តុល្យភាព​មនុស្ស​ស្លាប់​ដោយ​រលក​យក្ស​នៅ​ឥណ្ឌូនេស៊ី ឡើង​ដល់​១២៣៤នាក់

រលកយក្សដែលបានបោកបក់ ទៅលើកោះឥណ្ឌូនេស៊ី «Sulawesi ឬជាភាសាបារាំង Célèbes» កាលពីចុងសប្ដាហ៍មុន បានបង្កឲ្យមានមនុស្សស្លាប់ កើនឡើងដល់ ១២៣៤នាក់ ហើយ។ នេះ បើតាមតុល្យភាពផ្លូវការ ផ្ដល់ដោយអាជ្ញាធរទទួលបន្ទុកគ្រោះធម្មជាតិ របស់ប្រទេស។ តុល្យភាពកាលពីថ្ងៃចន្ទ បានអះអាងថា មនុស្សស្លាប់មានចំនួន ៨៤៤នាក់ ខណៈតុល្យភាពភ្លាមៗ​ អះអាងថា មានមនុស្សស្លាប់ ៣៨៤នាក់។
តុល្យភាព​មនុស្ស​ស្លាប់​ដោយ​រលក​យក្ស​នៅ​ឥណ្ឌូនេស៊ី ឡើង​ដល់​១២៣៤នាក់
ទិដ្ឋភាពនាវាមួយគ្រឿង ត្រូវបានរលកយក្សនាំឡើងគោក និងបុកលើផ្ទះអ្នកស្រុក ដែលស្ថិតនៅក្បែរឆ្នេរបំផុត។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 03, 2018
  • ប្រធានបទ: គ្រោះធម្មជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បួនថ្ងៃក្រោយគ្រោះរលកយក្ស តុល្យភាពនៅតែបន្តបង្ហាញតួលេខ ធ្ងន់ធ្ងរឡើងៗ។ មនុស្សប្រមាណជា ២០០ ០០០នាក់ កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ខណៈជនរងគ្រោះដល់ជីវិត ត្រូវបានរកឃើញបន្ថែម ជាបន្តបន្ទាប់ ដែលធ្វើឲ្យតុល្យភាព នៅពេលនេះកើនឡើង ដល់ចំនួន ១២៣៤នាក់។ នេះ គេនៅមិនទាន់និយាយដល់ផងទេ ពីជនបាត់ខ្លួនជាច្រើនសិបនាក់ទៀត។

អ្នកភូមិមួយរូប ឈ្មោះ «Muzair» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «ក្នុងគ្រួសារខ្ញុំ មានសមាជិកបាត់ខ្លួន ៥នាក់។ ខ្ញុំត្រូវការស្នើទៅរដ្ឋាភិបាល ឲ្យជួយរកពួកគេ។»។

ក្នុងភូមិ «Poboya» ដែលស្ថិតនៅលើតំបន់កូនភ្នំ នៃក្រុង «Palu» ក្រុមអ្នកជួយសង្គ្រោះ ចាប់ដើម្បីបញ្ចុះសពជនរងគ្រោះ ទៅក្នុងរណ្ដៅកប់សពរួមដ៏ធំមួយ ដែលអាចដាក់សពបានរហូតដល់ទៅ ១៣០០០នាក់។ រថយន្ដដឹកសពជាច្រើន បាននាំយកសព ដែលរំដោយកំណាត់ផ្លាស្ទិកពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខ្មៅ យកមកដាក់នៅទីបញ្ចុះ មុននឹងក្រុមអ្នកកប់សព លើកសពដាក់ចូលក្នុងរណ្ដៅ។

ក្រុមកាកបាតក្រហម បានប្រកាសនៅថ្ងៃអង្គារនេះ ថាបានរកឃើញសាកសពជាច្រើន ដ៏គួរឲ្យតក់ស្លុត នៅក្នុងព្រះវិហារមួយកន្លែង ស្ថិតនៅកណ្ដាលកោះ ដែលត្រូវបានពន្លិច ដោយភក់សមុទ្រ បណ្ដាលមកពីរលកយក្ស។ អ្នកនាំពាក្យកាកបាទក្រហម បានថ្លែងប្រាប់ឲ្យដឹងថា៖ «សាកសពចំនួន ៣៤នាក់ ត្រូវបានរកឃើញ នៅទីនោះ»។

អាជ្ញាធរបានសំដែងក្ដីបារម្ភថា នឹងមានជនរងគ្រោះជាច្រើនទៀត បានជាប់នៅក្នុងគំនរបែកបាក់ នៃអាគារទាំងឡាយ ដែលត្រូវបានរលំបាក់ស្រុត ដោយសារគ្រោះរញ្ជួយដី ក្នុងកម្រិត៧,៥រិចឆ្ទ័រ នៅមុនមានរលកយក្ស។ គេត្រូវរាប់បញ្ចូល ទាំងធាតុអាការក្ដៅហើយសើម នៃរដូវកាល ដែលធ្វើឲ្យសាកសពទាំងឡាយ អាចហើមរលួយយ៉ាងឆាប់រហ័ស ហើយអាចប្រែក្លាយតំបន់ទាំងមូល ទៅក្នុងការឆ្លងជំងឺតម្កាត់។

សម្រាប់អ្នកស្រុក ដែលនៅរស់រានមានជីវិតវិញ ត្រូវប្រឈមនឹងតម្រូវការជាបន្ទាន់ ក្នុងនោះមានទីជម្រក ចំណីអាហារ និងទឹកស្អាត។ មន្ទីរពេទ្យទាំងឡាយ នៅក្នុងតំបន់ មានពេញព្រៀប ដោយអ្នករបួស។ អ្នកស្រុកមួយរូប ឈ្មោះ «Ito Kutra» បានថ្លែងឡើងថា៖ «អត់មានអគ្គិសនីទេ ហើយអត់មានទូរស័ព្ទទាក់ទង អត់មានហ្គាស... ទាំងអស់គ្នាចាំបាច់ ត្រូវតម្រង់ជួរដើម្បីបានចំណីអាហារ ដែលមិនសូវមានគ្រប់គ្រាន់»។

នៅក្នុងគ្រាក្រនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូដូ វីដូដូ (Joko Widodo) បានសម្រេចទទួលជំនួយ ពីអន្តរជាតិ។

គួរបញ្ជាក់ដែរថា នៅថ្ងៃអង្គារនេះ ប្រទេសឥណ្ឌូនេស៊ី ដែលស្ថិតនៅលើខ្សែក្រវ៉ាត់ភ្លើងប៉ាស៊ីភិក នៃផែនដី បានរងការរញ្ជួយដី ជាថ្មីទៀត។ តែការរង្គើព្រះធរណីលើកនេះ មិនមានកម្លាំងខ្លាំងទេ និងស្ថិតនៅចំងាយ ច្រើនរយគីឡូម៉ែត្រ ពីក្រុង «Palu»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...