ហ៊ុន សែន ថារដ្ឋមន្ត្រីការបរទេសជប៉ុនអបអរលទ្ធផល នៃការបោះឆ្នោតជាតិ

លោក ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្ត្រី ចេញពីរដ្ឋសភាឯកបក្ស នីតិកាលទី៦ បានអះអាងថា លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលជួបលោក នៅរដ្ឋធានី ហាណូយ ប្រទេសវៀតណាម ក្នុងរសៀលនេះ បានថ្លែងអបអរ ចំពោះលទ្ធផលនៃការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកកក្កដាកន្លងមក។
ហ៊ុន សែន ថារដ្ឋមន្ត្រីការបរទេសជប៉ុនអបអរលទ្ធផល នៃការបោះឆ្នោតជាតិ
ពីឆ្វេងទៅស្ដាំ៖ លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 12, 2018
  • ប្រធានបទ: បោះឆ្នោតជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ៊ុន សែន អះអាងថា រដ្ឋមន្ត្រីការបរទេសជប៉ុន អបអរសាទរពីលទ្ធផល នៃការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការថ្លែងឡើង របស់បុរសខ្លាំងកម្ពុជា ធ្វើឡើងនៅមុននេះបន្តិច បន្ទាប់ពីជំនួប រវាងលោក ហ៊ុន សែន និងលោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅក្នងរដ្ឋធានី ហាណូយ ប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។

នាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានជ្រើសតាំង ដោយសភាឯកបក្សកម្ពុជា បានសរសេរជាដំណឹងមួយ នៅលើទំព័រហ្វេសប៊ុករបស់លោក អះអាងថា លោក តារ៉ូ កូណូ បានអបអរសាទរ ចំពោះលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផល​ភ្លូកទឹកភ្លូកដី មុននឹងលោក ហ៊ុន សែន ដែលជាប្រធានគណបក្ស ត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តីនីតិកាលទី៦ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗ។

លោក ហ៊ុន សែន នៅបានរៀបរាប់ អំពីការរៀបចំក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ដែលមកទល់ពេលនេះ គឺស្ថានភាពក្នុងប្រទេសកម្ពុជាមានស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ល្អប្រសើរ ជាងពេលណាៗទាំងអស់។

ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលកាន់អំណាច តាំងពី៣៣ឆ្នាំមកហើយ បានអួតអាង ប្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុនទៀតថា លោកបានបានបង្កើតវេទិកាពិភាក្សា ដែលមានការចូលរួម ពីគណបក្សនយោបាយ ដែលចូលរួម ក្នុងងការបោះឆ្នោតនោះ មុននឹងបានឈាន ទៅបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើបញ្ហាសំខាន់ៗមួយចំនួន ដើម្បីជួយផ្តល់នូវមតិយោបល់ ដល់ការដឹកនាំ របស់រដ្ឋាភិបាលលោក។

គេមិនអាចស្វែងរក ការអះអាងភ្លាមៗ ពីភាគីជប៉ុន ជុំវិញការអះអាងតែម្ខាង របស់លោក ហ៊ុន សែន ខាងលើនេះ បាននៅឡើយ។ ប៉ុន្តែគេត្រូវឆ្ងល់ថា តើប្រទេសជប៉ុនអាចវិនិច្ឆ័យ ពីភាពត្រឹមត្រូវ យុត្តិធម៌ នៃការបោះឆ្នោតមួយ យ៉ាងដូចម្ដេច បើប្រទេសជប៉ុន​ មិនបានបញ្ជូន អ្នកសង្កេតការណ៍​​របស់ខ្លួន មកចូលរួម ឃ្លាំមើល​ការបោះឆ្នោតនេះ ផងនោះ?

ផ្ទុយទៅវិញ គឺលោក តារ៉ូ កូណូ នេះហើយ ដែលបាន​សំដែងការខកចិត្ត និងការព្រួយបារម្ភធ្ងន់ធ្ងរ នៅចំពោះលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ នៅក្នុងឱកាស នៃកិច្ចប្រជុំមួយ ក្នុងប្រទេសសិង្ហបូរី កាលពីដើមខែសីហា ពោលគឺប៉ុន្មានថ្ងៃ ក្រោយការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស់នោះ។ រដ្ឋមន្ត្រីការបរទេសជប៉ុន ត្រូវបានសារព័ត៌មានជប៉ុន ស្រង់សំដីនៅពេលនោះ មកផ្សាយថា៖ 

«ខ្ញុំបានប្រាប់លោក ប្រាក់ សុខុន ថាលទ្ធផលនៃការបោះឆ្នោតជាតិ​ កាលពីថ្ងៃអាទិត្យ គឺជាការខកចិត្តមួយ ក្រោមហេតុផលច្រើនយ៉ាង ខណៈសន្លឹកឆ្នោតជាច្រើន ត្រូវបានចាត់ទុកថា មិនបានការ ទោះបីប្រទេស​ជប៉ុន បានផ្ដល់ការគាំទ្ររបស់ខ្លួន ដើម្បីធានាថា ការបោះឆ្នោត នឹងឆ្លុះបញ្ចាំងពីឆន្ទះ របស់ពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។»

លោក កូណូ បានបន្តថា៖ ប្រទេសជប៉ុន បានគាំទ្រដល់​ប្រទេស​កម្ពុជា ក្នុងនាម​ជាមិត្ត ដើម្បីការកសាង និងការស្ថាបនាប្រទេសឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលច្រើនឆ្នាំ រាប់ចាប់តាំងពីដំណើរការសន្ដិភាពដំបូង។ ហើយប្រទេសជប៉ុន ចង់ឲ្យប្រទេសកម្ពុជា បន្តដើរលើវិថីនេះ ទៅមុខទៀត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...