អង្ករ​ក្រអូប​«ផ្កាម្លិះ​អង្គរ»​ខ្មែរ ជាប់​លេខ១​លើ​ពិភពលោក​ជា​ថ្មី

អង្ករក្រអូប​«ផ្កាម្លិះអង្គរ»​ខ្មែរ បានទទួលចំណាត់លេខ១ ដែលជាអង្ករល្អឆ្ងាញ់ជាងគេ នៅលើពិភពលោក សម្រាប់ចំណាត់ថ្នាក់ថ្មី នៃឆ្នាំ២០១៨នេះ។ នេះ បើតាមលទ្ធផល ដែលចេញផ្សាយកាលពីថ្ងៃសុក្រ ពីការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
អង្ករ​ក្រអូប​«ផ្កាម្លិះ​អង្គរ»​ខ្មែរ ជាប់​លេខ១​លើ​ពិភពលោក​ជា​ថ្មី
ស្រូវចេញផ្លែ របស់កម្ពុជា។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 15, 2018
  • ប្រធានបទ: អង្ករ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកួតប្រជែង ដណ្ដើមចំណាត់ថ្នាក់អង្ករពិសេស ក្រអូប និងឈ្ងុយឆ្ងាញ់ជាងគេ ប្រចាំឆ្នាំ២០១៨ ដែលប្រព្រឹត្តិធ្វើ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ក្នុងក្របខណ្ឌសន្និសីទពិភពលោក លើកទី១០ ស្ដីពីអង្ករ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម បានសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ទៅឲ្យអង្ករ«ផ្កាម្លិះអង្គរ» របស់ប្រទេសកម្ពុជា។

ប៉ុន្តែចំណាត់ថ្នាក់នេះ មិនមែនជាការភ្ញាក់ផ្អើលអ្វីប៉ុន្មានទេ ដោយហេតុថា អង្ករកម្ពុជាធ្លាប់ទទួលបានចំណាត់ថ្នាក់ ដ៏ប្រសើរដូច្នេះ ជាច្រើនដងរួចមកហើយ គឺនៅក្នុងឆ្នាំ២០១២ - ២០១៣ និងឆ្នាំ២០១៤។

របាយការណ៍​របស់ក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំអង្ករចេញ ប្រមាណជា ២៧១ ០០០តោន នៅក្នុងឆរមាសដំបូង នៃឆ្នាំ២០១៨នេះ។ នៅក្នុងឆ្នាំ២០១៧ អង្ករកម្ពុជាដែលផលិតបាន មានបរិមាណ ១០,៥លានតោន ដែលកើនឡើង ៥% លើសឆ្នាំ២០១៦ ហើយត្រូវបាននាំចេញ ក្នុងបរិមាណច្រើនជាង ៦០០ ០០០តោន ទៅកាន់ទីផ្សារបរទេស។

អង្ករជិតពាក់កណ្ដាល ត្រូវបាននាំចេញដោយខុសច្បាប់...

របាយការណ៍របស់ក្រសួង បានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០១៧ កម្ពុជាបាននាំអង្កររបស់ខ្លួន ចេញទៅកាន់ប្រទេស ច្រើនជាង ៦០ នៅលើពិភពលោក។ ពីក្នុងចំណោមប្រទេសទាំងនោះ ប្រទេសចិនទទួលទិញអង្ករខ្មែរ ៥៧% ច្រើនជាងគេ លើសប្រទេសបារាំង (លេខ២) និងប្រទេសប៉ូឡូញ (លេខ៣)។

កាលពីខែមីនាកន្លងទៅ អង្គការចំណីអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ ដែលហៅកាត់ជាភាសាអង់គ្លេស «FAO» បានធ្វើការព្យាករណ៍ថា អង្ករកម្ពុជាប្រមាណជា ៤៤% នឹងត្រូវនាំចេញ ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ឬតាមបែបទីផ្សារងងឹត។ អង្កការអន្តរជាតិខាងលើ បានប៉ាន់ប្រមាណថា សម្រាប់ឆ្នាំ២០១៨នេះ អង្ករកម្ពុជានឹងត្រូវនាំចេញ ក្នុងបរិមាណ១,៣៥លានតោន ខណៈបរិមាណដែលចុះបញ្ជីផ្លូវការ នឹងមានត្រឹមតែ ៧៥០ ០០០តោនប៉ុណ្ណោះ។ 

ក្រសួងកសិកម្មកម្ពុជា បានទទួលស្គាល់បញ្ហានេះ តែបានពន្យល់ថា នោះដោយហេតុមកពីកម្ពុជា ខ្វះម៉ាស៊ីនកិនស្រូវ និងឃ្លាំងរក្សាទុកអង្ករ ដែលតម្រូវឲ្យឈ្មួញក្នុងស្រុក ចាំបាច់ត្រូវលក់អង្ករ ដែលមិនទាន់កិន ក្នុងតម្លៃថោក ដោយមិនចុះបញ្ជី ទៅឲ្យឈ្មួញនៃប្រទេសជិតខាង។

របាយការណ៍ព្យាករណ៍របស់អង្កការ «FAO» បានបញ្ជាក់ថា វិស័យកសិកម្មរបស់ប្រទេសកម្ពុជា នៅតែជួប​នឹងបញ្ហាជាច្រើនដដែល និងមិនអាចជួយ ដល់ជីវភាព​របស់​ប្រជាជនកម្ពុជា ឲ្យមានភាពប្រសើរបានទេ សម្រាប់ប៉ុន្មានឆ្នាំទៅមុខ ខណៈប្រទេសដ៏ក្រីក្រមួយនេះ មានប្រជាជនប្រមាណជា ៨០% ជាកសិករ និងប្រមាណជា ៩០% រស់នៅក្រោមបន្ទាត់ នៃភាពក្រីក្រនៅឡើយនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...