៤ក្រុម​ចុង​ក្រោយ​ដើម្បី​ដណ្ដើម​ពាន​អ៊ឺរ៉ុប «Europa League»

ក្រុមបាល់ទាត់ចំនួនបួន មកពីបួនប្រទេស មានប្រទេសអូទ្រីស អង់គ្លេស អេស្ប៉ាញ និងប្រទេសបារាំង បានទទួលសំបុត្រ សម្រាប់ឡើងទៅប្រកួត នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌពានអ៊ឺរ៉ុប «Europa League» ប្រចាំឆ្នាំ២០១៧-២០១៨នេះ។ ក្រុមទាំងបួន មានក្រុម «Red Bull Salzbourg» ក្រុម «Arsenal» ក្រុម «Atlético Madrid» និងក្រុម «Olympique de Marseille»។
៤ក្រុម​ចុង​ក្រោយ​ដើម្បី​ដណ្ដើម​ពាន​អ៊ឺរ៉ុប «Europa League»
ពីឆ្វេងទៅស្ដាំ៖ កីឡាករ របស់ក្រុម «Arsenal» និងកីឡាករ របស់ក្រុម «Atlético Madrid» ដែលហាក់បានដឹងខ្លួនមុនគេ ថាបានឡើងទៅ១ភាគ២ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Europa League»។
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 13, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានស្គាល់បួនក្រុម នៅក្នុងវគ្គ១ភាគ២ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨ កាលពីយប់​ម្សិលម៉ិញរួច នៅយប់នេះ ពិភពបាល់ទាត់អ៊ឺរ៉ុប បានស្គាល់ក្រុមបាល់ទាត់ចំនួនបួនទៀត ដែលត្រូវឡើងទាត់ នៅវគ្គ១ភាគ២ ក្របខណ្ឌដណ្ដើមពាន «Europa League» ដែរ។ ក្រុមទាំងបួន ដែលមកពីបួនប្រទេស មានក្រុម «Red Bull Salzbourg» របស់ប្រទេសអូទ្រីស ក្រុម «Arsenal» របស់ចក្រភពអង់គ្លេស ក្រុម «Atlético Madrid» របស់ប្រទេសអេស្ប៉ាញ និងក្រុម «Olympique de Marseille» របស់ប្រទេសបារាំង។

 

ក្រុម «Red Bull Salzbourg» បានដណ្ដើមសំបុត្រ ឡើងទៅទាត់នៅវគ្គបន្ត បន្ទាប់ពីបានបំបាក់ក្រុម «Lazio» របស់ប្រទេសអ៊ីតាលី នៅក្នុងផ្ទះខ្លួនឯង (ក្នុងក្រុង "Salzbourg" ប្រទេសអូទ្រីស)។ ដូចគ្នាដែរ គឺក្រុម «Olympique de Marseille» បានបំបាក់ក្រុម «Leipzig» នៅក្នុងផ្ទះខ្លួនឯង (ក្រុង "Marseille" ប្រទេសបារាំង) ដោយពិន្ទុយ៉ាងធ្ងន់ធ្ងរ ៥-២។ រីឯក្រុម «Arsenal» ហៅក្រុមកាំភ្លើងធំ និងក្រុម «Atlético Madrid» សុទ្ធតែទៅដណ្ដើមសំបុត្រ​ ឡើងទៅប្រកួតនៅវគ្គបន្ត នៅក្នុងផ្ទះរបស់គូប្រកួត (ក្រុម "Arsenal" ទល់នឹងក្រុម "CSKA Moskva" ក្នុងពិន្ទុ ២-២ - ក្រុម "Atlético Madrid" ទល់នឹងក្រុម "Sporting CP" ក្នុងពិន្ទុ ០-១)។

ក្រុមទាំង៨ចុងក្រោយ ក្នុងក្របខណ្ឌទាំងពីរ («Champions League» និង«Europa League») នឹងត្រូវយកមកចាប់ឆ្នោត នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមេសាស្អែកនេះ ដើម្បីដឹងថា តើក្រុមណានឹងត្រូវជួបជាមួយក្រមណា សម្រាប់ឈានទៅប្រកួតផ្ដាច់ព្រ័ត្រ នៅក្នុងខែខាងមុខ៕

» ទស្សនាវីដេអូសង្ខេប នៃការប្រកួតរវាងក្រុម «Red Bull Salzbourg» និងក្រុម «Lazio»៖

» ទស្សនាវីដេអូសង្ខេប នៃការប្រកួតរវាងក្រុម «CSKA Moskva» និងក្រុម «Arsenal»៖

» ទស្សនាវីដេអូសង្ខេប នៃការប្រកួតរវាងក្រុម «Sporting CP» និងក្រុម «Atlético Madrid»៖

» ទស្សនាវីដេអូសង្ខេប នៃការប្រកួតរវាងក្រុម «Olympique de Marseille» និងក្រុម «Leipzig»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...