សមាជិក​សភា​អ៊ឺរ៉ុប​ទទូច​ឲ្យ EU ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​គ្រាក់ៗ​ខ្មែរ

ក្រុមតំណាងរាស្ត្រអ៊ឺរ៉ុប ដែលមកពីបណ្ដាប្រទេស ជាសមាជិកសហភាពអ៊ឺរ៉ុប បានសំដែងជំហររួមគ្នាមួយ នៅថ្ងៃព្រហស្បត្តិទី១៣ ខែកញ្ញានេះ ដើម្បីទាមទារឲ្យសហភាព​អ៊ឺរ៉ុប ត្រូវអនុម័ត​នូវទណ្ឌកម្ម ឲ្យចំទិសដៅ ទៅលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលតំណាងរាស្ត្រទាំងនោះ ចោទថា ជាអ្នកទទួលខុសត្រូវ ក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅកម្ពុជា។
សមាជិក​សភា​អ៊ឺរ៉ុប​ទទូច​ឲ្យ EU ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​គ្រាក់ៗ​ខ្មែរ
កិច្ចប្រជុំពេញអង្គមួយ នៃសភាសហភាពអ៊ឺរ៉ុប។ (រូបថត EU)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 14, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅទីបំផុត សភាសហភាពអ៊ឺរ៉ុប បានអនុម័តជាឯកច្ឆន្ទ នូវដំណោះស្រាយ«បន្ទាន់»មួយ ដែលមាន១៣ចំណុច។ ដំណោះស្រាយនេះ កើតចេញពីការប្រមូលផ្ដុំ និងការធ្វើបច្ចុប្បន្នភាព នៃញត្តិស្នើដំណោះស្រាយ យ៉ាងហោចចំនួន៦ ដែលត្រូវបានក្រុមសមាជិកសភាអ៊ឺរ៉ុប មកពីច្រើនគណបក្ស ច្រើនប្រទេស (ក្នុងសហភាពអ៊ឺរ៉ុប) ដាក់ចូល​ទៅកាន់​សម័យប្រជុំពេញអង្គ លើកទី៣៩ របស់សភាសហភាពអ៊ឺរ៉ុប ដែលប្រព្រឹត្តិទៅ តាំងពីដើមសប្ដាហ៍ រហូតមកដល់ ថ្ងៃព្រហស្បត្តិ៍នេះ។

ដូចអត្ថបទព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលផ្សាយពីព្រឹត្តិការណ៍ខាងលើ តាំងពីដំបូងទីមក ថាញត្តិទាំង៦នោះ មានសណ្ឋានប្រហាក់ប្រហែលគ្នា តែមានទម្ងន់ នៃការស្នើដំណោះស្រាយ មិនដូចគ្នាទេ។ សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ

ប៉ុន្តែការស្នើ​ដំណោះស្រាយ​ដូចគ្នាមួយ របស់ក្រុមអ្នកតំណាងរាស្ត្រ នៃសហភាពអ៊ឺរ៉ុប គឺទទូចឲ្យគណៈកម្មការអ៊ឺរ៉ុប និងក្រុមប្រឹក្សាអ៊ឺរ៉ុប (ដែលជាក្បាលម៉ាស៊ីន ដឹកនាំសហភាពអ៊ឺរ៉ុប ឬនិយាយឲ្យស្រួលស្ដាប់ គឺរដ្ឋាភិបាលសហភាពអ៊ឺរ៉ុប) សម្រេចដាក់ទណ្ឌកម្ម ប្រឆាំងមន្ត្រីជាន់ខ្ពស់បំផុត នៃរដ្ឋាភិបាលកម្ពុជា ដែលក្រុមអ្នកតំណាងរាស្ត្រ រកឃើញថា បានទទួលខុសត្រូវ ក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជា។

សម្ព័ន្ធភាពមួយ នៃគណបក្សសេរីនិយម និងប្រជាធិបតេយ្យ នៅក្នុង​និងក្រៅ​សហភាពអ៊ឺរ៉ុប ដែលហៅកាត់ថា «ADLE (*)» និងដែលមានតំណាងរាស្ត្រ​ជាច្រើនរបស់ខ្លួន គឺជាសមាជិក​សភាអ៊ឺរ៉ុបនោះ បានចេញសេចក្ដីថ្លែងការណ៍​មួយ ក្នុងថ្ងៃព្រហស្បត្តិ​ដដែលនេះ គាំទ្រដំណោះស្រាយ ដែលអនុម័តដោយ​សភាអ៊ឺរ៉ុប ជាពិសេសត្រង់​ចំណុចទី១០ ដែលចែងឡើង ដូចការដកស្រង់ទាំងស្រុង ខាងក្រោមថា៖

«អំពាវនាវ ដល់ការិយាល័យអ៊ឹរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE) និងគណកម្មការអ៊ឺរ៉ុប ឲ្យបង្កើតបញ្ជីខ្មៅមួយ ដែលមានចុះឈ្មោះបុគ្គល ដែលទទួលខុសត្រូវ ចំពោះការរំលាយគណបក្សប្រឆាំង និងការរំលោភបំពានសិទ្ធិមនុស្ស ដ៏ធ្ងន់ធ្ងរដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីដាក់ទណ្ឌកម្ម ដោយកំហិតលើទិដ្ឋាការ (ចូលទឹកដីអ៊ឺរ៉ុប) និងបង្កកទ្រព្យសម្បត្តិ របស់ពួកគេ»

