកប្រជុំគ្នាធ្វើពីធីរម្លឹកខួបប្រាំឆ្នាំ នៃការចាកចេញដោយបង្ខំ និងការឈឺចាប់នៃ«អតីតអ្នកតំបន់ដីក្រហម» តាម​រយៈការថ្លែងសារនូវទុក្ខលំបាក ពីជីវភាពរស់នៅប្រចាំថ្ងៃក្នុង«លំនៅដ្ឋានថ្មី»។ ជាមួយគ្នានេះ ពួកគាត់​ក៏ស្នើដល់​អាជ្ញាធរ​មានសមត្ថកិច្ចទាំងអស់ ពិសេសអ្នកដែលពាក់ព័ន្ធ ជួយជំរុញឲ្យមានការផ្ដល់កម្មសិទ្ធិដីធ្លីនៅកន្លែងថ្មី និ​ង​រៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់ដែលពួកគាត់កំពុងរស់នៅឲ្យបានឆាប់។

លោក ចាន់ វិចិត្រ តំណាងសហគមន៍ដីក្រហម បានថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មុខ«អតីតទីតាំ​ង​សហគមន៍ដីក្រហម» ដែលស្ថិតនៅខាងជើងស្ថានទូតរុស្ស៊ីថា ប្រាំឆ្នាំមុនការបណ្ដេញអ្នកភូមិដីក្រហម ជារឿងមួយ​អយុត្តិធម៌បំផុត ដែល«មិន»អាចបំភ្លេចបានមកទល់នឹងពេលនេះ។ លោកបានបន្តរថា អតីតអ្នកភូមិដីក្រហម មាន​ការឈឺចាប់ចំពោះទង្វើរបស់អាជ្ញាធរ និងក្រុមហ៊ុនសឺវែនអេនជី(7NG) ដែលបានឈូសឆាយកំទេចផ្ទះសម្បែង សូម្បី​តែចានឆ្នាំងក៏មិនអាចយកបានដែរ។ ការប្រើនូវគ្រឿងចក្រទាំងនោះ បាន«កិន»កម្ទេចចោលអស់ គ្មានសល់សម្ភារៈ​អ្វីឡើយ។ «យើងរស់នៅយ៉ាងវេទនា និងការឈឺចាប់ ជាមួយនឹងការរស់នៅក្នុងទីតាំង នៃការតាំងលំនៅថ្មីនោះ​ឆ្ងាយ​ពីក្រុង។ (…) គេ(រដ្ឋាភិបាល)យកទៅចាក់ចោល ដោយមិនមានមុខរបរច្បាស់លាស់ និងឆ្ងាយពីកន្លែងធ្វើការ។»

អ្នកមីងជា ប៊ុនហឿង ខ្មែរកម្ពុជាក្រោម អតីតអ្នកភូមិដីក្រហម បានឡើងថ្លែងនូវទុក្ខលំបាករបស់ខ្លួន នាពេល​កន្លង​មកនេះថា អ្នកមីងមានបងប្អូនពីរគ្រួសារក្នុងតំបន់ដីក្រហមនេះ។ ដល់ពេលមានការបណ្តេញចេញ គ្រួសារអ្នកមីង​មិនត្រូវបានអាជ្ញាធរដោះស្រាយឲ្យនោះទេ។ សព្វថ្ងៃអ្នកមីងរស់នៅដោយជួលផ្ទះគេ។ «ខ្ញុំសូមឲ្យរដ្ឋាភិបាលគិតគួ និងដោះស្រាយឡើងវិញ ។ សូមកុំឲ្យពួកខ្ញុំរសល់នៅដោយលំបាកបែបនេះ។ តើពាក្យថាអភិវឌ្ឈន៍​ក្រៅពីកម្ទេចផ្ទះ​ប្រជាពលរដ្ឋ មានអ្វីជាការអភិវឌ្ឈន៍នោះ។»

តំណាងសហគមន៍ដីក្រហម លោក ចាន់ វិចិត្រក៏បាន សំណូមពរដល់រដ្ឋាភិបាល ឲ្យបញ្ឃប់នូវរាល់ការ​បណ្តេញចេញ​នៅទូទាំងប្រទេស និងធ្វើការគិតគូរឡើងវិញចំពោះប្រជាពលរដ្ឋ ដែលបានបណ្តេញចេញ។ លោកបញ្ជាក់យ៉ាង​ដូច​នេះថា «អ្វីដែលធ្លាប់សន្យាឲ្យគាត់ (ពលរដ្ឋដែលបានបណ្តេញចេញ) ត្រូវតែឲ្យគាត់។ ហើយត្រូវធានាប្រជា​ពលរដ្ឋ​ដែលជាជនជាតិខ្មែររស់នៅសមរម្យ ឲ្យស្របទៅតាមប្រទេសដែលគោរពនូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។»

