សមិទ្ធិករជាតិអូស្ត្រាលី​ចេញ​ពី​កម្ពុជា​ទៅ​ដល់​ស៊ីដនី​យប់​នេះ ខណៈ​មេធាវី​ថា​លោក​នឹង​វិល​មក​កម្ពុជា​វិញ

បើទោះជាត្រូវអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ ក្នុងតួនាទីជាប្រមុខរដ្ឋស្ដីទី លើកលែងទោសឲ្យក៏ដោយ ក៏លោក​ ជែមស៍ រីកខិតសិន (James Ricketson) សមិទ្ធិករភាពយន្ដ​ជាតិអូស្ត្រាលី ត្រូវបានបណ្ដេញ និងបញ្ជូនខ្លួន ចេញពីប្រទេសកម្ពុជាហើយ កាលពីយប់ថ្ងៃសៅរ៍។ លោកនឹងទៅដល់ក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី នៅយប់ថ្ងៃអាទិត្យ។
សមិទ្ធិករជាតិអូស្ត្រាលី​ចេញ​ពី​កម្ពុជា​ទៅ​ដល់​ស៊ីដនី​យប់​នេះ ខណៈ​មេធាវី​ថា​លោក​នឹង​វិល​មក​កម្ពុជា​វិញ
លោក​ ជែមស៍ រីកខិតសិន សមិទ្ធិករភាពយន្ដ​ជាតិអូស្ត្រាលី នៅពេលលោកត្រូវបាននាំខ្លួន មកកាន់តុលាការ ក្នុងពេលកន្លងមក។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 23, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេធាវីការពារក្ដី ឲ្យសមិទ្ធិករភាពយន្ដជាតិអូស្ត្រាលី លោក ជែមស៍ រីកខិតសិន (James Ricketson) ដែលត្រូវបានដោះលែង បន្ទាប់ពីទទួលបានការលើកលែងទោស កាលពីថ្ងៃសុក្រកន្លងមក បានអះអាងនៅថ្ងៃនេះថា កូនក្ដីរបស់លោក នឹងវិលត្រឡប់មកកម្ពុជាវិញ ក្នុងពេលខាងមុខ។ ការអះអាងរបស់លោកមេធាវី គង់ សំអុន បានធ្វើឡើង នៅខណៈពេលលោក ជែមស៍ រីកខិតសិន ត្រូវបានអាជ្ញាធរកម្ពុជា បណ្ដេញ និងបញ្ជូនខ្លួន ចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃសៅរ៍នេះ តាមជើងយន្ដហោះមួយ។

លោក ជែមស៍ រីកខិតសិន ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនយកទៅដាក់ឃុំ រាប់ចាប់ពីថ្ងៃទី៧ ខែមិថុនា ២០១៧ មុននឹងត្រូវបានតុលាការ ចោទប្រកាន់លោក នៅពីរថ្ងៃក្រោយមក ពីបទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការ​ពារ​ជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា»​។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីសមិទ្ធិករ ជាតិអូស្រ្តាលីខាងលើ បានបង្ហោះដ្រូនផ្តិតយករូបភាព នៃការដង្ហែក្បួនឃោសនាបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ ក្នុងព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។ ការឃុំខ្លួនលោក បានបន្តធ្វើរហូត លុះត្រាមកដល់ថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០១៨ ទើបសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ និងសម្រេចផ្តន្ទាសទោសរូបលោក ដាក់ពន្ធនាគារចំនួន ៦ឆ្នាំ។

លោក ជែមស៍ រីកខិតសិន នឹងធ្វើដំណើរទៅដល់ក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី នៅវេលាម៉ោង ២០ យប់ថ្ងៃអាទិត្យនេះ។ នៅក្នុងតុលាការកម្ពុជា លោកបានបដិសេធបទចោទប្រកាន់ ជាច្រើនដង ដោយអះអាងថា លោកគ្មានកាលប្រវត្តិ ដែលទាក់ទងនឹងនយោបាយ ហើយថាការងារផ្តិត​យក​វីដេអូឯកសារ​របស់លោក ធ្វើឡើងតាមលក្ខណៈ ជាអ្នកសារព័ត៌មានម្នាក់ប៉ុណ្ណោះ។

លោក កែវ វណ្ណថន មន្ត្រី​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បានបញ្ជាក់ថា ការបញ្ជូនខ្លួនលោក ជែម រីកខិតសិន ចេញពីប្រទេសកម្ពុជា ជា​ការ​អនុវត្តតាម​ប្រកាស ​របស់​ក្រសួង​មហាផ្ទៃ ដែល​ចែងថា ជនបរទេស​ណា​ ដែល​ប្រព្រឹត្ត​បទល្មើស ហើយ​ជាប់​ទោស នៅ​ក្រោយ​ពេល​ផុត​ទោស ត្រូវតែ​បញ្ជូន​ចេញពី​កម្ពុជា។

តែលោកមេធាវី គង់ សំអុន បានអះអាង កាលពីល្ងាចថ្ងៃសុក្រថា៖ «បន្ទាប់ពីត្រូវបានដោះលែង ជែមស៍ នឹងត្រឡប់ទៅស្រុករបស់គាត់។ ប៉ុន្តែនៅពេលក្រោយ គាត់នឹងត្រឡប់មកកម្ពុជាវិញ ព្រោះព្រះរាជក្រឹត្យលើកលែងទោស មិនបានហាមឃាត់គាត់ ថាមិនឲ្យត្រឡប់ចូលកម្ពុជាវិញនោះឡើយ»។

យ៉ាងណា ការចាប់ឃុំខ្លួនសមិទ្ធិករភាពយន្ដ ចំណាស់៦៩ឆ្នាំរូបនេះ អស់រយៈពេលជាច្រើនខែ ត្រូវបានលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ពន្យល់ថា គឺធ្វើឡើងដោយសារលោក ជែមស៍ រីកខិតសិន រូបនេះ តែងផ្តិតយករូបភាពពិតៗ ពីបញ្ហានយោបាយ ឬពីព្រឹត្តិការណ៍សង្គមនានា យកទៅប្រាប់ពិភពលោក ដែលធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បាក់មុខ។ មេដឹកនាំប្រឆាំង បានអះអាងដូច្នេះ ដោយយកវីដេអូមួយ ដែលផ្តិតចាប់រូបភាព និងកាត់តដោយលោក ជែមស៍ រីកខិតសិន មកបញ្ជាក់ផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...