កាំជ្រួច​លើ​វាល​រាប៖ សេបាស្ទែន វីថែល ក្លាយ​ជា​ម្ចាស់​ជើង​ឯក អេហ្វវ័ន

ម្ចាស់ការពារដំណែងជើងឯកហ្វមូឡាវ័ន (Formula One) កីឡាករ សេបាស្ទែន វីថែល (Sebastian Vettel) ទទួលបានជ័យជំនះជាថ្មីម្តងទៀត នៃការប្រណាំងក្នុងកម្មវិធី ម៉ាឡេស៊ែន ក្រែនផ្រិកស៏ (Malaysian Grand Prix) កាលពីថ្ងៃអាទិត្យកន្លងទៅ។ ហើយគាត់បាននាំមុខមិត្តរួមក្រុមរ៉ែដប៊ុល (Red Bull) ម៉ាក វ៊ែបបឺ (Mark Webber) ក្នុងការប្រណាំងនោះ។
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ម្ចាស់ការពារដំណែងជើងឯកហ្វមូឡាវ័ន (Formula One) កីឡាករ សេបាស្ទែន វីថែល (Sebastian Vettel) ទទួលបាន​ជ័យជំនះជាថ្មីម្តងទៀត នៃការប្រណាំងក្នុងកម្មវិធី ម៉ាឡេស៊ែន ក្រែនផ្រិកស៏ (Malaysian Grand Prix) កាលពីថ្ងៃ​អាទិត្យ​កន្លងទៅ។ ហើយគាត់បាននាំមុខមិត្តរួមក្រុមរ៉ែដប៊ុល (Red Bull) ម៉ាក វ៊ែបបឺ (Mark Webber) ក្នុងការប្រណាំងនោះ។

អ្នកប្រណាំង២រូប ដែលបើកបរឲ្យក្រុមមឺស្សេដេស (Mercedes) ឡេវីស ហាមីលតុន (Lewis Hamilton) និងកីឡាករ នីកូ រ៉ូស្បឺក (Nico Rosberg) មាន១២វិនាទី នៅក្រោយកីឡាករ វីថែល។ ខណៈដែលអ្នកប្រណាំងក្រុមហ្វឺរ៉ារ៉ី (Ferrari) ហ្វឺណាន់ដូ អាឡុនសូ (Fernando Alonso) បានបោះបង់ការប្រកួតនៅជុំទី២ បន្ទាប់ពីរថយន្តរបស់គាត់មានការប៉ះទង្គិច ហើយខូចខាតនៅផ្នែកខាងមុខ ដែលមិនអាចបន្តការប្រកួតទៅមុខទៀតបាន។

នៅពេលដែលការប្រណាំងចាប់ផ្តើមនៅរសៀលថ្ងៃអាទិត្យនោះ អ្នកប្រណាំងទាំងអស់ខំប្រជែងយ៉ាងខ្លាំង ប៉ុន្តែបន្ទាប់ពី​បាន១ជុំក្រោយមក ឃើញថាអ្នកដែលនាំមុខគេ មានតែ៤នាក់ប៉ុណ្ណោះ មានកីឡាករ វីថែល វ៊ែបបឺ ហាមីលតុន និងកីឡាករ រ៉ូស្បឺក។

បន្ទាប់ពីជុំទី២ កីឡាករ វ៊ែបបឺធ្វើបានយ៉ាងល្អ ដោយឡើងវ៉ាពីចំណាត់ថ្នាក់លេខ៥ រហូតបានដំណែងលេខ១ នាំមុខគេ។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ នៅពេលដែលការប្រណាំងខិតជិតដល់ទីទៅហើយ បែរជាកីឡាករ វីថែល ដែលជា​មិត្ត​រួមក្រុមរបស់គាត់ បានធ្វើការនាំមុខវិញ ហើយក៏ទទួលបានដំណែងជើងឯក។

ចំណែកឯកីឡាករ រ៉ូស្បឺក បាននាំមុខកីឡាករ ហាមីលតុន នៅក្នុងការប្រណាំងនោះ។ ប៉ុន្តែអ្នកដឹកនាំក្នុងក្រុមលោក រ៉ូស ប្រោន (Ross Brawn) បានប្រាប់ដល់កីឡាករអាឡឺម៉ង់រូបនេះ ឲ្យនៅក្រោយអតីតជើងឯកឆ្នាំ២០០៨ ហាមីលតុន ដោយ​សារតែគេទាំង២នាក់ ប្រណាំងឲ្យក្រុមតែមួយ។

ដូច្នេះសរុបលទ្ធផលផ្តាច់ព្រ័ត្រនៃការប្រណាំងនៅប្រទេសម៉ាឡេស៊ី ឃើញថា កីឡាករ អាឡឺម៉ង់ សេបាស្ទែន វីថែល ដែល​បើកឲ្យក្រុមរ៉ែដប៊ុល ទទួលបានចំណាត់ថ្នាក់លេខ១។ តាមពីក្រោយដោយអ្នកប្រណាំងរ៉ែដប៊ុល ដូចគ្នា កីឡាករអូស្ត្រាលី ម៉ាក វ៊ែបបឺ ទទួលបានចំណាត់ថ្នាក់លេខ២។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករអង់គ្លេស ឡេវីស ហាមីលតុន ដែលបើកឲ្យក្រុម មឺសេដេស។

ដោយឡែកកីឡាករ នីកូ រ៉ូស្បឺក របស់អាឡឺម៉ង់ ដែលប្រណាំងឲ្យក្រុម ម៉ាសេដេស ដែរនោះ ទទួលបានចំណាត់ថ្នាក់​លេខ៤។ ខណៈដែលកីឡាករប្រេស៊ីល ហ្វេឡីប ម៉ាសា (Felipe Massa) បើកបរឲ្យក្រុម ហ្វឺរ៉ារ៉ី បញ្ចប់ទៅត្រឹមចំណាត់​ថ្នាក់លេខ៥៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments