ប៊ែកខេម នៅ​តែ​ជា​កីឡាករ ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ

កីឡាករជើងចាស់ សញ្ជាតិអង់គ្លេស ដែលទើបតែទៅចូលរួមជាមួយនឹងក្រុម ប៉ារីស ហ្សិន ជឺម៉ិន (Paris Saint-Germain) ក្នុងកិច្ចសន្យារយះពេលខ្លីរូបនេះ នឹងលេងឲ្យក្រុមប៉ារីសរហូតដល់ចប់រដូវកាល។ បន្ទាប់មកគាត់នឹងបញ្ចប់អាជីព ជាកីឡាករបាល់ទាត់ ប៉ុន្តែទោះជាមានវ័យចំណាស់បន្តិចក្តី ក៏កីឡាកររូបនេះ មានចំណូលច្រើនជាង កីឡាករឆ្នើមប្រចាំឆ្នាំ របស់ពិភពលោក លីយ៉ូនែល ម៉េស៊ី (Lionel Messi) និងកីឡាករ របស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo)។
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ទស្សនាវដ្តីបាល់ទាត់របស់ប្រទេសបារាំង បានឲ្យដឹងថា កីឡាករ ដេវ៉ីដ ប៊ែកខេម (David Beckham) គឺជាកីឡាករមួយរូប ដែលមានប្រាក់ ចំណូលខ្ពស់ជាងគេ ក្នុងពិភពលោក។


កីឡាករ ដេវ៉ីដ ប៊ែកខេម ទាត់អោយក្រុមបាល់ទាត់របស់ទីក្រុងប៉ារីស។

កីឡាករជើងចាស់ សញ្ជាតិអង់គ្លេស ដែលទើបតែទៅចូលរួមជាមួយនឹងក្រុម ប៉ារីស ហ្សិន ជឺម៉ិន (Paris Saint-Germain) ក្នុងកិច្ចសន្យារយះពេលខ្លីរូបនេះ នឹងលេងឲ្យក្រុមប៉ារីសរហូតដល់ចប់រដូវកាល។ បន្ទាប់មកគាត់នឹងបញ្ចប់អាជីព ជា​កីឡាករបាល់ទាត់ ប៉ុន្តែទោះជាមានវ័យចំណាស់បន្តិចក្តី ក៏កីឡាកររូបនេះ មានចំណូលច្រើនជាង កីឡាករឆ្នើមប្រចាំឆ្នាំ របស់ពិភពលោក លីយ៉ូនែល ម៉េស៊ី (Lionel Messi) និងកីឡាករ របស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo)។

ទស្សនាវដ្តីរបស់បារាំង បានរាយការណ៏ថា ប៊ែកខេម បានទទួលប្រាក់ចំណូល ៣៦លាន អ៊ឺរ៉ូ (៤៦,៧លានដុល្លា ឬ​៣០,៩​លានផោន) ក្នុងរដូវកាលឆ្នាំ២០១២-២០១៣ ដែលធ្វើឲ្យគាត់នាំមុខ ទៅលើកីឡាករ បាឡន់ដរ (Ballon d'Or) ៤សម័យ​កាល លីយ៉ូនែល ម៉េស៊ី។

ប៊ែកខេម បានចេកចេញពីក្រុម ឡូស អេនជេឡេស កាឡាស៊ី (Los Angeles Galaxy) កាលពីខែធ្នូរ។ នៅក្នុងក្រុមប៉ារីស គាត់មានប្រាក់ខែ ១,៧លានអ៊ឺរ៉ូ ហើយមានចំណូលផ្ទាល់ខ្លួន ១,៣លានអ៊ឺរ៉ូ និង ៣៣លានអ៊ឺរ៉ូទៀត បានមកពីប្រភពផ្សេងៗ បូករួមទាំងការចុះកិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្មនានា។

កីឡាករវ័យ ៣៧ឆ្នាំ ប៊ែកខេម បាននិយាយ បន្ទាប់ពីចុះកិច្ចសន្យាជាមួយនឹងក្រុមប៉ារីសថា លុយរបស់គាត់ ដែលបានមក​ពីកិច្ចសន្យាជាមួយនឹងក្រុមបាល់ទាត់នៃប្រទេសបារាំងមួយនេះ គាត់នឹងបរិច្ចាគជូនដល់អង្គការកុមារកំព្រាទាំងអស់។

ផ្ទុយទៅវិញ ចំណូល៣៥លានអ៊ឺរូ របស់កីឡាករ លីយ៉ូនែល ម៉េស៊ី មាន១៣លានអ៊ឺរ៉ូ បានមកពី ប្រាក់ខែ និងប្រាក់លើក​ទឹកចិត្តរបស់គាត់ និងចំនួនដ៏ច្រើនទៀត បានមកពីការផ្សាយពាណិជ្ជកម្ម និងប្រភពផ្សេងៗ។

កីឡាករ រ៉ូណាល់ដូ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ មានចំណូលសរុប ៣០លានអ៊ឺរ៉ូ ក្នុងនោះ ១៣,៥លានអ៊ឺរ៉ូ បានមកពី​ប្រាក់​ខែ និងប្រាក់លើកទឹកចិត្ត និងចំនួនផ្សេងទៀត បានមកពីការចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុននានា ក្នុងការផ្សាយ​ពាណិជ្ជកម្ម។

ទស្សនាវដ្តីក៏បានបង្ហាញផងដែរថា គ្រូបង្វឹករបស់ក្រុមរៀលម៉ាឌ្រីដ លោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) ជាគ្រូបង្វឹក​ដែល​មានប្រាក់ចំណូលច្រើនជាគេក្នុងពិភពលោក ដែលមានចំណូលប្រមាណ ១៤លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ។

តាមពីក្រោយដោយបុរសសញ្ជាតិអ៊ីតាលី ២រូបទៀត លោក កូឡូ អេនសេឡូទី (Carlo Ancelotti) ដែលជាគ្រូបង្វឹក​របស់​ក្រុមប៉ារីស ហ្សិន ជឺម៉ិន មាន១២លានអ៊ឺរ៉ូ និងលោក ម៉ាស្សែឡូ លីពី (Marcello Lippi) ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ ក្វាងស្ស៊ូ អេវើក្រែន(Guangzhou Evergrande) របស់ប្រទេសចិន មានចំណូល ១១លានអ៊ឺរ៉ូ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments