បុរស​សតិ​មិន​គ្រប់ បើក​រថយន្ត​បុក​ហ្វូង​មនុស្ស​នៅ​អាល្លឺម៉ង់ ស្លាប់​២នាក់ របួស​២០នាក់

បុរសជាតិអាល្លឺម៉ង់ម្នាក់ បានបើករថយន្ដដឹកទំនិញ ធុនមធ្យមមួយ បុកចូលហ្វូងមនុស្ស ដែលកំពុងអង្គុយត្រៀមត្រា នៅលើចិញ្ចើមថ្នល់ នៃក្រុង «Münster» ភាគពាយ័ព្យនៃប្រទេសអាល្លឺម៉ង់ កាលពីរសៀលថ្ងៃសៅរ៍ម្សិលម៉ិញ។ បុរសរូបនេះ ត្រូវបានគេស្គាល់ថា មានសតិមិនគ្រប់ និងបានសម្លាប់ខ្លួន នៅក្រោយទង្វើរបស់ខ្លួន។
បុរស​សតិ​មិន​គ្រប់ បើក​រថយន្ត​បុក​ហ្វូង​មនុស្ស​នៅ​អាល្លឺម៉ង់ ស្លាប់​២នាក់ របួស​២០នាក់
ទិដ្ឋភាពនៅក្រោយហេតុការណ៍ បើករថយន្ដបុកហ្វូងមនុស្ស នៅក្រុង «Münster» ភាគពាយ័ព្យអាល្លឺម៉ង់។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៧ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 08, 2018
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«គ្មានអ្វី ដែលអាចបញ្ជាក់ នៅក្នុងពេលនេះថា ករណីបើករថយន្ដបុកហ្វូងមនុស្ស មានមូលហេតុចេញ ពីក្រុមឥស្លាមនិយមឡើយ» នេះ ជាការអះអាងឡើង របស់លោក «Herbert Reul» រដ្ឋមន្ត្រីមហាផ្ទៃ នៃតំបន់ «Nord-Westphalie» ដែលមាន «Münster» ជាក្រុងមួយរបស់ខ្លួន។

លោករដ្ឋមន្ត្រីតំបន់ បានបញ្ជាក់ថា បុរសដែលជាអ្នកកាន់ចង្កូតរថយន្ដដឹកទំនិញ ធុនមធ្យម «ជាជនជាតិអាល្លឺម៉ង់ និងមិនមែនជាជនអន្តោរប្រវេសន៍ ដូចការផ្សព្វផ្សាយមួយចំនួន ដែលគ្មានមូលដ្ឋាននោះទេ»។

បើតាមសារព័ត៌មាន «Süddeutsche Zeitung» ក៏ដូចជាទូរទស្សន៍ «ZDF» និងទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ «DPA» បានរាយការណ៍ថា បុរសខាងលើ មានឈ្មោះ «Jens R.» កើតនៅឆ្នាំ១៩៦៩ និងមានបញ្ហាផ្នែកសតិ។ ទូរទស្សន៍ «ZDF» បានអះអាងថា មុននេះមិនយូរប៉ុន្មាន បុរសរូបនេះបានព្យាយាម ធ្វើអត្តឃាតរួចហើយ ហើយរថយន្ដដឹកទំនិញ ធុនមធ្យម ដែលមានពណ៌ក្រម៉ៅ ជាកម្មសិទ្ធិរបស់បុរសនេះផ្ទាល់តែម្ដង។

ប៉ុន្តែដំណឹងខាងលើ នៅមិនទាន់ត្រូវបានអាជ្ញាធរអាល្លឺម៉ង ចេញមកអះអាងនៅឡើយ នៅក្នុងពេលភ្លាមៗ។

នៅវេលាម៉ោង១៥ និង៣០នាទី បុរសខាងលើ បានកាច់ចង្កូតរថយន្ដរបស់ខ្លួន បើកបុកចូលក្នុងហ្វូងមនុស្ស ដែលកំពុងអង្គុយពោរពេញ នៅលើចិញ្ចើមថ្នល់ ខាងមុខភោជនីយដ្ឋាន-កាហ្វេមួយ ដែលមានឈ្មោះល្បីគួរសម កណ្ដាលក្រុង «Münster» និងដែលសម្បូរដោយទេសចរណ៍។

តុល្យភាពភ្លាមៗ ដែលផ្ដល់ដោយអាជ្ញាធរ បានឲ្យដឹងថា មនុស្ស៣នាក់ បានស្លាប់។ ប៉ុន្តែតុល្យភាពថ្មី ដែលទើបនឹងធ្លាក់មកដល់ និងបន្ទាប់ពីត្រូវបានគណនីឡើងវិញរួច  បានអះអាងថា មានមនុស្សស្លាប់តែ២នាក់ប៉ុណ្ណោះ និងមានមនុស្សរបួស២០នាក់ ក្នុងនោះ​មានមនុស្ស​របួសធ្ងន់ មានជាង១០នាក់។ សារព័ត៌មានតំបន់មួយ បានរាយការណ៍ថា មនុស្សពីរនាក់ដែលបានស្លាប់នោះ ជាបុគ្គលិករបស់ភោជនីយដ្ឋានខាងលើ។

អាជ្ញាធរបានអះអាងបន្ថែមថា បុរសប្រព្រឹត្តិល្មើស បានសម្លាប់ខ្លួន នៅក្រោយហេតុការណ៍នោះបន្តិច  ក្នុងរថយន្ដរបស់ខ្លួន ដែលបានឈប់ នៅជាប់នឹងភោជនីយដ្ឋាន។ ក្នុងពេលបន្ទាប់មក នគរបាលបានជម្លៀសមនុស្ស ចេញពីទីកន្លែងកើតហេតុ ដោយគិតថា នៅក្នុងរថយន្ដបង្ក ទំនងជាមានគ្រឿងផ្ទុះ ដាក់បង្កៃនៅក្នុងនោះ។ ប៉ុន្តែនៅទីបំផុត នគរបាលមិនបានរកឃើញអ្វីទេ។

អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) អធិកាបតី នៃប្រទេសអាល្លឺម៉ង់ បានប្រតិកម្មនៅតាមបណ្ដាញសង្គម សំដែងនូវ​«ការរន្ធត់ដ៏ជ្រាលជ្រៅ» ចំពោះ «ហេតុការណ៍ដ៏អាក្រក់» ដែលបានកើតឡើងខាងលើ ក្នុងក្រុង «Münster»។ អ្នកស្រីបានអះអាងថា៖ «អ្វីៗគ្រប់យ៉ាង នឹងត្រូវចាត់វិធានការ ដើម្បីស្វែងរកការពិត នៅក្នុងករណីនេះ និងដើម្បីគាំពារ ទៅដល់ក្រុមគ្រួសារ នៃជនរងគ្រោះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...