កម្ពុជា​នឹង​បញ្ជូន​កងទ័ព​២៩៨​នាក់​ពាក់​មួក អ.ស.ប ទៅ​ប្រទេស​ម៉ាលី

កម្ពុជានឹងបញ្ជូនកងទ័ពរបស់ខ្លួន ២៩៨នាក់ ទៅកាន់ប្រទេសម៉ាលី ក្នុងទ្វីបអាហ្វ្រិក នៅក្នុងក្របខ័ណ្ឌជាកងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ នាពេលឆាប់ៗខាងមុខ។ នេះជាការប្រកាសឲ្យដឹងរបស់ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ នៃ​កងទ័ពរបស់ប្រទេស​ក្នុង​ទ្វីបអាស៊ីអាគ្នេយ៍មួយនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្ពុជានឹងបញ្ជូនកងទ័ពរបស់ខ្លួន ២៩៨នាក់ ទៅកាន់ប្រទេសម៉ាលី ក្នុងទ្វីបអាហ្វ្រិក នៅក្នុងក្របខ័ណ្ឌជាកងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ នាពេលឆាប់ៗខាងមុខ។ នេះជាការប្រកាសឲ្យដឹងរបស់ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ នៃ​កងទ័ពរបស់ប្រទេស​ក្នុង​ទ្វីបអាស៊ីអាគ្នេយ៍មួយនេះ។


កងរក្សាសន្តិភាព ក្រោមក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។ (រូបថត un.org)

កងមួកខៀវកម្ពុជា - អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ហៅ​កាត់តាមភាសាអង់គ្លេស​ថា NPMEC លោកឧត្តមសេនីយ៍ សែម សុវណ្ណនី ត្រូវបានដកសម្ដីដោយទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ (xinhua) នៅល្ងាចថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៣នេះ យ៉ាងដូច្នេះថា «នេះជាលើកទីមួយហើយ ដែលប្រទេស​កម្ពុជា​បញ្ជូនទាហានរបស់ខ្លួន ទៅកាន់ប្រទេសម៉ាលី នៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ»។

លោក សែម សុវណ្ណនី បានបញ្ជាក់ថា «សរុបទាំងអស់មានទាហាន១៥៤រូប នៅក្នុងកងពលវិស្វកម្មផ្នែកព្រលានយន្ដហោះ និង១៤៤រូបផ្សេងទៀត នៅក្នុងកងពលបោសសម្អាតមីន និងជាតិផ្ទុះ។ ពួកគេទាំងនេះនឹងត្រូវដាក់ពង្រាយនៅខែធ្នូឆ្នាំនេះ នៅក្នុងប្រទេសម៉ាលី (ស្ថិតនៅផ្នែកកណ្ដាលនៃទ្វីបអាហ្វ្រិក) ទីកន្លែងដែលអាណត្តិរបស់ពួកគេ នឹងចាប់ផ្ដើមនៅខែ​មករា​ខាងមុខ។»

គឺនៅខែមេសាឆ្នាំ២០០៦ ដែលប្រទេសកម្ពុជាបានបញ្ជូនជាលើកទីមួយទៅបរទេស ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នូវ​ទាហាន​ថែរក្សាសន្តិភាព ក្នុងក្រមខ័ណ្ឌរបស់អង្គការសហប្រជាជាតិ។ លោកឧត្ដមសេនីយ៍បានរំលឹកប្រាប់ទៀតថា រហូតមកទល់​នឹង​ថ្ងៃនេះ ប្រទេសកម្ពុជាបានបញ្ជូនទាហានប្រមាណជា ១​ ៦១០នាក់ ទៅប្រទេសស៊ូដង់ ប្រទសស៊ូដង់ខាងត្បូង ប្រទេស​ឆាដ (ទ្វីបអាហ្វ្រិកកណ្ដាល) ទៅលីបង់ និងទៅប្រទេសស៊ីរី។

ប្រទេសម៉ាលី ស្ថិតក្នុងផ្នែកកណ្ដាលខាងលិចនៃទ្វីបអាហ្វ្រិក បានធ្លាក់ខ្លួនក្នុងសភាពផុយស្រួយ និងប្រទាញប្រទង់ បន្ទាប់​ពីមានរដ្ឋប្រហារ​មួយ កាលពីខែមិនាឆ្នាំ២០១២ ដែលធ្វើឲ្យទឹកដីមួយចំនួនធំនៅផ្នែកខាងជើងនៃប្រទេស ត្រូវបានវាយ​ដណ្ដើមកាន់កាប់ដោយ ក្រុមអ៊ីស្លាមនិយមដែលមាននិន្នាការទៅបណ្ដាញភេវរកម្ម ប្រចាំនៅតំបន់ទ្វីបអាហ្វ្រិកខាងជើង។ កាលពីខែមករាដើមឆ្នាំ២០១៣នេះ ប្រទេសបារាំងដែលជាអតីតអាណាព្យាបាលដ៏មានឥទ្ធិពល នៅក្នុងតំបន់ បានឆ្លើយ​តបនឹងការស្រែករកជំនួយរបស់ប្រធានាធិបតីម៉ាលី នៅពេលនោះ ហើយបានបញ្ជូនកងទ័ពរបស់ខ្លួនទៅធ្វើការទប់ទល់ និង​ក្រោយមកបានវាយបំបាក់សឹងតែទាំងស្រុង នូវក្រុមបះបោរអ៊ីស្លាមនិយមទាំងនោះ៕

-------------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...