សម រង្ស៊ី៖ «អសនៈ​កម្ពុជា​នៅ អ.ស.ប [គួរ]​ត្រូវ​ដាក់​ឲ្យ​នៅ​ទំនេរ»

ក្រុមតំណាងរាស្ត្រសភាអ៊ឺរ៉ុបមួយចំនួន មានបំណងចង់ស្នើទៅសហគមន៍អន្តរជាតិ ឲ្យទុកអសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ឲ្យនៅទំនេរ។ បំណងរបស់ក្រុមតំណាងរាស្ត្រទាំងនោះ ត្រូវបានសរសេរក្នុងញត្តិស្នើដំណោះស្រាយមួយ ប៉ុន្តែមិនត្រូវបានដាក់បញ្ចូល ក្នុងដំណោះស្រាយចុងក្រោយ ដែលទទួលបានការអនុម័តពីសភាអ៊ឺរ៉ុប កាលពីថ្ងៃ១៣ ខែកញ្ញាកន្លងមកនេះទេ។
សម រង្ស៊ី៖ «អសនៈ​កម្ពុជា​នៅ អ.ស.ប [គួរ]​ត្រូវ​ដាក់​ឲ្យ​នៅ​ទំនេរ»
លោក ហ៊ុន សែន (ខាងឆ្វេង) អមដំណើរលោក បាន គី-មូន អតីតអគ្គលេខាធិការ អ.ស.ប ក្នុងអំឡុងពេលលោក ធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងខែតុលា ឆ្នាំ២០១០។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 16, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅយប់ថ្ងៃសៅរ៍ទី ១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានរំលឹកឡើងវិញ អំពីបំណងរបស់ក្រុមសមាជិក​សភា​អ៊ឺរ៉ុប​មួយចំនួន ដែលចង់ស្នើទៅសហគមន៍អន្តរជាតិ ឲ្យទុកអសនៈនៃប្រទេសកម្ពុជា នៅអង្គការសហប្រជាជាតិ (អ.ស.ប) ឲ្យនៅទំនេរ។ ប៉ុន្តែបំណងខាងលើ មិនត្រូវបានបញ្ចូល នៅក្នុង ដំណោះស្រាយ ដែលទទួលបានការអនុម័តជាឯកច្ឆ័ន្ទ ដោយសម័យប្រជុំពេញអង្គ នៃសភាអ៊ឺរ៉ុប កាលពីថ្ងៃទី១៣ ខែកញ្ញានោះទេ។

បំណងរបស់ក្រុមអ្នកតំណាងរាស្ត្រ សភាអ៊ឺរ៉ុប មួយក្រុមនោះ ត្រូវបានលើកឡើង នៅក្នុងញត្តិស្នើដំណោះស្រាយ លេខ «B8-0377/2018» នៅត្រង់ចំណុចទី១០ ដោយមានខ្លឹមសារជាអាទិ៍ថា៖ «សភាអ៊ឺរ៉ុប ទទូចឲ្យ​រដ្ឋាភិបាល នៃបណ្ដាប្រទេសជា​សមាជិក​ របស់​សហភាព​អឺរ៉ុប​​ទាំងអស់​ ចោទជាសំនួរ​ឡើង ​ពីអសនៈ​របស់​កម្ពុជា​ នៅ​ឯ​អង្គការសហប្រជាជាតិ​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ មិន​ស្របច្បាប់ ​តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​ ដែល​គ្មាន​ភាព​យុត្ដិធម៌​ និង​ពហុបក្ស​»។

យោបល់ ដែលនាំឲ្យក្រុមសមាជិកសភាអ៊ឺរ៉ុបខាងលើ លើកជាញត្តិស្នើដំណោះស្រាយ នៅត្រង់ចំណុចនេះឡើង ត្រូវបានអតីតប្រធានគណបក្សសង្គ្រោះជាតិ ពន្យល់ជាលក្ខណៈដំណឹងខ្លីៗ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ដោយសារតែការបោះឆ្នោតចុងក្រោយនេះនៅកម្ពុជា មិនស្របច្បាប់ ហើយជាការបំភ្លៃឆន្ទៈប្រជារាស្ត្រខ្មែរទាំងស្រុង ដែលជាទង្វើមួយសហគមន៍អន្តរជាតិ មិនអាចទទួលយកបាន រដ្ឋសភានិងរដ្ឋាភិបាល ដែលទើបតែបង្កើតថ្មី នៅទីក្រុងភ្នំពេញ ក៏មិនស្របច្បាប់ដែរ»។

លោក សម រង្ស៊ី បន្តពន្យល់ទៀតថា៖ «ដូច្នេះ ក្នុងការរង់ចាំការបោះឆ្នោតឡើងវិញ ដែលនឹងមានគណបក្សសង្គ្រោះជាតិ ចូលរួមផងដែរ និងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយពីការបោះឆ្នោតឡើងវិញនោះ សហគមន៍អន្តរជាតិ ត្រូវតែទុកអសនៈប្រទេសកម្ពុជា នៅអង្គការសហប្រជាជាតិ ឲ្យនៅទំនេរ មានន័យថា ត្រូវបណ្តេញតំណាងរបប ហ៊ុន សែន មិនឲ្យអង្គុយអសនៈនេះទៀត»។

សម្រាប់អ្នកច្បាប់វិញ បានសម្លឹងមើលឃើញថា យុទ្ធនាការចង់ដាក់អសនៈកម្ពុជា នៅអ.ស.ប ឲ្យនៅទំនេរ មិនអាចធ្វើទៅរួចទេ ដោយហេតុថា របបលោក ហ៊ុន សែន មានចិនជាជន្ទល់ដ៏រឹងមាំ ហើយប្រទេសចិន នឹងប្រើសិទ្ធិ «VETO» របស់ខ្លួន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃអ.ស.ប ដើម្បីជំទាស់ការទាមទារនេះ។ មួយសម្លេងរបស់ចិន គ្រប់គ្រាន់នឹងខ្ទប់ មិនឲ្យការប៉ុនប៉ងនេះ អាចធ្វើទៅរួច។

ដោយទំនងជាហេតុនេះហើយ ទើបចំណុចខាងលើ មិនត្រូវបានដាក់បញ្ចូល ក្នុងដំណោះស្រាយចុងក្រោយ ដែលត្រូវបាន​សភាអ៊ឺរ៉ុប​អនុម័ត។ ហើយនេះ គេនៅមិនទាន់និយាយ ដល់សមាជិកអចិន្ត្រៃយ៍មួយទៀត គឺប្រទេសរ៉ូស្ស៊ី ដែលអាចនឹងប្រើសិទ្ធិ «VETO» ដូចគ្នា ដើម្បីគាំទ្រឲ្យរបបលោក ហ៊ុន សែន នៅបន្តអង្គុយនៅលើអ​សនៈ ដោយមិនព្រួយបារម្ភអ្វីទាំងអស់ នោះផងទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...