អេស្ប៉ាញ យក​ឈ្នះ​អ៊ីតាលី ដោយ​បាល់​កាត់​សេចក្តី​ប៉េណាល់ទី

ក្រុមបាល់ទាត់គោជល់អេស្ប៉ាញ នឹងឡើងទៅជួបប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីពួកគេបានយកឈ្នះក្រុមអ៊ីតាលីដោយបាល់កាត់សេចក្តីប៉េណាល់ទី ដោយលទ្ធផល ៧-៦ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញ។
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់គោជល់អេស្ប៉ាញ នឹងឡើងទៅជួបប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីពួកគេបានយកឈ្នះក្រុមអ៊ីតាលីដោយបាល់កាត់សេចក្តីប៉េណាល់ទី ដោយលទ្ធផល ៧-៦ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញ។


ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្រោយទទួលជ័យជំនះ។ (រូបថត Robert Cianflone - GETTY Image)

កីឡាករបម្រុងអេស្ប៉ាញ ជេសឺស ណាវ៉ាស់ (Jesus Navas) ជាអ្នកទាត់បាល់ប៉េណាល់ទីគ្រាប់ជ័យជំនះបានសម្រេច បន្ទាប់ពីខ្សែការពាររបស់អ៊ីតាលី ឡេអូណាដូ បូណ័កស៊ី (Leonardo Bonucci) ធ្វើឲ្យបាត់បង់គ្រាប់បាល់១គ្រាប់។

គ្រាប់បាល់ទាំង១២គ្រាប់ដំបូង កីឡាករនីមួយៗទាំង២ក្រុម ទាត់បានយ៉ាងល្អនិងគ្មានកំហុសឆ្គងដូចគ្នា មុនពេលដែល​បូណ័កស៊ី ទាត់ទៅប៉ះនឹងរបារទីខាងលើ អ្នកចាំទីអេស្ប៉ាញ អ៊ីកឺ កាស៊ីឡាស់ (Iker Casillas)។

បន្ទាប់ពីអ៊ីតាលីបាត់បង់គ្រាប់បាល់១គ្រាប់ កីឡាករខ្សែបម្រើស្លាបរបស់ក្រុមមេឃខៀវម៉ែនឆេស្ទើ ស៊ីធី (Manchester City)ថ្មី ណាវ៉ាស់ បានទាត់ទម្លុះអ្នកចាំទីអ៊ីតាលីបាស់ហ្វុង (Buffon) បានសម្រេច និងជួយឲ្យអេស្ប៉ាញ ឡើងទៅប៉ះម្ចាស់​ផ្ទះប្រេស៊ីលនៅថ្ងៃអាទិត្យ នាទីក្រុងរីយ៉ូ ដេចិនណេរ៉ូ (Rio de Janeiro)។

អ៊ីតាលី លេងគ្របដណ្តប់លើក្រុមអេស្ប៉ាញយ៉ាងខ្លាំងពេញ៩០នាទី ប៉ុន្តែទោះជាយ៉ាងណាមិនអាចរកគ្រាប់​បាល់​ទម្លុះ​សំណាញ់ទីអេស្ប៉ាញបានទេ ខណៈដែលអវត្តមានខ្សែប្រយុទ្ធឆ្នើមម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) ទៀតនោះ។

រីឯអេស្ប៉ាញ ដែលធ្លាប់យកឈ្នះអ៊ីតាលី ៤-០ ម្តងកាលពីប្រកួតអ៊ឺរ៉ូ២០១២ (Euro 2012) វគ្គផ្តាច់ព្រ័ត្រនោះ ក៏មិនអាចរក​គ្រាប់បាល់បញ្ចូលទីបានដែរ ទាំងក្នុងការប្រកួតពេញ៩០នាទី និងម៉ោងបន្ថែម ធ្វើឲ្យក្រុមទាំង២បញ្ចប់លទ្ធផលត្រឹម ០-០ និងត្រូវកាត់ក្តីដោយបាល់ប៉េណាល់ទី។

រឿងដែលមិនគួរឲ្យជឿថែមទៀតនោះ គឺអ្នកចាំទីលំដាប់កំពូលពិភពលោកទាំង២ក្រុម ទាំងបាស់ហ្វុងរបស់អ៊ីតាលី និង​កាស៊ីឡាស់របស់អេស្ប៉ាញ មិនអាចមានលទ្ធភាពជួយសង្គ្រោះបាល់បានពីកម្លាំងជើង របស់កីឡាករឆ្នើមៗទាំង២​ក្រុម​បានទេ ពោលគឺបានត្រឹមតែចាប់ខ្យល់តែប៉ុណ្ណោះ។

បន្ទាប់ពីជ័យជំនះមួយនេះទៀត យើងឃើញថាក្រុមម្ចាស់ជើងឯកពិភពលោក និងម្ចាស់ជើងឯកអ៊ឺរ៉ុប (អេស្ប៉ាញ) នៅតែ​គ្មានក្រុមណាមួយអាចយកឈ្នះបាននៅឡើយ បន្ទាប់ពីប្រកួតចុងក្រោយ ២៨លើក មិនដែលស្គាល់ពាក្យថា «ចាញ់» សោះ។

ប៉ុន្តែពួកគេនឹងប៉ះក្រុមខ្លាំង ម្ចាស់ជើងឯកពិភពលោក ៥សម័យកាលប្រេស៊ីល នៅថ្ងៃអាទិត្យខាងមុខនេះ។ តើក្រុមគោ​ជល់អេស្ប៉ាញ នៅតែរក្សារបានប្រវត្តិមិនដែលចាញ់បាន ឬយ៉ាងណា? សូមរងចាំមើលលទ្ធផលទាំងអស់គ្នា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...