នាវាដឹកទំនិញជ្រុលល្បឿនបុកច្រាំងនិងក្រុងបុរាណ នៅ អ៊ីស្តង់ប៊ូល

នាវាយក្ស​ដ៏ធំសម្បើម ដែលមានបណ្ដោយខ្លួន ប្រវែង២២៥ម៉ែត្រ និងដែលបានបើក នៅលើច្រកសមុទ្រ «Bosphore» នៅក្រុង អ៊ីស្តង់ប៊ូល ប្រទេសតួរគី បានជ្រុលល្បឿន ទៅបុកច្រាំង និងអាគារលំនៅដ្ឋានមួយចំនួន កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ ហេតុការណ៍ បានបង្កឲ្យចរាចរណ៍នាវា នៅលើច្រកសមុទ្រ ត្រូវបានរាំងស្ទះ អស់ជាច្រើនម៉ោង។
នាវាដឹកទំនិញជ្រុលល្បឿនបុកច្រាំងនិងក្រុងបុរាណ នៅ អ៊ីស្តង់ប៊ូល
នាវា «Vitaspirit» បានជ្រុលទៅបុកផ្ទះបុរាណ ស្ថិតនៅលើត្រើយម្ខាង នៃច្រកសមុទ្រ «Bosphore» ប្រទេសតួរគី។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 16, 2018
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីភ្នាក់ងារព័ត៌មាន «Deniz Haber» ដែលមានជំនាញ ខាងកិច្ចការនាវាចរណ៍ បានរាយការណ៍ថា នាវាឈ្មោះ «Vitaspirit» ដែលមានប្រវែងបណ្ដោយ ដល់ទៅ២២៥ម៉ែត្រ បានប្រែក្លាយជាយាន ដែលគ្រប់គ្រងលែងបាន ព្រោះមូលហេតុបច្ចេកទេស មុននឹងទៅបុកច្រាំង និងអាគារលំនៅដ្ឋានមួយចំនួន ដែលស្ថិតនៅជាប់ច្រកសមុទ្រ «Bosphore» ដែលភ្ជាប់សមុទ្រខ្មៅ មកសមុទ្រមេឌីទែរ៉ាណេ។

ហេតុការណ៍បានកើតឡើង នៅពេលនាវាខាងលើ បានឆ្លងកាត់ និងជ្រមុជខ្លួន នៅខាងក្រោម ស្ពាន «Fatih Sultan Mehmet» ដែលជាស្ពានភ្ជាប់ទ្វីបពីរ គឺទ្វីបអ៊ឺរ៉ុប និងអាស៊ី។

អាគារបុរាណមួយ ដែលត្រូវបានលាបពណ៌ក្រហម ត្រូវបាននាវាបុក បង្កការខូចខាតអស់មួយភាគ។ លំនៅដ្ឋាន និងអាគារនៅទីនោះ ជាសំណង់បុរាណ ដែលអាគារខ្លះ ត្រូវបានសាងសង់ឡើង តាំងពីសម័យចក្រភព អូតូមង់ ក្នុងសតវត្សន៍ទី១៩។ អាគារភាគច្រើន គ្មានមនុស្សរស់នៅទេ តែគេទុកសម្រាប់ជួល ដើម្បីរៀបចំជាកម្មវិធីពិសេសៗ ដូចយ៉ាងអាពាហ៍ពិពាហ៍ ឬការប្រគុំតន្ត្រីជាដើម។

គ្មានសេចក្ដីរាយការណ៍ អំពើមនុស្សរបួស-ស្លាប់ និងពីទំហំ នៃការខូចខាតនៅឡើយ ហើយមូលហេតុលំអិត ដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ក៏មិនទាន់ត្រូវបានបញ្ជាក់ ឲ្យដឹងដែរ។ គេគ្រាន់តែដឹងថា នាវាបានបាត់ភាពម្ចាស់ការ ដែលបណ្ដាលមកពីបញ្ហាបច្ចេកទេស។

នាវា «Vitaspirit» បានចេញដំណើរ ពីប្រទេសអេហ្សីព កាលពីខែមុន ហើយត្រូវធ្វើដំណើរ ទៅដល់ប្រទេសអ៊ុយក្រែន ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ នាវាត្រូវបានអាជ្ញាធរអូសចេញ ពីកន្លែងកើតហេតុ ដើម្បីធ្វើការអង្កេត ខណៈចរាចរណ៍នាវា នៅលើច្រកសមុទ្រ ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង។

ច្រកសមុទ្រ «Bosphore» ទទួលនាវារាប់ម៉ឺន ក្នុងមួយឆ្នាំៗ ឲ្យបើកឆ្លងកាត់ រាប់ទាំងនាវាទេសចរណ៍ នាវាពាណិជ្ជកម្ម និងនាវាចម្បាំង។ កាលពីឆ្នាំទៅម៉ិញ អាជ្ញាធរតួរគី បានអះអាងថា នាវាចំនួន៤២ ០០០គ្រឿង បានបើកឆ្លងកាត់ទីនោះ។ គ្រោះថ្នាក់ធំបំផុត នៅលើច្រកសមុទ្រនេះ បានកើតឡើង កាលពីឆ្នាំ១៩៦០។ កាលនោះ នាវាដឹកប្រេងមួយគ្រឿង បានជ្រុលទៅបុកនាវាមួយទៀត បង្កឲ្យផ្ទុះអគ្គិភ័យឡើង យ៉ាងសន្ធោសន្ធៅ និងមានរយៈពេល ជាច្រើនសប្ដាហ៍៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...