ហ៊ុន សែន មក​ដល់​ប៊ែលហ្សិក ខណៈ​ខ្មែរ​នៅ​អ៊ឺរ៉ុប​គ្រោង​បាតុកម្ម​ស្វាគមន៍

បើទោះលោក ហ៊ុន សែន និងក្រុមរបស់លោក ព្យាយាមអះអាង ពីការមកទទួលស្វាគមន៍រូបលោក នៅក្នុងរាជធានីប្រ៊ុចហ្សែក (ប៊ែលហ្សិក) ពីសំណាក់អ្នកគាំទ្រលោកនោះក៏ដោយ ប៉ុន្តែខាងអ្នកប្រឆាំងនឹងរូបលោក ក៏នឹឹងមិនខកខាន សម្រាប់ឱកាសនេះដែរ ដើម្បីអ្វីមួយ ដែលពួកគេអះអាងថា ដើម្បីអំពាវនាវឲ្យសហភាពអ៊ឺរ៉ុប បន្តដាក់សម្ពាធ ទៅលើរបស់ដឹកនាំរបស់លោក ជាបន្តទៅទៀត និងដើម្បីសំដែងនូវសាមគ្គីភាព ជាមួយពលរដ្ឋក្នុងស្រុក។
ហ៊ុន សែន មក​ដល់​ប៊ែលហ្សិក ខណៈ​ខ្មែរ​នៅ​អ៊ឺរ៉ុប​គ្រោង​បាតុកម្ម​ស្វាគមន៍
លោក ហ៊ុន សែន ចាប់ដៃចាប់ជើង ជាមួយអ្នកគាំទ្រលោក នៅក្នុងសណ្ឋាគារស្នាក់នៅ នៃរាជធានីប្រ៊ុចហ្សែល (ប្រទេសប៊ែលហ្សិក) និងការប្រកាសធ្វើបាតុកម្ម របស់ពលរដ្ឋខ្មែរនៅអ៊ឺរ៉ុប ប្រឆាំងរូបលោក។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 18, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានធ្វើដំណើរមកដល់រាជធានី ប្រ៊ុចហ្សែល នៃរាជាណាចក្រប៊ែលហ្សិកហើយ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ដើម្បីត្រៀមចូលរួម «កិច្ចប្រជុំអាស៊ី-អ៊ឺរ៉ុប» ហៅកាត់តាមភាសាអង់គ្លេស «ASEM» ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៨ និងទី១៩ ខែតុលា ខាងមុខ។ លោក ហ៊ុន សែន បានចុះជាន់ទឹកដីអ៊ឺរ៉ុប នៅវេលាម៉ោងប្រមាណជា ៧ និង៤២នាទី ហើយក៏បានធ្វើដំណើរ ទៅដល់សណ្ឋាគារ ដែលរូបលោក នឹងគណៈប្រតិភូមកម្ពុជាស្នាក់នៅ នោះរួចរាល់ដែរ។

នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន គេឃើញមានការបង្ហោះ នូវរូបភាពជាច្រើនសន្លឹក និងច្រើនដងច្រើនសារ ពីការទទួលស្វាគមន៍ របស់ក្រុមអ្នកគាំទ្រ នៅផ្ទាល់នឹងសណ្ឋាគារ។

ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី បានសរសេរបញ្ជាក់ថា៖ «មានបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជនជាច្រើន បានមករង់ចាំទទួលគារវៈស្វាគមន៍ សម្តេចប្រមុខដឹកនាំ ប្រកបដោយក្តីគោរពស្រឡាញ់ និងនឹករឮក ដ៏ជ្រាលជ្រៅបំផុត។ (...) បងប្អូនសប្បាយរីករាយក្រៃលែង ដែលបានមករង់ចាំទទួលសម្តេចតេជោ ហើយនេះគឺជាកិត្តិយស ដ៏ឧត្តុង្គឧត្តមបំផុត របស់ប្រទេស​កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ដែលបានធ្វើឲ្យកម្ពុជាមានស្ថេរភាព និងការរីកចម្រើន មកទល់សព្វថ្ងៃ។»។

 

