មន្រ្តី​សហជីព និង​ក្រុមហ៊ុន​អះអាង​ខុស​គ្នា ពី​​ការ​​ដួល​​សន្លប់​​របស់​​កម្មករ​​ជិត​១០០​នាក់

កម្មករកម្មការិនីដែលបំរើការរនៅរោងចក្រ SL Garment Processing (Cambodia) ក្នុងសង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ​ជាង៩០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីថ្ងៃសុក្រទី២២ និងថ្ងៃសៅរ៌ទី២៣ខែមិនានេះ ប៉ុន្តែកម្មករត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្រ្គោះជាបន្ទាន់នៅមន្ទីរ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្មករកម្មការិនីដែលបំរើការរនៅរោងចក្រ SL Garment Processing (Cambodia) ក្នុងសង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ​ជាង៩០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីថ្ងៃសុក្រទី២២ និងថ្ងៃសៅរ៌ទី២៣ខែមិនានេះ ប៉ុន្តែកម្មករត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្រ្គោះជាបន្ទាន់។


កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ រូបថត flickr.com/photos/pictim។

លោកអ៊ុំ វិសាល មន្រ្តីដោះស្រាយវិវាទការងារ នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ បានមានប្រសាសន៌នៅថ្ងៃអាទិត្យទី២៤ខែ មិនានេះថា កម្មករប្រមាណជា២០នាក់ បានដួលសន្លប់កាលពីព្រឹក​ថ្ងៃសុក្រទី២២ខែមិនា ហើយការដួលសន្លប់នេះ បានបន្តរហូតមកដល់ព្រឹកថ្ងៃសៅរ៌ទី២៣ខែមិនា ទៀត ដែលមាន​ជាង​៧០ទៀត ត្រូវបានគេដឹកយកទៅជួយសង្រ្គោះ ជាបន្ទាន់នៅមន្ទីរកាល់ម៉ែត្រ មិត្តភាពកម្ពុជាសហភាពសូវៀត (ពេទ្យរុស្ស៊ី) និងមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។

លោកអ៊ុំ វិសាលបានថ្លែងថា៖ «តាមការសន្និដ្ឋានជាលើកដំបូង បានឲ្យដឹងថា មូលហេតុនៃការដួលសន្លប់នេះ គឺដោយ​សារតែមានក្លិនថ្នាំ ដែលក្រុមហ៊ុនដាក់សំរាប់ចំរាញ់ទឹក ដើម្បីយកទៅប្រើប្រាស់ក្នុងរោងចក្រ សំរាប់កម្មករលាងដៃ និង​លុបមុខ និងសំរាប់បញ្ចូលទៅក្នុងប្រព័ន្ធចំហាយទឹកត្រជាក់ ក្នុងអាគាររោងចក្រសំរាប់ឲ្យកម្មករត្រជាក់។ តែទឹក​នេះ​មិនមែនសំរាប់​ហូបទេ។»

លោកបានឲ្យដឹងទៀតថា លោកបានចូលទៅឈរ ពីមុខអាគាររោងចក្រនោះគឺ មានក្លិនជះមកពិបាកទ្រាំ និងធ្វើឲ្យឈឺ​ក្បាល។ «ក្រុមហ៊ុនលាយថ្នាំនៅក្នុងទឹក ដើម្បីចំរាញ់ឲ្យបានជាទឹកស្អាត សំរាប់ប្រើប្រាស់ ។ ការលាយថ្នាំនេះ បានធ្វើឲ្យ​មានចំហាយក្លិនជះមកក្រៅ ដែលធ្វើឲ្យក្លិនថ្នាំនោះ លប់នូវអុកស៊ីសែន សំរាប់កម្មករដកដង្ហើមបានស្រួល ហប់ ដែលធ្វើ​ឲ្យពួកគេពុលនឹងក្លិនថ្នាំនោះ ដោយអ្នកខ្លះបានក្អួត មុនពេលដូលសន្លប់ផងដែរ។»

