ហ៊ុន សែន អះអាង​ពី​ការ​ចាកចេញ «ទៅ​បម្រើ​ជាតិ»

មេដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅក្រុងញ៉ូយក សហរដ្ឋ​អាមេរិក ដើម្បីចូលរួម​ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ។ ក្នុងឱកាសនេះ លោកបានលើកឡើងថា លោក«សូមលា ទៅបម្រើជាតិ» ដោយយកចម្រៀង «លាទៅបម្រើជាតិ» ដ៏ល្បីរបស់អធិរាជសម្លេងមាសខ្មែរ មកសរសេរនាំមុខ។
ហ៊ុន សែន អះអាង​ពី​ការ​ចាកចេញ «ទៅ​បម្រើ​ជាតិ»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្មី ដែលជ្រើសតាំង ដោយសភាឯកបក្សនីតិកាលថ្មី របស់កម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 27, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើរាប់មកទល់នឹងម៉ោងនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងស្ថិតនៅលើយន្ដហោះ នៅឡើយទេ។ លោកបានចាកចេញ ពីប្រទេសកម្ពុជា ក្រោមការហែហម ពីមន្ត្រីអ្នកមុខអ្នកការ រាប់សិបនាក់ ដើម្បីធ្វើដំណើរ ឆ្ពោះទៅកាន់ក្រុងញ៉ូយក សហរដ្ឋអាមេរិក ក្នុងបំណងចូលរួម ក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិ ក្នុងនាមលោក ជាប្រមុខរដ្ឋាភិបាលកម្ពុជា នៃប្រជាជាតិមួយ ដែលជាសមាជិក របស់អង្គការពិភពលោកខាងលើ។

ក្នុងឱកាសនេះ លោក ហ៊ុន សែន បានភ្ជាប់ភារកិច្ចរបស់លោក ទៅនឹងចម្រៀងដ៏ល្បីមួយ បកស្រាយដោយអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ហ៊ួយ មាស ដែលមានចំណងជើងថា «លាទៅបម្រើជាតិ»។ ចម្រៀងនេះ ជាផ្នែកមួយ នៃភាពយន្ដបូរាណចិន រឿង «ស៊ីយិនគុយ» ដែលនិយាយពីវីរភាព របស់មេទ័ពចិន​ ដ៏ខ្លាំង​និងស្មោះត្រង់មួយរូប ឈ្មោះ«ស៊ីយិនគុយ»។

នាយករដ្ឋមន្ត្រីថ្មី ដែលជ្រើសតាំងចេញ ពីសភាឯកបក្សកម្ពុជា បានថ្លែងឡើងថា៖ «ខ្មែរស្ទើរគ្រប់គ្នា ស្គាល់បទដ៏ពេញនិយមមួយ ដែលមានចំណងជើងថា លាទៅបម្រើជាតិ (...) ថ្ងៃនេះ ខ្ញុំសូមលាទៅបម្រើជាតិ ជាថ្មីម្តងទៀត ដោយប្រើនយោបាយការទូត នៅលើឆាកអន្តរជាតិ។ កម្ពុជា មិនអាចឱ្យគេបង្ខូច ជាន់ឈ្លី ទោះបីក្នុងរូបភាពណាមួយក៏ដោយ»។

ដោយរំលឹក ពីគម្រោងទៅជួបអ្នកគាំទ្រលោក នៅលើទឹកដីអាមេរិកផងនោះផង លោក ហ៊ុន សែន បានអះអាងបន្តថា៖ «ខ្ញុំចេញទៅលើកនេះ ក៍នឹងចូលរួមផងដែរ នូវការងារជាកិច្ចការតំបន់ និងអន្តរជាតិ ដែលកំពុងវិវត្តន៍យ៉ាងតានតឹង និងស្មុគស្មាញ»។

បុរសខ្លាំងកម្ពុជា បានដឹងជាមុនហើយ ពីរលកបាតុកម្ម ដែលនឹងរង់ចាំទទួលស្វាគមន៍លោក នៅខាងមុខអាគារអង្គការសហប្រជាជាតិ នៅចុងសប្ដាហ៍នេះ ជាពិសេសនៅថ្ងៃសុក្រទី២៨  ខែកញ្ញា ដែលលោកត្រូវថ្លែង នៅក្នុងមហាសន្និបាត អ.ស.ប។ តែលោក ហ៊ុន សែន បានពន្យល់មកវិញ ពីភាពខុសគ្នា រវាងមុខមាត់របស់លោក និងមុខមាត់-ផលប្រយោជន៍ របស់ជាតិខ្មែរ។

លោក បានបញ្ជាក់ថា៖ «ចំពោះជនរួមជាតិនៅក្រៅប្រទេស ដែលមិនចូលចិត្តខ្ញុំ ក៏សូមចែកឱ្យដាច់នូវអ្វី ជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់ រៀងៗខ្លួនទៅចុះ»។

ការលើកឡើងខាងលើ របស់លោក ហ៊ុន សែន ត្រូវបានអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រតិកម្មយ៉ាងខ្លីមកវិញថា ព្រោះលោក ហ៊ុន សែន ដឹងយ៉ាងច្បាស់ ពីវបត្តិនយោបាយកម្ពុជា ដែលកំពុងកើតមាន នៅក្នុងពេលបច្ចុប្បន្ននេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...