កូរ៉េ​ខាង​ជើង​​ធ្វើ​បុណ្យ​អោយ​មេ​ដឹក​នាំ ខណៈ​វ៉ាស៊ីតោន​ស្នើ​អោយ​ឈប់​លេង​ភ្លើង

ប្រធានាធិបតីអាមរិក លោកបារ៉ាក់ អូបាម៉ា បាន អំពាវនាវអោយទីក្រុងព្យុងយ៉ាង អោយផ្លាស់ប្ដូរគំនិត នៅក្នុងជំនួបមួយ​នៅសេតវិមាន ជាមួយនឹងលោកបាន គី-មូន (Ban Ki-moon) អគ្គលេខាធិការនៃអ.ស.ប.។ លោកបានថ្លែងថា «យើងទាំង​ពីរនាក់ យល់ព្រម នៅលើចំនុច ដែលថាវាដល់ពេលសម្រាប់ប្រទេសកូរ៉េខាងជើង អោយបញ្ឈប់ទៅ នូវរបៀបសម្លុត​គម្រាមកំហែង ដែលមានសព្វថ្ងៃ»។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកូរ៉េខាងជើង បានពញ្ញាក់ពិភពលោកបន្ថែមទៀត នៅថ្ងៃព្រហស្បត្តិ៍នេះ ជាមួយនឹងពិធីបុណ្យអបអរមេដឹកនាំ ទាំង​ស្លាប់ទាំងរស់ របស់ខ្លួន ដោយមិនខ្ចីរវល់ នឹងសំនើសុំរបស់ទីក្រុងវ៉ាស៊ីនតោន អោយបញ្ឈប់«ការលេងភ្លើង» និងបោះបង់​ចោល ការបាញ់សាកល្បងកាំជ្រួច។


ទាហានកូរ៉េខាងជើង ក្នុងការត្រៀមជើងការរបស់ខ្លួន។

ប្រធានាធិបតីអាមរិក លោកបារ៉ាក់ អូបាម៉ា បាន អំពាវនាវអោយទីក្រុងព្យុងយ៉ាង អោយផ្លាស់ប្ដូរគំនិត នៅក្នុងជំនួបមួយ​នៅសេតវិមាន ជាមួយនឹងលោកបាន គី-មូន (Ban Ki-moon) អគ្គលេខាធិការនៃអ.ស.ប.។ លោកបានថ្លែងថា «យើងទាំង​ពីរនាក់ យល់ព្រម នៅលើចំនុច ដែលថាវាដល់ពេលសម្រាប់ប្រទេសកូរ៉េខាងជើង អោយបញ្ឈប់ទៅ នូវរបៀបសម្លុត​គម្រាមកំហែង ដែលមានសព្វថ្ងៃ»។

ចំណែកលោក បាន គី-មូន វិញ បានអំពាវនាវ ទៅប្រទេសជិតខាងដូចជាចិន ដែលអាចមានទម្ងន់លើកូរ៉េខាងជើង អោយ​ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននេះ ដើម្បីស្ថានភាពត្រូវបានដោះស្រាយដោយអហឹង្សា។

បើតាមនាយកផ្នែកព័ត៌មានរបស់អាមេរិក ជេម ក្លាព័រ (James Clapper) បាននិយាយថា ប្រទេសចិនត្រូវបាន​ធ្វើអោយ​«ខឹង» ដោយការបង្កហេតុរបស់សម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែនៅមិនទាន់គិតថា នឹងបោះបង់ចោលការគាំទ្ររបស់ខ្លួន ចំពោះ​របបទីក្រុងព្យុងយ៉ាងនៅឡើយទេ។ នៅមុខសភា លោកបាននិយាយថា «ប្រទេសចិន មានមេដឹកនាំថ្មី ហើយព័ត៌មាន​ដែលយើងមាន បានបង្ហាញថា ប្រទេសនេះត្រូវបានធ្វើអោយក្ដៅក្រហាយ ដោយចរិករឹងរូស និងពាក្យសម្ដីថ្លោសៗ ចង់​បង្កសង្គ្រាម របស់គីម ជុន-អ៊ុន (Kim Jong-un)»។ លោកបានប្រកាសបន្ថែមថា «ផ្ទុយពីឪពុករបស់ខ្លួន ខ្ញុំគិតថា គីម ជុង-អ៊ុន បានមើលស្រាល ការខឹងសម្បា និងការងាកចេញរបស់ចិន ដែលនឹងឈប់លែងគាំទ្រខ្លួន»។

គីម ជុង-អ៊ុន ជាកូនចៅជំនាន់ទី៣ នៃគ្រួសារត្រកូលគីម ដែលបានឡើងមកធ្វើជា«អធិរាជតពូជ» នៃប្រទេសកុម្មុយនីស​កូរ៉េខាងជើង នៅខែមេសាឆ្នាំ២០១២កន្លងទៅ បន្ទាប់ពីឪពុកលោក គីម ជុង-អ៊ីល បានទទួលមរណភាពនៅខែធ្នូ២០១១។ ទិន្នានុប្បវត្តិ៍ផ្លូវការ របស់បក្សកុម្មុយនីសឈ្មោះ រ៉ូដុង ស៊ីនមូន (Rodong Shinmun) បានសរសេរអួតសរសើរពី មេដឹកនាំ​វ័យក្មេងរូបនេះ ថាជាបុរស«ចេះក្ដាប់សភាពការណ៍ និងមានសមាណចិត្តល្អ លេខមួយ» ដោយបានលើកយកពីជោគជ័យ ដែលបានធ្វើកន្លងមក ក្នុងការបាញ់សាកល្បងកាំជ្រួច និងនុយក្លេអ៊ែរ កាលពីខែកុម្ភះ។ ទិន្នានុប្បវត្តិ៍ បានអះអាងថា «នៅ​ក្នុងប្រវត្តិសាស្ត្រ មិនដែលឃើញ មានមេដឹកនាំសង្គមនិយមណា ដូចសមមិត្តគីម នោះទេ»។

នៅថ្ងៃព្រហស្បត្តិ៍នេះ នៅគ្រប់ក្បាលម៉ាស៊ីនឃោសនានានា របស់កូរ៉េខាងជើង បានឈប់សម្រាកមួយភ្លែត ពីសុន្ទរកថា ឬសេចក្ដីថ្លែងការណ៍គម្រាមនានា ហើយបានច្រៀងចម្រៀងបន្ទរ ជូនពរ គីម ជុង-អ៊ុន នៅក្នុងឱកាសខួបមួយឆ្នាំ នៃការ​ឡើងកាន់អំណាចរបស់មេដឹកនាំវ័យក្មេងរបស់ខ្លួន។​ ប៉ុន្តែក្បាលម៉ាស៊ីនឃោសនាទាំងនោះ នៅមិនភ្លេចទេ នៅថ្ងៃច័ន្ទ​ខាងមុខ ពីការរំលឹកខួបទី១០១ឆ្នាំ នៃខួបកំណើតរបស់ស្ថាបនិកដ៏មហិមានៃរបប លោក គីម អ៊ីល ស៊ុង ដែលបាន​ស្លាប់​តាំងពីឆ្នាំ១៩៩៤មក។

បណ្ដារដ្ឋមន្ត្រីការបរទេសប្រទេសហ្សេ៨ (G8 ) នៅក្នុងកិច្ចប្រជុំនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស បានថ្កោលទោស យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត នូវចរិករបស់ប្រទេសកូរ៉េខាងជើង ហើយបានគម្រាមថា ទណ្ឌកម្មថ្មីៗ នឹងត្រូវដាក់បន្ថែម​លើ​ទីក្រុង​ព្យុងយ៉ាង ប្រសិនបើរបបនេះសាកល្បងកាំជ្រួចណាផ្សេងទៀត។ ប្រមុខការទូត នៃប្រទេសមហាអំណាចសេដ្ឋកិច្ច​ទាំង៨ បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ថានឹងថ្កោលទោស នូវការបន្តវិវត្តន៍ នៃគម្រោង​អាវុធ​នុយក្លេអ៊ែរ និងកាំជ្រួចអន្តរទ្វីប របស់ប្រទេសនេះ ជាពិសេសគម្រោងផលិត ជាតិអ៊ុយរ៉ានីញ៉ូម។

តែផ្ទុយពីការថ្កោលទោសទាំងនេះ ទីក្រុងព្យុងយ៉ាងបានចល័តកាំជ្រួចអន្តរទ្វីបរបស់ខ្លួន ទៅកាន់តំបន់ឆ្នេរខាងកើត​នៃ​ប្រទេស ដែលអាចបាញ់បានចម្ងាយ រហូតដល់ ៤០០០គីឡូម៉ែត្រ ពោលគឺអាចបាញ់បាន រហូតមកដល់មូលដ្ឋាន​យោធា​អាមេរិក នៅលើកោះហ្គាម (Guam) កណ្ដាលមហាសាគរប៉ាស៊ិភីក។ ប្រភពជាច្រើនបាននិយាយថា ការបាញ់​សាកល្បង​កាំជ្រួចនិងនុយក្លេអ៊ែរ របស់ប្រទេសនេះ ទំនងជានឹងអាចធ្វើ នៅថ្ងៃទី១៥ខែមេសាខាងមុខ។

ប្រភពពីខាងរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានបង្ហើបថា ទីក្រុងព្យុងយ៉ាងអាចនឹងមានគម្រោងបាញ់ចេញ ពីច្រើនកន្លែង ព្រោះគេបានស៊ើបដឹង នូវការចល័តរថយន្ដបំពាក់ដោយកាំជ្រួចស្គុត (Scud បាញ់បានចម្ងាយច្រើនរយគីឡូម៉ែត្រ) និង​កាំជ្រួច​រ៉ូដុង (Rodong បាញ់បានចម្ងាយជាង១០០០គីឡូម៉ែត្រ) ទៅតាមចំនុចសំខាន់ទាំងនោះ។ ទីភ្នាក់ងារព័ត៌មាន​យ៉ុងហាប់ (Yonhap) របស់កូរ៉េខាងត្បូង បានរាយការណ៍ នៅថ្ងៃព្រហស្បត្តិ៍នេះថា ប្រទេសកូរ៉េខាងជើង បានចល័តរថយន្ដ​ដឺកកាំជ្រួចទាំងនោះ ជាច្រើនដងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីបង្វែងដាន ឬធ្វើអោយពិបាក ក្នុងការកំណត់ព័ត៌មាន៕

-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...