ការបង្កើត​«ច្រកទ្វារ​អ៊ីនធឺណិត»​នៅកម្ពុជា ដោយរបបដឹកនាំរបស់លោក ហ៊ុន សែន ទទួលបានការបរិហារធ្ងន់ៗ ពី​អង្គការអ្នក​យកព័ត៌មាន​គ្មានព្រំដែន (RWB /RSF) ដោយហៅចំណាត់ការនេះ ថាមានបំណងគ្រប់គ្រង និង​រិតត្បិត​​លើសេរីភាពព័ត៌មាន ដូចគ្នានឹងចំណាត់ការ​របស់ក្រុង​ប៉េកាំង ក្នុងការបង្កើត«មហាកំផែង​ព័ត៌មាន»ដូច្នេះដែរ។

សម្រាប់របបក្រុងភ្នំពេញ បានអះអាងថា ការបង្កើតច្រកទ្វារអ៊ីនធឺណិត មិនបានចម្លងយកតាមគំរូប្រទេសចិនទេ ហើយក៏មិនមានការរឹតត្បិត លើសេរីភាពព៏ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនោះដែរ ប៉ុន្តែវាជាការរក្សាសន្តិសុខ សុវត្ថិភាព ក្នុងប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត ដែលចេះតែវិវត្តិទៅមុខ។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាដាក់ឲ្យអនុវត្ត នូវអនុក្រឹត្យមួយស្តី​ពី «ការបង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ» (National Internet Gateway​) ដែល​មាន១១ជំពូក និង១៩មាត្រា។ អនុក្រឹត្យ ដែលត្រូវបានផ្សព្វផ្សាយ​ជា​សាធារណៈ ​នៅ​ថ្ងៃទី១៧ ខែកុម្ភៈ បានចែងនៅត្រង់មាត្រា១ លើកឡើងពី​គោលបំណង ថាដើម្បី​«ពង្រឹងប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​ លើ​ការកៀរគរ​ចំណូលជាតិ ការពារសន្ដិសុខ​ជាតិ និការថែរក្សា​​របៀបរៀបរយ​​សណ្តាប់ធ្នាប់​សង្គម វប្បធម៌ និងប្រពៃណីជាតិ»។

ប៉ុន្តែអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានស្រង់យកមាត្រាដទៃទៀត ដែលមានចែង​នៅក្នុងអនុក្រឹត្យនេះ មក​ពន្យល់​បង្ហាញថា រដ្ឋាភិបាល​លោក ហ៊ុន សែន «ពិតជាបានលាក់»នូវឧបករណ៍ស្របច្បាប់ថ្មីបន្ថែមទៀត ដើម្បី​អនុញ្ញាត​ឱ្យមានការត្រួតពិនិត្យព័ត៌មាន តាមអ៊ិនធឺណិត ការទាញយកទិន្នន័យឯកជន​របស់អ្នកប្រើប្រាស់ និងរារាំង​ទិន្នន័យព័ត៌មាន (ឬផ្នែកខ្លះ) ដែលត្រូវបានដាក់ផ្សាយ នៅតាមបណ្ដាញអ៊ីនធឺណិត។

អង្គការអន្តរជាតិ​ដែលមានស្នាក់ការធំ នៅក្នុងរដ្ឋធានីប៉ារីស (ប្រទេសបារាំង) បានសរសេរ​នៅក្នុង​សេចក្ដីថ្លែងការណ៍ ចេញផ្សាយ​នៅថ្ងៃទី២៥ ខែកុម្ភៈថា៖

«អាជ្ញាធរអាចស៊ើបការណ៍ លើសកម្មភាពអ្នកប្រើប្រាស់តាមអ៊ីនធឺណិត ព្រោះពួកគេត្រូវកំណត់​អត្តសញ្ញាណ​របស់​ខ្លួន រៀងរាល់​ការប្រើប្រាស់​អ៊ីនធឺណិត ដោយត្រូវឆ្លងកាត់តាម”ច្រកទ្វារ”។ ទិន្នន័យកម្មវិធីរុករករបស់ពួកគេ រាប់​បញ្ចូល​​​ទាំងអាសយដ្ឋាន “IP” និងប្រវត្តិរុករករបស់ពួកគេ នឹងត្រូវរក្សាទុកដោយប្រតិបត្តិករជាតិ យ៉ាង​ហោចណាស់​មួយឆ្នាំ ដោយយោងតាមមាត្រា១៤ (…)។»

«រដ្ឋាភិបាលបានផ្តល់សិទ្ធិ ក្នុងការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍របស់អ្នកផ្តល់សេវាផងដែរ។ ការរំលោភ​បំពាន លើការសម្ងាត់នៃការរុករកតាមអ៊ីនធឺណិត និងភាពឯកជនរបស់អ្នកប្រើប្រាស់ បង្កការគំរាមកំហែង​ដល់​អ្នកសារព័ត៌មាន​​ឯករាជ្យ ហើយនឹងរារាំងការងាររបស់ពួកគេ។»

លោក ដានីញែល បាស្តារដ៍ (Daniel Bastard) នាយកការិយាល័យ តំបន់អាស៊ីប៉ាស៊ីហ្វិក នៃ​អង្គការអ្នក​យក​ព័ត៌មាន​គ្មានព្រំដែន បានអះអាងថា ការបង្កើត«ច្រកទ្វារ​អ៊ីនធឺណិត» ទំនងជា«ការបញ្ចប់សេរីភាព» ក្នុងការផ្តល់​ព័ត៌មាន​តាមអ៊ិនធឺណិត ដែលជាមធ្យោបាយ​ចុងក្រោយ របស់អ្នកសារព័ត៌មានឯករាជ្យ និងអ្នករិះគន់រដ្ឋាភិបាល​កម្ពុជា។

