ទោង​យោង​អ្នក​លេង​ស្គី​មាន​បញ្ហា គ្រវាត់​អ្នក​ជិះ​ដូច​ត្បាល់​កិន

ឧប្បត្តិហេតុមួយ បានកើតឡើង ទៅលើប្រព័ន្ធទោង យោងអ្នកលេងស្គី នៅក្នុងស្ថានីយស្គីមួយកន្លែង ស្ថិតនៅភាគខាងជើង នៃប្រទេសហ្សកហ្សី។ នៅក្នុងហេតុការណ៍នោះ មនុស្ស១០នាក់ បានរងរបួស។
ទោង​យោង​អ្នក​លេង​ស្គី​មាន​បញ្ហា គ្រវាត់​អ្នក​ជិះ​ដូច​ត្បាល់​កិន
ទិដ្ឋភាពគ្រវាត់មនុស្សចេញពីទោងយោងអ្នកលេងស្គី នៅក្រុង «Goudaouri» ភាគខាងជើង នៃប្រទេសហ្សកហ្សី។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 16, 2018
  • ប្រធានបទ: ស្ថានីយស្គី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ថានីយលេងស្គី នៃក្រុង «Goudaouri» ភាគខាងជើង នៃប្រទេសហ្សកហ្សី បានក្លាយជា​ទីលាន​គ្រវាត់​អ្នកលេង​ស្គី ដូចម្សៅដែលខ្ទាតចេញ ពីត្បាល់កិនដូច្នេះ។ វីដេអូជាច្រើន ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញចែករំលែកវីដេអូ យូធូប និងលើបណ្ដាញសង្គម បានបង្ហាញពីរូបភាព ដ៏គួរឲ្យព្រឺព្រួច។

បើតាមសារព័ត៌មាន «Georgia Today» បានឲ្យដឹងថា ប្រព័ន្ធទោងយោងអ្នកលេងស្គី បានវិលធាក់ថយក្រោយ ហើយបន្តិចម្ដងៗ ការវិលមានល្បឿន កាន់តែលឿនទៅៗ ដោយមិនដឹងមូលហេតុ។ ទោងមួយចំនួន បានជាប់កើល មុននឹងទោងផ្សេងទៀត បានបោកខ្លួន ពីលើគ្នាជាបន្តបន្ទាប់។

អ្នកជិះទោងខ្លះ បានដួលធ្លាក់ និងខ្លះទៀតត្រូវបានគ្រវាត់ ចេញពីទោង ខណៈអ្នកជិះជាច្រើន បានជ្រើសរើស ការលោតចេញដោយខ្លួនឯង។ គ្រោះថ្នាក់បានបង្កឲ្យមនុស្ស១០នាក់ រងរបួសស្រាល។ ប៉ុន្តែមនុស្សជាច្រើន នៅក្នុងហេតុការណ៍ បានអះអាង ពីភាពតក់ស្លុតរបស់ពួកគេ។

យុវតីម្នាក់បានថ្លែងថា៖ «ទោងជិះទាំងនោះ បានហោះដោយល្បឿនដ៏លឿន (...) មនុស្សដែលកំពុងជិះ បានលោតចេញពីទោង ខ្លះត្រូវគ្រវាត់ចេញ ខ្លះទៀតបានដួល។ ខ្ញុំមិនដែលជួបរឿងដ៏អាក្រក់ ដូចឋាននរកដូច្នេះទេ ហើយក៏មិនដែលភ័យភិត ដូចបានស្ថិតក្នុងហេតុការណ៍នេះដែរ»។

សារព័ត៌មាន «Huffington Post» សាខាប្រចាំប្រទេសបារាំង បានស្រង់សំដីអ្នកទទួលខុសត្រូវ នៃស្ថានីយលេងស្គី មករាយការណ៍ថា ឧប្បត្តិហេតុខាងលើ បានកើតឡើង ដោយសារម៉ាស៊ីនទាញទោង ជួបបញ្ហា។ ស្ថានីយបានទទួលខុសត្រូវ ចំពោះមនុស្សដែលរងរបួស។ ប៉ុន្តែសម្រាប់ក្រសួងមហាផ្ទៃ នៃប្រទេសហ្សកហ្សីវិញ បានប្រកាសបើកការស៊ើបអង្កេត ដើម្បីស្វែងរកពន្លឺ​ឲ្យច្បាស់ ពីហេតុការណ៍នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...