ប្រធានាធិបតីរ៉ូស្សី ប្រកាស​លែង​លះ​តាម​ទូរទស្សន៍

ប្រធានាធិបតីនៃប្រទេសរ៉ូស្សី និងភរិយារបស់គាត់ បានប្រកាសនៅថ្ងៃព្រហស្សត្តិ៍ទី០៦ខែមិថុនា ថាពួកគាត់បានលែង​លះ​គ្នាបន្ទាប់ពីបានរស់នៅ ជាគូស្វាមីភរិយាអស់រយៈពេលជិត៣០ឆ្នាំមក។
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ប្រធានាធិបតីនៃប្រទេសរ៉ូស្សី និងភរិយារបស់គាត់ បានប្រកាសនៅថ្ងៃព្រហស្សត្តិ៍ទី០៦ខែមិថុនា ថាពួកគាត់បានលែង​លះ​គ្នាបន្ទាប់ពីបានរស់នៅ ជាគូស្វាមីភរិយាអស់រយៈពេលជិត៣០ឆ្នាំមក។


លោកប្រធានាធិបតីនៃប្រទេសរ៉ូស្សី វ្លាឌីមៀរ ពូទីន និងភរិយា។ (ALEXEI NIKOLSKY, ARCHIVES AP/RIA-NOVOSTI)

លោកវ្លាឌីមៀរ ពូទីន (Vladimir Poutine) និងលោកស្រី លីអ៊ូមីឡា ពូទីន (Lioudmila Poutine) បានថ្លែងប្រកាស​ពី​ព្រឹត្តិការណ៍លែងលះគ្នានេះ តាមកញ្ចក់ទូរទស្សន៍ជាតិ បន្ទាប់ពីបានទៅចូលរួមទស្សនាការសម្ដែងល្ខោនបូរាណមួយ នៅវិមានក្រឹមឡាំង (Kremlin)។

លោកប្រធានាធិបតីបាននិយាយថា «វាជាការសម្រេចចិត្តរួមមួយ»។

លោកស្រី លីអ៊ូមីឡា ពូទីន មិនសូវចេញមុខជាសាធារណៈទេ បើប្រៀបធៀបនឹងកិច្ចការ មុខតំណែងរបស់ស្វាមីរបស់​លោកស្រី ក្នុងថានៈជាមេដឹកនាំដ៏កំពូលរបស់ប្រទេសរ៉ូស្សី។

លោកស្រីបាននិយាយថា «ខ្ញុំមិនចូលចិត្តការផ្សព្វផ្សាយ តាមបែបពាណិជ្ជកម្មនោះទេ។ ហើយជិះយន្ដហោះ ជារឿងមួយ​ពិបាកណាស់សម្រាប់ខ្ញុំ។»

លោកវ្លាឌីមៀរ និងលីអ៊ូមីឡា ពូទីន បានរៀបការជាមួយគ្នានៅថ្ងៃទី២៨ខែកក្កដាឆ្នាំ១៩៨៣ ហើយមានកូនស្រីពីនាក់ គឺនាង ម៉ារីយ៉ា (Maria) និងនាងអេកាតេរីណា (Ekaterina)។ ក្នុងខណៈនៃការប្រកាសលែងលះគ្នានោះ លោកប្រធានាធិបតី​ទំនង​ជាចង់លាក់មិនឲ្យគេដឹងទេ ដែលផ្ទុយពីលោកស្រីលីអ៊ូមីឡា បានថ្លែងបញ្ជាក់រឿងនេះ ជាមួយនឹង​ស្នាម​ញញឹម។

លោកពូទីន បានពន្យល់ទៀតថា «យើងមិនសូវបានជួបគ្នាទេ។ ម្នាក់ៗមានជីវិតរៀងៗខ្លួន។» ចំណែកឯលោកស្រីពូទីន វិញ បានបន្ថែមថា «យើងនៅតែមានមនោសញ្ចេតនា ជិតគ្នារវាងពីម្នាក់ទៅម្នាក់ទៀត។ ខ្ញុំទទួលស្គាល់ពីការកម្លាំងចិត្ត ដែលវ្លាឌីមៀរបានផ្ដល់មកឲ្យខ្ញុំ៕»

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments