ភូមា និង​វេណេហ្សុយអេឡា ស្ថិត​ក្នុង​បញ្ជីខ្មៅ​របស់ អ.ស.ប

ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានធ្វើកិច្ចពិភាក្សារបស់ខ្លួន យ៉ាងផុលផុស ក្នុងថ្ងៃព្រហស្បត្តិនេះ ពីជោគវាសនារបស់បណ្ដាជនជាតិភាគតិច រ៉ូហិនយ៉ា នៅក្នុងប្រទេសភូមា និងទៅលើការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសវេណេហ្សុយអេឡា។
ភូមា និង​វេណេហ្សុយអេឡា ស្ថិត​ក្នុង​បញ្ជីខ្មៅ​របស់ អ.ស.ប
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំភូមា និងលោក នីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្សុយអេឡា។ (រូបថត UN)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 03, 2018
  • ប្រធានបទ: សិទ្ធិមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសហប្រជាជាតិ កំពុងរឹតបន្តឹងវិធានការរបស់ខ្លួន ចំពោះប្រទេសភូមា និងប្រទេសវេណេហ្សុយអេឡា។ 

បន្ទាប់ពីរបាយការណ៍ របស់បេសកកម្មស្វែងរកការពិតមួយ បានអះអាងពីអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងបណ្ដាជនជាតិភាគតិច រ៉ូហីងយ៉ា នៅក្នុងប្រទេសភូមា ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបោះឆ្នោតសម្រេច នៅថ្ងៃព្រហស្បត្តិនេះ ឲ្យមាននូវយន្តការឯករាជ្យមួយ សម្រាប់ការពារភស្តុតាង។

របាយការណ៍ របស់បេសកកម្មឯករាជ្យនោះ បានបង្ហាញអនុសាសន៍ ឲ្យមានការបញ្ជូនខ្លួន មេដឹកនាំយោធាកំពូលៗ ប្រមាណជា៦នាក់ របស់ប្រទេសភូមា ឡើងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីបទប្រល័យពូជសាសន៍។

កាលពីសប្ដាហ៍មុនដដែល តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់តាមភាសាអង់គ្លេស «ICC» និងភាសាបារាំង «CP» ក៏បានបើកការអង្កេតបឋមរបស់ខ្លួនដែរ ជុំវិញការបណ្ដេញបណ្ដាជនជាតិភាគតិច រ៉ូហីងយ៉ា ឲ្យចេញពីភូមិករផ្ទះសម្បែង របស់ពួកគេ។ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ បណ្ដាជនមូស្លីមភាគតិច ប្រមាណជាង ៧០០ ០០០នាក់ បានរត់ភៀសខ្លួន ពីរដ្ឋរ៉ាឃីន ដែលស្ថិតនៅភាគខាងលិចប្រទេសភូមា ទៅកាន់ប្រទេសបង់ក្លាដេស។

យន្ដការបន្តបន្ទាប់ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន បានអំពាវនាវឲ្យធ្វើការសហការ ជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ 

ឯកអគ្គរដ្ឋទូតបង់ក្លាដេស ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស លោក «Farukh Amil» បានថ្លែងឡើងថា៖ «នៅទីបំផុត ពិភពលោកបានរួមគ្នា ដើម្បីទទួលស្គាល់ ពីអំពើសាហាវព្រៃផ្សៃ ដែលបានធ្វើទៅលើបណ្ដាជន រ៉ូហ៊ីនយ៉ា»។

លោកឯកអគ្គរដ្ឋទូត បានអះអាងថា នេះជាសារមួយ ផ្ញើរទៅកាន់មេដឹកនាំ នៃរដ្ឋាភិបាលភូមា និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។ លោក «Farukh Amil» ចង់ឲ្យអ្នកស្រី ស៊ូជី ទទួលស្គាល់ពី «ការពិតដែលកំពុងកើតឡើង»។

សម្រាប់ប្រទេសភូមាវិញ តាមរយៈតំណាងរបស់ខ្លួនប្រចាំនៅ អ.ស.ប បានជំទាស់ពីយន្ដការនេះ ដោយអះអាងឡើង ពី«អាទិភាពដ៏អាក្រក់» សម្រាប់ក្របខណ្ឌអង្គការសហប្រជាជាតិ ដែលជាការប្រឆាំងនឹងប្រទេសភូមា ជាលក្ខណៈឯកតោភាគី។

ពាក់ព័ន្ធនឹងប្រទេសវេណេហ្សុយអេឡា ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប បានស្នើទៅឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី «Michelle Bachelet» ឲ្យបញ្ជូនរបាយការណ៍មួយ មកឲ្យខ្លួន ក្នុងរយៈពេលយូរបំផុត ខែមិថុនាឆ្នាំក្រោយ។ នេះ បើតាមដំណោះស្រាយមួយ ដែលត្រូវបានអនុម័ត ក្នុងថ្ងៃព្រហស្បត្តិ៍តែមួយ (ដូចករណីរបស់ប្រទេសភូមាដែរ)។

ឧត្ដមស្នងការអាណត្តិមុន គឺព្រះអង្គម្ចាស់ «Zeid Raad al-Hussein» តែងបង្ហាញរបាយការណ៍ជាច្រើនដង ក្នុងពេលកន្លងមក បរិហារពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងប្រទសវេណេហ្សុយអេឡា និងបានទាមទារ ឲ្យមានគណៈកម្មការអន្តរជាតិមួយ សម្រាប់ស៊ើបអង្កេត ទៅលើករណីទាំងនេះ។ តែរបាយការណ៍នោះ តែងត្រូវបានច្រានចោល ដោយប្រទេស វេណេហ្សុយអេឡា ដោយប្រទេសនេះ​សំអាងថា ជារបាយការណ៍ ដែលគ្មានការយល់ព្រម ឬការចាត់តាំង ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប។ 

ការប្រហារជីវិតក្រៅប្រព័ន្ធច្បាប់ នៅក្នុងប្រទេសវេណេហ្សុយអេឡា បានបង្កឲ្យមានជនរងគ្រោះរាប់រយនាក់ នៅក្នុងប៉ុន្មានឆ្នាំ​កន្លងមក។ គ្រាន់តែប៉ុន្មានខែចុងក្រោយ មនុស្សយ៉ាងតិច១២៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាប ទៅលើបាតុកម្មទាំងឡាយ បង្កឲ្យមានជាវិបត្តិនយោបាយ និងសេដ្ឋកិច្ច មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ ក្នុងវិបត្តិនេះ បណ្ដាជនវេណេហ្សុយអេឡា ជាង១,៦លាននាក់ បានរត់ភៀសខ្លួន ចេញក្រៅស្រុក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...