លោកអ៊ុំ វិសាលបានបន្តថា សារធាតុថ្នាំ និងឈ្មោះថ្នាំដែលរោងចក្រប្រើនោះ មិនទាន់ដឹងនៅឡើយទេ។ លោកបាន​បន្ថែមថា ចំពោះបញ្ហាសន្លប់នេះ ទាំងរោងចក្រ និងរាជរដ្ឋាភិបាល គួរតែយកចិត្តទុកដាក់ និងបង្ការកុំឲ្យកើតមាន​ឡើង​ទៀត ចំពោះកម្មករកម្មការិនីខ្មែរ។

មន្រ្តីរដ្ឋបាលរោងចក្រ អ្នកនាង សួង សោភ័ណ្ឌ បានឲ្យដឹងកាលពីថ្ងៃអាទិត្យទី២៤ ខែមិនាថា រោងចក្របានប្រើប្រាស់​ឡានពេទ្យ ជាង១១គគ្រឿងសំរាប់ដឹកមកម្មករ ទៅកាន់មន្ទីរពេទ្យនានាដើម្បីធ្វើការសង្រ្គោះ។ អ្នកនាង បានឲ្យដឹងថា៖ «មូលហេតុដែលនាំឲ្យមានការសន្លប់នោះគឺ ដោយសារតែសុខភាពរបស់កម្មករខ្សោយ នឿយហត់ព្រោះពួកគេ មិនបាន​ហូបអាហារពេលព្រឹក។ នេះជាការអះអាងរបស់គ្រូពេទ្យ នៅពេលដែលយើងចុះ ទៅមើលកម្មករនៅមន្ទីរពេទ្យ។»

អ្នកនាងសោភ័ណ្ឌ បានបដិសេធថាការសន្លប់នេះ មិនមែនរោងចក្រជាអ្នកបង្កនោះទេ គឺមកពីកម្មករខ្លួនឯង ទើបបាន​ជា​ពួកគេសន្លប់។ អ្នកនាងបានថ្លែងថា៖ «ប្រសិនបើមូលហេតុមកពីរោងចក្រនោះ កម្មករប្រមាណជា​៦០០០នាក់​នឹង​សន្លប់​ទាំងអស់គ្នា មិនមែនមានតែចំនួនតិចតួចដូចនេះទេ»។

ក្រុមហ៊ុនបានអនុញ្ញាត ឲ្យកម្មករប្រមាណជា៦០០០នាក់ ឈប់សំរាកមួយថ្ងៃ ពេលកម្មករជាច្រើននាក់ បានដូល​សន្លប់​សាជាថ្មី។ ពួកគេនឹងត្រូវត្រលប់មកធ្វើការធម្មតាវិញ នៅថ្ងៃច័ន្ទទី២៥ខែមីនានេះវិញ ប៉ុន្តែរោងចក្រនឹងឲ្យពួកគេ​ឈប់​សម្រាកបន្តទៀត ប្រសិនបើស្ថានភាពសុខភាពរបស់ពួកគេ មិនស្រួល។

លោកប៉ុក វណ្ណថាត ប្រធានគណៈកម្មការស្រាវជ្រាវទប់ស្កាត់ ករណីដួលសន្លប់កម្មករកម្មការិនី រោងចក្រសហគ្រាស នៃ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះធ្លាប់បានឲ្យដឹងថា នៅឆ្នាំ២០១២ គេបានរកឃើញថាមានកម្មករកម្មការិនី​ចំនួន​១៦៨៦នាក់ បានដួលសន្លប់ ក្នុងរោងចក្រចំនួន២៤ក្នុងរាជធានី និងតាមបណ្តាខេត្តផ្សេងៗ។

ចំណែកតាមរបាយការណ៌ របស់សហជីពស៊ីខៅឌូ និងសហជីពសេរីកម្មករ ដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ គឺ​មានតួលេខខុសពីរបាយការណ៌របស់ក្រសួង ដែលសហជីពពីរនេះបានរកឃើញគឺមាន កម្មករកម្មការិនីដែលបាន​ដួល​សន្លប់ ពេលបំពេញការងារនៅក្នុងឆ្នាំ២០១២ មានចំនួនជាង២០០០នាក់ ដោយសារបរិស្ថានការងារមានភាពអាប់អួរ និង​មាន ក្លិនថ្នាំក្នុងអាគាររោងចក្រ និងការធ្វើការថែមម៉ោងជាដើម៕

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...