នាយកការិយាល័យដដែល ត្រូវបានស្រង់សំដី មកចុះផ្សាយថា៖

«ច្រកទ្វារ ដែលមានចែងក្នុងអនុក្រឹត្យនេះ គ្រាន់តែជាច្បាប់ចម្លង នៃ”មហាកំផែងព័ត៌មាន”​​របស់អាជ្ញាធរចិន ដែល​បានក្លាយជាអ្នកជំនាញ ខាងការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ នៃ​ការ​បញ្ចេញមតិ និង​ការឈ្លបយកការណ៍​​កម្រិត​អន្តរជាតិ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុង​ធ្វើឱ្យ​អន្តរាយ ដល់ដំណើរប្រព្រឹត្តិទៅ​ នៃក្រុមអង្គការ​សង្គមស៊ីវិល និងសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា ដើម្បីរក្សាអំណាចរបស់លោក ដែលលោក​បានក្រាញ តាំងពី៣៥ឆ្នាំមកហើយ។»

«មហាកំផែងព័ត៌មាន» ត្រូវបានបង្កើតឡើងដោយប្រទេសចិន និងដាក់ឲ្យមានដំណើរការជាបណ្តើរ ៗ តាំងពី​ប៉ុន្មាន​ឆ្នាំ​កន្លងមក ដើម្បី​ឃ្លាំមើល ត្រួតពិនិត្យ ឬច្រោះព័ត៌មាន មុននឹងត្រូវបានពិគ្រោះ ដោយពលរដ្ឋចិន​អ្នកប្រើប្រាស់​អ៊ីនធឺណិត។ អង្គការ​អ្នកយកការណ៍​គ្មានព្រំដែន បានចេញរៀបរាប់យ៉ាងលំអិត អំពីករណីនេះ នៅក្នុង​របាយការណ៍​មួយ ដែលមានចំណងជើងថា «ប្រព័ន្ធផ្សព្វផ្សាយ​បែបថ្មី​របស់ប្រទេសចិន» កាលពីឆ្នាំ២០១៩។

ការលើកឡើងរបស់អង្គការអន្តរជាតិ បានបន្ថែមសំឡេងមួយទៀត ទៅលើ​សំឡេង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​  ចំនួន​៤៦ ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយ​អំពាវនាវ​ឱ្យ​របបក្រុងភ្នំពេញ ត្រូវទម្លាក់​ចោល​គម្រោង​ត្រួតពិនិត្យ​ លើ​អ្នកប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​។

សម្រាប់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានហៅការលើកឡើងរបស់ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ថាគ្មានមូលដ្ឋាន​ច្បាស់លាស់ និងមានចរិតនយោបាយ។

សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងខាងលើ បានពន្យល់ថា ច្រកទ្វារអ៊ីនធឺណិត ត្រូវបាន​បង្កើតឡើង ស្ទើរគ្រប់ប្រទេសទាំងអស់ មិនមែនមានតែការគ្រោងរៀបចំបង្កើត នៅកម្ពុជានោះទេ ហើយ​ការរៀបចំ​​អនុក្រឹត្យ ស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានធ្វើឡើងដោយបើកចំហរ និងមានការពិគ្រោះយោបល់​ជាមួយ​អ្នកជំនាញ ក្នុងវិស័យទូរគមនាគមន៍ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើន លើក។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ទៀតថា ការរៀបចំបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ មាន​គោលបំណង​​បង្កើន​ប្រសិទ្ធភាព នៃការប្រមូលចំណូលជាតិ ដោយផ្អែកលើគោលការណ៍ ប្រកួតប្រជែងស្មើភាព​និង​ស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋ​និងប្រតិបត្តិករ ព្រមទាំងជួយទប់ស្កាត់​ នូវការលួចតភ្ជាប់បណ្តាញ​​ឆ្លងដែន​​ខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែង​តាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោក តាមប្រព័ន្ធ​​អនឡាញ ជាដើម៕



You may also like

កម្ពុជា

ហ៊ុន សែន៖ «ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ»

នៅក្នុងការលូកដៃ ចូលទៅកកូរកកាយ ស្ថាប័នទូរទស្សន៍ឯកជនមួយ ដើម្បីគម្រាមអគ្គនាយកនៃស្ថាប័ននោះ ឲ្យចាកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពាក្យខ្លាំងៗ ថា បើទោះជាជននោះ ជា«ឪស្ដេច ម៉ែស្ដេច» ...
កម្ពុជា

មេដឹកនាំរដ្ឋាភិបាល«ពាក់ម៉ាស់» ទៅ​ទទួល​ព្រះរាជា​យាង​ត្រឡប់​ពីចិន

«ពាក់ម៉ាស់» ៖ ពិធីទទួលព្រះមហាក្សត្រ សម្ដេច នរោត្ដម សីហមុនី និងព្រះមហាក្សត្រី សម្ដេច មុនីនាថ សីហនុ ដែលយាងត្រឡប់ ពីប្រទេសចិន ក្នុងរសៀលថ្ងៃចន្ទនេះ ...
កម្ពុជា

ខៀវ កាញារីទ្ធ ថា​គួរប្រតិកម្ម​តប​ទូរទស្សន៍​រដ្ឋ​សឹង្ហបូរី ដែល«បង្អាប់កម្ពុជា»

ការផ្សាយរបស់បណ្ដាញទូរទស្សន៍មួយ ដែលមានលក្ខណៈ«បង្អាប់កម្ពុជា» គួរត្រូវបានក្រសួងការបរទេស ប្រតិកម្មតបវិញ។ នេះ បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដែលលើកឡើងថា ទូរទស្សន៍រដ្ឋសិង្ហបូរី «CNA Singapore» ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...