អាមេរិក-បារាំង ថា​ប្រតិបត្តិការ​នៅ​ស៊ីរី មាន​ភាព​ជោគជ័យ

ការវាយប្រហារ តាមផ្លូវអាកាស និងការបាញ់កាំជ្រួច ពីនាវាចម្បាំង ធ្វើឡើងដោយកងទ័ពអាមេរិក បារាំង និងអង់គ្លេស បានទទួលជោគជ័យ ដោយគោលដៅទាំងប៉ុន្មាន ដែលរងការវាយប្រហារនោះ ត្រូវបានកំទេចទាំងស្រុង។ នេះ បើតាមការប្រកាស របស់មេទ័ពអាមេរិក និងរដ្ឋមន្ត្រីការពារជាតិបារាំង នៅមុននេះបន្តិច។
អាមេរិក-បារាំង ថា​ប្រតិបត្តិការ​នៅ​ស៊ីរី មាន​ភាព​ជោគជ័យ
ទិដ្ឋភាពកាំជ្រួច ហោះនៅក្នុងផ្ទៃអាកាស ពីលើរដ្ឋធានី ដាម៉ាស នៃប្រទេសស៊ីរី។ (រូបថត ផ្តិតពីវីដេអូ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 14, 2018
  • ប្រធានបទ: សង្គ្រាមស៊ីរី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការវាយប្រហារ ដែលចាប់ផ្ដើមធ្វើ តាំងពីយប់ថ្ងៃសុក្រមក ដោយសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស នៅក្នុងប្រទេសស៊ីរី បានកំទេច នូវរាល់គោលដៅ ដែលគ្រោងទុកជាមុន។ នេះ បើតាមការអះអាង របស់មន្ទីរប៉ង់តាហ្គោន (Pentagone - ក្រសួងការពារជាតិអាមេរិក) និងការអះអាង របស់រដ្ឋមន្ត្រីការពារជាតិបារាំង នៅមុននេះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាង ពីការវាយប្រហារមួយ ដែលមានលក្ខណៈ «ល្អឥតខ្ចោះ»។ លោក ត្រាំ បានសរសេរ នៅលើទំព័រទ្វីសធើរ របស់លោកថា៖ «ការវាយប្រហារ តាមផ្លូវអាកាស ត្រូវបានអនុវត្តន៍ ដោយល្អឥតខ្ចោះ កាលពីយប់ម្សិលម៉ិញ។ អរគុណ ប្រទេសបារាំង និងអង់គ្លេស ចំពោះវិចារណញ្ញាណ និងកម្លាំងយោធា របស់ពួកគេ។ យើងមិនអាចមានលទ្ធផលល្អជាងនេះទេ។ បេសកកម្ម បានប្រព្រឹត្តិទៅ ដោយជោគជ័យ។»។

ឧត្ដមសេនីយអាមេរិក និងជាអ្នកទទួលខុសត្រូវមួយរូប របស់មន្ទីរប៉ង់តាហ្គោន លោក «Kenneth McKenzie» បានថ្លែងឡើង នៅក្នុងសន្និសីទសារព័ត៌មាន មុននេះថា ការវាយប្រហារ ប្រឆាំងរបបដឹកនាំ នៅស៊ីរី ពីសំណាក់បស្ចឹមលោក មានលក្ខណៈ «ចំចំណុច សំខាន់ និងប្រកបដោយប្រសិទ្ធិភាព»។

ខាងក្រោមនេះ ជាគោលដៅចំនួនបី ដែលលោក «Kenneth McKenzie» អះអាងថា បានរងការវាយប្រហារ៖

- មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍អាវុធគីមី «Barzah» (នៅក្បែររដ្ឋធានី ដាម៉ាស របស់ប្រទេសស៊ីរី) ត្រូវបានកំទេច ដោយមីស៊ីលចំនួន ៧៦គ្រាប់ ក្នុងនោះ ៥៧គ្រាប់ ជាមីស៊ីល ប្រភេទ «Tomahawks»។

- សហគ្រាសស្តុកទុកអាវុធគីមី «Himshun» (នៅក្បែរក្រុង ហូមស៍ ភាគកណ្ដាល-ខាងលិច នៃប្រទេសស៊ីរី) ត្រូវបានកំទេច ដោយអាវុធចំនួន ២២ ពីសំណាក់កងទ័ពអាមេរិក អង់គ្លេស និងបារាំង។

- លេណដ្ឋានផ្ទុកអាវុធគីមី «Himshun Sar» ត្រូវបានកំទេច ដោយកាំជ្រួចប្រភេទ «Scout» ចំនួន៧គ្រាប់។

លោកឧត្ដមសេនីយ៍អាមេរិក បានបន្តទៀតថា ប្រព័ន្ធការពារអាកាស របស់កងទ័ពរ៉ូស្ស៊ី ដែលមានវត្តមាននៅក្នុងប្រទេសស៊ីរី មិនមានសកម្មភាពទេ ហើយប្រព័ន្ធការពារអាកាស របស់ប្រទេសស៊ីរី បានធ្វើសកម្មភាព នៅក្រោយពេលយុទ្ធនាការ បានបញ្ចប់បេសកកម្មរបស់ខ្លួនទៅហើយ។ លោកថា៖ «គ្មានយន្ដហោះ ឬកាំជ្រួចណាមួយ ដែលត្រូវបានប្រើប្រាស់ ក្នុងប្រតិបត្តិការនេះ បានរកការវាយបកមកវិញ ដោយប្រព័ន្ធការពារអាកាស របស់ប្រទេសស៊ីរីនោះទេ»។

សម្រាប់អ្នកស្រី «Florence Parly» រដ្ឋមន្ត្រីការពារជាតិបារាំង (បញ្ជាក់៖ ក្រសួងការពារជាតិបារាំង ត្រូវបានហៅ ថាជាក្រសួងកងទ័ព ក្នុងរជ្ជកាលប្រធានាធិបតីថ្មី) បានថ្លែង នៅក្នុងសន្និសីទកាសែត កាលពីប៉ុន្មាននាទីមុននេះ ថា៖ «នៅវេលានេះ និងបើតាមព័ត៌មាន ដែលទទួលបាន ខ្ញុំអាចបញ្ជាក់ថា បេសកកម្ម [យោធានៅស៊ីរី] ទទួលបានជ័យជំនះ យ៉ាងជោគជ័យ»។

នៅចំពោះវត្តមាន របស់មេទ័ពបារាំង នៅក្នុងសន្និសីទសារព័ត៌មាននោះ អ្នកស្រីរដ្ឋមន្ត្រី បានថ្លែងបន្តថា៖ «រាល់គោលដៅទាំងឡាយ ត្រូវបានកំណត់ឡើង ដោយម៉ត់ចត់ (...) ដើម្បីជៀសវាង ហនិភ័យ ដែលអាចបង្កើតឲ្យមានជនរងគ្រោះ»។

សម្រាប់ប្រទសរ៉ូស្ស៊ីវិញ បានចាត់ទុកការវាយប្រហារនេះ មិនត្រឹមតែមិនអាចទទួលយកបានទេ តែខុសច្បាប់អន្តរជាតិ និងគ្មានការអនុញ្ញាត ពីក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ។ នេះ បើតាមការថ្លែងឡើង របស់លោក ស៊ែហ្គី ឡាវ្រូវ (Sergueï Lavrov) រដ្ឋមន្ត្រីការបរទេសរ៉ូស្ស៊ី នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃសៅរ៍នេះ។

តាមរយៈតំណាងអចិន្ត្រៃយ៍ របស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិ ប្រទេសរ៉ូស្ស៊ី បានស្នើឲ្យមានការកោះប្រជុំ ក្រុមប្រឹក្សាសន្និសីទ អ.ស.ប ជាបន្ទាន់មួយ ដើម្បីធ្វើការថ្កោលទោស ការវាយប្រហារខាងលើ។ កិច្ចប្រជុំបន្ទាន់នេះ នឹងត្រូវធ្វើក្នុងប៉ុន្មាននាទីខាងមុខ នាទីស្នាក់ការ នៃអ.ស.ប ក្នុងទីក្រុងញ៉ូយក សហរដ្ឋអាមេរិក) ហើយលទ្ធផលយ៉ាងណា នឹងប្រកាសឲ្យដឹង នៅក្នុងពេលបន្ទាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...