ទីជែរី ហង់រី អតីត​កំពូល​កីឡាករ​បាល់ទាត់ អាច​មក​បង្ហាត់​ក្រុម​ម៉ូណាកូ

ក្រុម ម៉ូណាកូ (AS Monaco) ដែលបានចាប់ផ្ដើមរដូវកាលថ្មី ជាមួយនឹងបរាជ័យ ក្នុងការប្រកួតជាច្រើននោះ អាចនឹងសម្រេច បញ្ឈប់គ្រូបង្វឹកបច្ចុប្បន្នរបស់ខ្លួន ហើយដាក់ជំនួស ដោយលោក ទីជែរី ហង់រី (Thierry Henry) ដែលធ្លាប់ជាកីឡាកររបស់ខ្លួន តាំងពីនៅក្មេងវ័យ ឲ្យមកដឹកនាំការបង្វឹកវិញ។
ទីជែរី ហង់រី អតីត​កំពូល​កីឡាករ​បាល់ទាត់ អាច​មក​បង្ហាត់​ក្រុម​ម៉ូណាកូ
លោក ទីជែរី ហង់រី កាលពេលលោក នៅជាកីឡាករខ្សែប្រយុទ្ធ របស់ក្រុម អាសឺណល់ របស់អង់គ្លេស។ (រូបថត Club)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 10, 2018
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សារព័ត៌មានបារាំង «L'Equipe» ជំនាញខាងកីឡា បានបង្ហើបឲ្យដឹង នៅយប់ថ្ងៃអង្គារនេះថា ក្រុមបាល់ទាត់ ម៉ូណាកូ (AS Monaco) កំពុងសម្លឹងមើលលោក ទីជែរី ហង់រី (Thierry Henry) អតីតកំពូលកីឡាករ ដែលធ្លាប់ទាត់ឲ្យខ្លួន តាំងពីនៅក្មេងវ័យ ឲ្យឡើងមកធ្វើជាគ្រូបង្វឹក ជំនួសលោក ឡេអូណាដូ ចាឌីម (Leonardo Jardim) គ្រូបង្វឹកជាត់ព័រទុយហ្គាល់ ដែលហាក់ដូចជាទន់ដៃ ក្នុងការជួយឲ្យក្រុមរកជ័យជំនះ ពីរាល់ការប្រកួត ក្នុងរដូវកាលថ្មី ឆ្នាំ២០១៨-២០១៩។

ការបញ្ឈប់គ្រូបង្វឹក ជាតិព័រទុយហ្គាល់ ទំនងជាត្រូវបានក្រុម ម៉ូណាកូ កំពុងត្រៀមធ្វើ ដោយគ្រាន់តែរង់ចាំពេលវេលា ដើម្បីប្រកាសជាផ្លូវការប៉ុណ្ណោះ។ សារព័ត៌មានកីឡាដ៏ធំ របស់ប្រទេសបារាំង បានស្រង់ប្រភព​មួយចំនួន មកបញ្ជាក់ថា ការបញ្ឈប់គ្រូបង្វឹក ឡេអូណាដូ ចាឌីម ធ្វើឡើងជាធម្មតា ដោយសារបរាជ័យផ្ទួនៗ របស់ក្រុម ម៉ូណាកូ បានកើតឡើង ក្នុងការប្រកួត ទាំងក្របខណ្ឌជាតិ ទាំងក្របខណ្ឌអ៊ឺរ៉ុប «Champions League» និងបើសូម្បីប្រកួត នៅក្នុងផ្ទះខ្លួនឯង ទល់នឹងក្រុម ដែលធ្លាប់អន់ ជាងខ្លួនក៏ដោយ។

បន្ទាប់ពីបានប្រកួត ៩លើក នៃការចាប់ផ្ដើមរដូវកាលដំបូង ក្រុម ម៉ូណាកូ រកបានត្រឹមតែ ៦ពិន្ទុ ត្រូវនឹងចំណាត់ថ្នាក់លេខ ១៨ ពីក្នុងចំណោមក្រុមទាំង២០ នៃក្របខណ្ឌប្រកួតបូកពិន្ទុ របស់ប្រទេសបារាំងប៉ុណ្ណោះ។

លទ្ធផលនៃ តម្រូវឲ្យមេដឹកនាំក្រុម ម៉ូណាកូ ចាំបាច់បញ្ឈប់គ្រូបង្វឹកសព្វថ្ងៃ និងរកគ្រូបង្វឹកថ្មី។ បើតាមប្រភព ដែលសារព័ត៌មានលើកឡើងនោះ គ្រូបង្វឹកថ្មីអាចមានចំនួន៣នាក់ ហើយពីចំណោមនោះ គ្រូបង្វឹកដែលជាអាទិភាពបំផុត គឺលោក ទីជែរី ហង់រី អតីតកីឡាកររបស់ខ្លួន នេះតែម្ដង។ សារព័ត៌មានកីឡា បានសរសេរថា កិច្ចពិភាក្សាដំបូងៗ ជាមួយអតីតខ្សែប្រយុទ្ធ របស់ក្រុមកាំភ្លើងធំរូបនេះ បានកើតមានរួចហើយ តែមិនទាន់មានការសម្រេចអ្វី ជាផ្លូវការនៅឡើយ។

យ៉ាងណា ការប្រកាសជាផ្លូវការ ពីការចូលកាន់តំណែងរបស់គ្រូបង្វឹកថ្មី អាចនឹងត្រូវធ្វើ នៅចុងសប្ដាហ៍ខាងមុខ ឬយ៉ាងយូរបំផុត នៅដើមសប្ដាហ៍ក្រោយ។ សូមរង់ចាំតាមដានបន្ត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...