តំណាងរូបនេះបានបញ្ជាក់បន្ថែមនូវមូលហេតុចំបង ដែលជំរុញឲ្យអាជ្ញាធរទាំងនោះ ត្រូវតែបណ្តេញប្រជាពលរដ្ឋ​ដី​ក្រហមចេញឲ្យខានតែបាន និងគ្មានសំណងត្រឹមត្រូវ គឺបញ្ហានៃការប្រើអំណាចរំលោភបំពាន សិទ្ធិលំនៅដ្ឋានរបស់​ប្រជាពលរដ្ឋ និងអំពើពុករលួយនៃមន្ត្រីអាជ្ញាធរទាំងនោះ។

ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា បានបង្ហាញថា ការដែលនាំឲ្យ​ប្រជា​ពលរដ្ឋ​ក្រោកឡើងធ្វើការតស៊ូ ទាមទានូវសិទ្ធិ និងសេរីភាពរបស់ខ្លួន ព្រោះតែពួកគាត់បានជួបនូវបញ្ហាក្នុងការស់នៅ និងមិនត្រូវបានដោះស្រាយដោយរដ្ឋាភិបាលនោះ។ មន្រ្តីរូបនេះ បានចាត់ទុកការមិនអើពើ​របស់រដ្ឋាភិបាលចំពោះ​ការរស់នៅរបស់ប្រជាពលរដ្ឋដែលបានបណ្តេញចេញនោះដោយសារតែ «អសមត្ថភាពរបស់រដ្ឋាភិបាល» នូវការ​ដោះស្រាយបញ្ហាជូនពួកគាត់។ លោកបានសង្កត់ធ្ងន់ថា «រដ្ឋាភិបាលមិនបានក្រឡេកមើលឲ្យជ្រៅថា អ្វីដែលជា​បញ្ហា​ពិតរបស់ប្រជាពលរដ្ឋ និងការដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋ។ (…) បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ​ក៏​មិន​ព្រម​ដោះស្រាយ បញ្ហាប្រាក់ឈ្នួលរបស់កម្មករក៏មិនព្រមដោះស្រាយ និងប្រព័ន្ធយុត្តិធម៌ក៏មិនព្រមដោះស្រាយ បែរជា​រដ្ឋាភិបាលដោះ​ស្រាយបញ្ហាទាំងនោះដោយប្រើកម្លាំង ការបាញ់បង្ក្រាប ការសម្លាប់ ការចាប់ប្រជា​ពលរដ្ឋខ្លួន​ឯង​ដើម្បីដាក់គុក។ (…) ទាំងនេះមិនមែនជាដំណោះស្រាយទេ។»

ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបន្តរថា អ្វីដែលជាកង្វល់ អ្វីដែលជាបញ្ហារបស់​ប្រជាពលរដ្ឋ ហើយស្វែងរកពិធីក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «បើរដ្ឋាភិបាល​គ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទេ គួតែចុះចេញពីតំណែង គួរតែលាលែងចេញ​ទៅ ទុក​ឲ្យ​គេធ្វើម្តង។»

ទស្សនាវដ្តីមនោរម្យព័ងអាងហ្វូ នៅមិនទាន់រកប្រតិកម្មតប ពីមន្រ្តីរាជរដ្ឋាភិបាលបាននៅឡើយទេ។ ឯអ្នកនាំពាក្យ​នៃសាលារាជធានីភ្នំពេញ លោក ឡុង ឌី ម៉ង់ លោកកំពុងជាប់ប្រជុំ មិនអាចផ្តល់នូវកិច្ចសម្ភាសបានឡើយ។ ក៏ប៉ុន្តែ លោកផៃ ស៊ីផាន កាលពីកន្លងទៅធ្លាប់បានលើកឡើងថា «ប្រជាពលរដ្ឋ ពិតជាបានដីពិតប្រាកដ។ ហើយរដ្ឋាភិបាល​មិនបានយកពួកគេ ទៅបោះបង់ចោលនោះទេ។»

សូមរម្លឹកថា ប្រជាពលរដ្ឋរស់នៅតំបន់ដីក្រហមប្រមាណជាង១៤៤គ្រួសារ(ខ្នងផ្ទះ) កាលពីថ្ងៃទី២៤ ខែ មករា ឆ្នាំ​២០០៩ ត្រូវបានអាជ្ញាធរចម្រុះក្រុងភ្នំពេញប្រដាប់ដោយអាវុធ ខែល ដំបងឆក់ ព្រមទាំងឡានបាញ់ទឹក បានបណ្តេញ​ពួកគាត់(ប្រជាពលរដ្ឋ)ដោយបង្ខំឲ្យចាកចេញ។ ការបន្តេញចេញនេះ ក្នុងគោលបំណងតែមួយគត់ គឺយកដីទាំងនេះ​ទៅឲ្យក្រុមហ៊ុនសឺវ៉េនអេនជី(7NG)អភិវឌ្ឍ៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...