ការរញ្ជួយដី​បង្ក​រលក​យក្ស​ដ៏​សម្បើម​នៅ​ឥណ្ឌូនេស៊ី ស្លាប់​៣៨៤នាក់

ការរញ្ជួយដី ក្នុងកម្រិតដ៏ខ្លាំង (៧,៥រិចឆ្ទ័រ) កាលពីថ្ងៃសុក្រម្សិលម៉ិញ ក្នុងកោះ «Sulawesi ឬជាភាសាបារាំង Célèbes» ភាគកណ្ដាលនៃប្រទេសឥណ្ឌូនេស៊ី បានបង្កឲ្យមានរលកយក្ស ដ៏សម្បើមមួយឡើង។ តុល្យភាពជាបណ្ដោះអាសន្ន នៅពេលនេះ បង្ហាញថាមនុស្សប្រមាណជា ៣៨៤នាក់ បានស្លាប់បាត់បង់ជីវិត។
ការរញ្ជួយដី​បង្ក​រលក​យក្ស​ដ៏​សម្បើម​នៅ​ឥណ្ឌូនេស៊ី ស្លាប់​៣៨៤នាក់
ទិដ្ឋភាពរលកយក្ស បោកខ្លួនទៅលើក្រុងឆ្នេរសមុទ្រ នៃប្រទេសឥណ្ឌូនេស៊ី ក្នុងសុក្រ ទី២៨ ចូលមកថ្ងៃសៅរ៍ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៩ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 29, 2018
  • ប្រធានបទ: គ្រោះរលក​យក្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រលកសមុទ្រ ដែលមានកំពស់៦ម៉ែត្រ បានបោកបក់ទៅលើតំបន់ឆ្នេរ នៃក្រុង «Palu» ស្ថិតនៅលើកោះ «Sulawesi ឬជាភាសាបារាំង Célèbes» ភាគកណ្ដាល នៃប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង ក្នុងកម្រិត ៧,៥រិចឆ្ទ័រ បានកើតឡើង កាលពីថ្ងៃសុក្រម្សិលម៉ិញ។ រហូតមកដល់ព្រឹកថ្ងៃសៅរ៍នេះ តំបន់រងគ្រោះទាំងនេះ នៅទទួលរងការរញ្ជួយដីនេះ នៅឡើយ។

បើតាមតួលេខដែលផ្ដល់ដោយអាជ្ញាធរ ទទួលបន្ទុកគ្រោះធម្មជាតិ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា មនុស្ស៣៨៤នាក់ បានស្លាប់បាត់បង់ជីវិត។ អ្នកនាំពាក្យរបស់ស្ថាប័ននេះ លោក «Sutopo Purwo Nugroho» បានថ្លែងក្នុងសន្និសីទកាសែត ក្នុងថ្ងៃសៅរ៍នេះថា៖ «នៅពេលដែលមានការគម្រាម ដោយរលកយក្ស កាលពីម្សិលម៉ិញ មនុស្សម្នាកំពុងស្ថិត នៅលើឆ្នេរខ្សាច់នៅឡើយ។ ពួកគេមិនទាន់រត់ ភៀសខ្លួនភ្លាមទេ ហើយក៏រងគ្រោះ ព្រោះរលកយក្សទាំងនោះតែម្ដង។»

បើតាមស្ថាប័នដដែល បានអះអាងថា មនុស្ស៥៤០នាក់ផ្សេងទៀត បានរងរបួស និងមានមនុស្ស ២៩នាក់ បានបាត់ខ្លួន។

នៅយប់​ថ្ងៃសុក្រ មនុស្សច្រើនពាន់នាក់ បានប្រមូលផ្ដុំគ្នា នៅលើឆ្នេរសមុទ្រ ដើម្បីប្រារព្ធបុណ្យខួបកំណើតក្រុង។ រូបភាពវីដេអូជា​ច្រើន ដែលត្រូវបានថតជាប់ ដោយអ្នកស្រុក បានបង្ហាញឲ្យឃើញ ពីរលកយក្សធំៗ បានបោកខ្លួន ទៅលើអាគារ ផ្ទះសម្បែង និងកំពង់ផៃទាំងឡាយ នៅតាមបណ្ដោយឆ្នេរ។ លោក «Sutopo Purwo Nugroho» បានបញ្ជាក់ថា ផ្ទះសម្បែង មន្ទីរពេទ្យ សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាច្រើន បានស្រុតបាក់ ខណៈស្ពានមួយកន្លែង ត្រូវបានរលកបោក យកទៅជាមួយ។

គ្រោះធម្មជាតិនេះ ក៏បានបង្ក ឲ្យមានការដាច់ចរន្តអគ្គិសនី ដែលរំខាន ដល់ការទាក់ទងទាំងឡាយ និងដល់ការជួយសង្គ្រោះជនរងគ្រោះដែរ។ អាជ្ញាធរទទួលបន្ទុកគ្រោះធម្មជាតិ បានអះអាងថា ខ្លួនមិនបានទទួលដំណឹង ពីក្រុង «Donggala» ដែលនៅជិតចំណុចរញ្ជួយដីជាងគេ និងស្ថិតនៅចំងាយ ២៧គីឡូម៉ែត្រ ពីក្រុង «Palu»។

រដ្ឋមន្ត្រីសន្តិសុខជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា យន្ដហោះយោធាជាច្រើនគ្រឿង បានហោះនាំជំនួយមនុស្សធម៌ ពីរដ្ឋធានី ចាការតា មកកាន់តំបន់រងគ្រោះ។ ព្រលានយន្ដហោះ និងបន្ទប់ត្រួតពិនិត្យការហោះហើរ នៅក្រុង «Palu» បានរងការខូចខាត ក្នុងហេតុការណ៍ខាងលើ ប៉ុន្តែអាជ្ញាធរអះអាងថា នឹងបើកឲ្យយន្ដហោះ អាចចុះចតបានវិញ ក្នុងពេលដ៏ឆាប់ៗនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...