មេដឹកនាំ​ប្រឆាំងបាន​ឈ្នះ​ឆ្នោត​ប្រធានាធិបតី នៅ​កោះ​ម៉ាល់ឌីវ

លោក «Ibrahim Mohamed Solih» មេដឹកនាំប្រឆាំងនៃប្រទេសម៉ាល់ឌីវ បានឈ្នះការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ដោយទទួលសម្លេងគាំទ្រ ពីម្ចាស់ឆ្នោត ប្រមាណជា៥៨,៣%។
មេដឹកនាំ​ប្រឆាំងបាន​ឈ្នះ​ឆ្នោត​ប្រធានាធិបតី នៅ​កោះ​ម៉ាល់ឌីវ
លោក «Ibrahim Mohamed Solih» មេដឹកនាំប្រឆាំង នៃប្រជុំកោះម៉ាល់ឌីវ ដែលបានឈ្នះឆ្នោតកាលពីថ្ងៃអាទិត្យទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 24, 2018
  • ប្រធានបទ: នយោបាយ​ម៉ាល់ឌីវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីប្រទេសម៉ាឡេស៊ី នៅវេលានេះ ប្រជុំកោះម៉ាល់ឌីវ ដែលស្ថិតនៅកណ្ដាលមហាសមុទ្រឥណ្ឌា ក៏កំពុងបដិសេធ​ចោលដែរ នូវការគ្រប់គ្រប់​បែបកណ្ដាប់ដៃដែក នៃប្រធានាធិបតីផុតអាណត្តិ ដោយជ្រើសតាំងជំនួសវិញ ដោយមេដឹកនាំប្រឆាំងមួយរូប គឺលោក «Ibrahim Mohamed Solih»។ មេដឹកនាំប្រឆាំងរូបនេះ បានទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី កាលពីថ្ងៃអាទិត្យនេះ ជាមួយនឹងសម្លេងឆ្នោតគាំទ្រ​ ប្រមាណជា៥៨,៣%។

ជ័យជំនះរបស់លោក «Solih» បានកើតឡើងឡើង ជាមួយយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានពោរពេញ ដោយភាពចម្រូងចម្រាស់ ដែលក្រុមអ្នកឃ្លាំមើលឯករាជ្យ បានគិតថា វាគ្រាន់តែជាការបោកបន្លំ ដើម្បីផ្ដល់ទម្ងន់ ទៅឲ្យបុរសខ្លាំងរបស់ប្រទេស គឺប្រធានាធិបតីផុតអាណត្តិ លោក «Abdulla Yameen» បាននៅបន្តក្រាញអំណាច ទៅមុខទៀតប៉ុណ្ណោះ។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃប្រទេសម៉ាលឌីវ បានប្រកាសឲ្យដឹងថា លោក «Solih» ទទួលបានសម្លេងឆ្នោត ១៣៣ ៨០៨ សម្លេង ឈ្នះដាច់ពីលើលោក «Yameen» ដែលទទួលបានត្រឹមតែ ៩៥ ៥២៦សម្លេងប៉ុណ្ណោះ។ រីឯចំនួនអ្នកចូលរួមបោះឆ្នោតវិញ មានអាត្រាប្រមាណជាង ៨៨%។

ប្រធានាធិបតីផុតអាណត្តិ លោក «Abdulla Yameen» ត្រូវបានគេស្គាល់ថា បានប្រើចំណាត់ការបង្ក្រាបជាច្រើន ទៅលើក្រុមអ្នកប្រឆាំងទាំងឡាយ ក្នុងនោះមានការចាប់ដាក់ពន្ធនាគារ​ ការបង្ខំឲ្យនិរទេសខ្លួន និងបំបិតសម្លេងក្រុមសង្គមស៊ីវិល។

មេដឹកនាំប្រឆាំង ដ៏សំខាន់មួយរូបទៀត គឺលោក «Mohamed Nasheed» ដែលកំពុងរស់នៅនិរទេសខ្លួន បានបង្ខំចិត្តបោះបង់ចោល​បេក្ខភាពរបស់ខ្លួន នៅក្នុងការបោះឆ្នោតនេះ ដោយសាររងការផ្ដន្ទាទោសមួយ ពីសំណាក់ប្រព័ន្ធយុត្តិធម៌ក្នុងស្រុក ដែលអង្គការសហប្រជាជាតិ ចាត់ទុកថា ជាការផ្តន្ទាទោស ដែលមានចរឹតនយោបាយ។ អវត្តមានរបស់លោក បានជំរុញឲ្យក្រុមសម្ព័ន្ធភាព នៃគណបក្សប្រឆាំង រួមដៃគ្នាគាំទ្របេក្ខភាពលោក «Ibrahim Mohamed Solih» អាយុ៥៦ឆ្នាំ ដែលជាអ្នកនយោបាយប្រឆាំង ដ៏សំខាន់ដែរនោះ។

បន្ទាប់ពីទទួលជ័យជំនះរួច លោក «Solih» បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ជាតិ កាលពីយប់ថ្ងៃអាទិត្យ ចូលមកថ្ងៃចន្ទថា៖ «ខ្ញុំសូមអំពាវនាវទៅលោក "Yameen" ឲ្យគោលឆន្ទះរបស់ពលរដ្ឋ និងបង្កើតឲ្យមានការផ្លាស់ប្ដូរអំណាច ដោយសន្តិវិធី។ លទ្ធផលនៃការបោះឆ្នោតនេះ ជាសារមួយបញ្ជាក់យ៉ាងច្បាស់ ថាពលរដ្ឋចង់បានយុត្តិធម៌ និងស្ថេរភាព ហើយយើងនឹងត្រៀមធ្វើកិច្ចការនេះ ទៅតាមការចង់បាននោះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...