យ៉ាងណា ក៏ការទទួលស្វាគមន៍លោក ហ៊ុន សែន នៅវេលានេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយគេត្រូវរង់ចាំ រហូតដល់ថ្ងៃទី១៩ ខែតុលា ដែលជាថ្ងៃទី២ នៃកិច្ចប្រជុំ «ASEM» ដើម្បីអាចឲ្យពលរដ្ឋខ្មែរជាច្រើនទៀត នៅក្នុងទ្វីបអ៊ឺរ៉ុប អាចប្រមូលគ្នាទៅជួបជុំ នៅខាងមុខអាគារសហភាពអ៊ឺរ៉ុប និងដើម្បីជួយឲ្យលោក ហ៊ុន សែន កាន់តែត្រូវបានគេស្គាល់ ខ្លាំងឡើងថែមទៀត។ 

បើសិនជាពលរដ្ឋខ្មែរ រស់នៅទ្វីបអ៊ឺរ៉ុប បានគ្រោងបាតុកម្មដ៏ធំមួយ ដើម្បីប្រឆាំងបុរសខ្លាំងកម្ពុជា និងបរិហារពីរបបដឹកនាំថ្មី របស់លោកនោះក៏ដោយ ប៉ុន្តែការជួបជុំរបស់ពលរដ្ឋទាំងនោះ ក៏ជាការឆ្លើយតបមួយផ្នែក ទៅតាមការអំពាវនាវ របស់លោក ហ៊ុន សែន ខ្លួនឯង កាលពីប៉ុន្មានសប្ដាហ៍មុនដែរ ដែលបានហៅឲ្យគេឯង ទាំងគាំទ្រ​ទាំងប្រឆាំង ឲ្យត្រៀមមកទទួលរូបលោក។

បើតាមអ្នករៀបចំបាតុកម្ម ដែលបានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមុននេះ បានឲ្យដឹងថា រថយន្ដក្រុងធំៗចំនួនបីគ្រឿង នឹងដឹកជញ្ជូនក្រុមបាតុករ ទៅកាន់រាជធានីប្រ៊ុចហ្សែល ចេញពីបីចំណុចធំៗ៖ ពីរដ្ឋធានីប៉ារីស ពីក្រុងលីយ៉ុង និងពីក្រុង លីល (នៃប្រទេសបារាំង)។ ខណៈពលរដ្ឋខ្មែរ ពីប្រទេសផ្សេងទៀត ត្រូវបានរៀបចំឲ្យជិះយន្ដហោះជុំគ្នា ពីតំបន់ផងខ្លួន ឆ្ពោះទៅកាន់ប្រទេស​ប៊ែលហ្សិក ដើម្បីចូលរួមធ្វើបាតុកម្មនេះ។ អ្នករៀបចំអះអាងថា អ្នកចូលរួមធ្វើបាតុកម្ម អាចនឹងមានចំនួន រវាងពី៣០០នាក់ ទៅដល់៥០០នាក់។

កញ្ញា លីម កានីកា មេដឹកនាំចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសបារាំង បានថ្លែងតាមវីដេអូមួយ អំពាវនាវឲ្យមានការចូលរួម ពីសំណាក់ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងទ្វីបអ៊ឺរ៉ុប ដើម្បីអ្វីមួយ ដែលកញ្ញាហៅថា ជាការសំដែងឆន្ទះ ប្រាប់ទៅសហភាពអ៊ឺរ៉ុប និងបណ្ដាប្រទេសនានា កុំឲ្យទទួលស្គាល់របបដឹកនាំលោក ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតជាតិ ដ៏ប្រទាំងប្រទើសមួយ ដែលប្រព្រឹត្តិទៅ កាលពីចុងខែកក្កដាកន្លងមក។

កញ្ញាបានបន្តថ្លែង ជាភាសាបារាំង និងត្រូវបានបកប្រែជាខេមរភាសា ដូច្នេះថា៖ «សូមអញ្ជើញបណ្ដាជនខ្មែរទាំងអស់ មក​ចូលរួម​ក្នុងបាតុកម្មនេះ ដើម្បីបង្ហាញ ពីកម្លាំងប្រមូលផ្ដុំរបស់យើង ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាមួយ ដែលពុករលួយ និងខុសច្បាប់។ ជាពិសេស យើងត្រូវបង្ហាញ ពីសាមគ្គីភាពរបស់យើង ចំពោះពលរដ្ឋខ្មែរក្នុងស្រុក។»៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...