សមាជិកសភាអ៊ឺរ៉ុប មកប្រទេសលីទុយអានី លោក «Petras Auštrevičius» បានថ្លែងឡើងថា សហភាពអ៊ឺរ៉ុប​មានភាព​ចាំបាច់ណាស់ ក្នុងការដាក់​ទណ្ឌកម្ម ទៅលើមន្ត្រីកម្ពុជា​គ្រាក់ៗ​ទាំងនោះ។ លោកថា៖ «យើងត្រូវបិទបញ្ចប់នីទណ្ឌភាព និងការរំលោភសិទ្ធជាមូលដ្ឋាន នៅប្រទេសកម្ពុជា។ ហើយដើម្បីអាចធ្វើបញ្ហានេះបាន សហភាពអ៊ឺរ៉ុបត្រូវតែ អនុវត្តសេចក្ដីថ្លែងការណ៍ទាំងឡាយ ឲ្យចេញជារូបរាង។ ប្រទេសកម្ពុជា មិនអាចទទួលប្រយោជន៍ ពីប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម «GSP Plus» តទៅទៀតបានទេ។»។

សម្រាប់តំណាងរាស្ត្រអ៊ឺរ៉ុប មកពីប្រទេសអេស្ប៉ាញ លោក «Ramon Tremosa» (គណបក្ស PDeCAT) បានបញ្ជាក់ថា៖ «រដ្ឋាភិបាលលោក ហ៊ុន សែន ជារដ្ឋាភិបាលខុសច្បាប់ ហើយខ្ញុំចង់ឲ្យសហភាពអ៊ឺរ៉ុប និងអ្នកស្រី ម៉ូហ្គេរីនី (Federica Mogherini - ជាអនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង​នយោបាយ​សន្តិសុខ) ទទួលស្គាល់ និងអះអាងបញ្ជាក់ ពីការពិតនេះ។ សហភាពអ៊ឺរ៉ុប ផ្ដល់ថវិកាច្រើនណាស់ ទៅឲ្យប្រទេសកម្ពុជា ហើយយើងមិនអាចបន្តធ្វើដូច្នេះ ដោយមិនធ្វើអ្វីសោះ នោះឡើយ។»។

ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីដ៏ល្អបំផុតមួយ ដែលមាននៅក្នុងប្រព័ន្ធអនុគ្រោះ ផ្នែកពាណិជ្ជកម្ម «GSP Plus» របស់សហភាពអ៊ឺរ៉ុប ឬហៅថា ជាកម្មវិធី «Everything But Arms (EBA)»។ ហើយដោយសារ តែកម្មវិធី «EBA» នេះហើយ ដែលកម្ពុជា អាចនាំផលិតផលរបស់ខ្លួន ជាពិសេសសម្លៀកបំពាក់ ចេញទៅកាន់ទីផ្សារអ៊ឺរ៉ុប ក្នុងបរិមាណទឹកប្រាក់ ដ៏មហាសាល ប្រមាណជា ៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៦កន្លងទៅ។

សមាជិកសភាអ៊ឺរ៉ុប នៃប្រទេសអេស្ប៉ាញ បានបន្តទៀតថា៖ «អនុលោមតាមមាត្រា ១៩ នៃលក្ខន្តិកៈរបស់ប្រព័ន្ធអនុគ្រោះ ផ្នែកពាណិជ្ជកម្ម "GSP" ក្នុងករណី ដែលមានការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និងសិទ្ធិការងារ នៅក្នុងប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ យើងត្រូវព្យួរជាបណ្ដោះអាសន្ន នូវការអនុគ្រោះពន្ធនេះ ហើយខ្ញុំសូមអំពាវនាវ ទៅកាន់សហភាពអ៊ឺរ៉ុប ឲ្យអនុវត្តកាតព្វកិច្ចផ្នែកច្បាប់ របស់ខ្លួន»។

លោក «Ramon Tremosa» សង្កត់ធ្ងន់ថា៖ «ប្រសិនបើសហភាពអឺរ៉ុប ចង់នៅមានឈ្មោះល្អ និងទទួលបានការទុកចិត្ត ក្នុងកម្រិតអប្បរិមា ណាមួយនោះ សហភាពអ៊ឺរ៉ុប​ត្រូវគោរពច្បាប់​របស់ខ្លួន និងដាក់ទណ្ឌកម្ម ដោយកំហិតផ្នែកទិដ្ឋាការ និងពាណិជ្ជកម្ម ហើយសហភាពអ៊ឺរ៉ុបត្រូវរៀបចំ ឲ្យមានកាលកំណត់ ដ៏ច្បាស់លាស់ ពីទណ្ឌកម្មទាំងនេះ»៕

----------------------------
(*) ALDE៖ ជាពាក្យពេញ តាមភាសាអង់គ្លេស «Alliance of Liberals and Democrats for Europe Party» មានសេចក្ដីជាខេមរភាសាថា «គណបក្សសម្ព័ន្ធភាពសេរីនិយម និងប្រជាធិបតេយ្យអ៊ឺរ៉ុប»។ សម្ព័ន្ធភាពនេះ មាននិន្នការកណ្ដាលនិយម និងមានសមាជិក ជាគណបក្សនយោបាយ ចំនួន៦២ មកពីប្រទេសក្នុង និងក្រៅសហភាពអ៊ឺរ៉ុប។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...