សម រង្ស៊ី ថា​សភា​អ៊ឺរ៉ុប​កំពុង​ចាត់​វិធានការ​ពិសេស ខុស​ពីមុន

មេដឹកនាំប្រឆាំង ដែលកំពុងដឹកនាំគណៈប្រតិភូ ទៅកាន់សភាអ៊ឺរ៉ុប ក្នុងក្រុងស្ត្រាស្បួរិ៍ ភាគខាងកើតបារាំង បានអះអាងថា តាមរយៈកិច្ចប្រជុំពេញអង្គរបស់ខ្លួន ស្ថាប័ននីតិបញ្ញត្តិ នៃសហភាពអ៊ឺរ៉ុបមួយនេះ កំពុងចាត់វិធានការដ៏ពិសេស និងខុសពីពេលមុនៗ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជាឡើងវិញ។
សម រង្ស៊ី ថា​សភា​អ៊ឺរ៉ុប​កំពុង​ចាត់​វិធានការ​ពិសេស ខុស​ពីមុន
លោក សម រង្ស៊ី (នៅកណ្ដាលគេ) កំពុងជួបជាមួយមន្ត្រី នៃសភាអ៊ឺរ៉ុប ក្នុងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងខណៈពេលដែលសភាអ៊ឺរ៉ុប កំពុងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នៅក្រុងស្ត្រាស្បួរ ភាគខាងកើតបារាំង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 12, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ស្អែក យើងនឹងឃើញខ្លឹមសារលំអិត នៃញត្តិសភាអ៊ឺរ៉ុប។ តែញត្តិនេះ មិនមែនធម្មតាទេ ខុសគ្នាពីញត្តិមុនៗ។ គឺថាស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា ធ្លាក់ចុះដុនដាបមែនទែន ទើបសភាអ៊ឺរ៉ុប ចាត់វិធានការពិសេស ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជាឲ្យទាល់តែបាន។» 

ខាងលើនេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងដឹកនាំគណប្រតិភូ របស់គណបក្សប្រឆាំង ទៅចូលរួមក្នុង ព្រឹត្តិការណ៍នៃអង្គប្រជុំពេញអង្គ របស់សភាអ៊ឺរ៉ុប ដែលស្ថិតក្នុងក្រុង ស្ត្រាស្បួរិ៍ ភាគខាងកើតប្រទេសបារាំង។ សូមទស្សនាការថ្លែងរបស់មេដឹកនាំប្រឆាំង នៅក្នុងវីដេអូផ្សាយផ្ទាល់ ដូចខាងក្រោម៖

 

យ៉ាងហោចណាស់ ញត្តិស្នើដំណោះស្រាយ ចំនួន៦ ត្រូវបានក្រុមសមាជិកសភាអ៊ឺរ៉ុប ដាក់ចូលទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំពេញអង្គ របស់សភាសហភាពអ៊ឺរ៉ុប ដែលបានបើកសម័យប្រជុំធំរបស់ខ្លួន តាំងពីដើមសប្ដាហ៍នេះមក។ គេរំពឹងថា ញត្តិមួយពីក្នុងចំណោមនោះ ឬញត្តិមួយដែលមានលក្ខណៈ ជាការដាក់បញ្ចូលគ្នា ពីញត្តិទាំងនោះ អាចនឹងត្រូវអនុម័ត ឲ្យក្លាយជា «ដំណោះស្រាយ» នៅវេលារសៀល ថ្ងៃព្រហស្បត្តិស្អែក។

«ដំណោះស្រាយបន្ទាន់»

នៅក្នុងដំណើររបស់លោក ទៅកាន់ស្ថាប័នធ្វើច្បាប់ ដ៏កំពូលរបស់អ៊ឺរ៉ុប លោក សម រង្ស៊ី បានជួបជាមួយមន្ត្រី និងតំណាងរាស្ត្រអ៊ឺរ៉ុបជាច្រើន នៅទីនោះ។ លោក «Umberto GAMBINI» ទីប្រឹក្សាជាតិអ៊ីតាលី និងជានាយកខុទ្ទកាល័យ របស់សមាជិកសភាអ៊ឺរ៉ុប លោក «Ramon Tremosa» ដែលបានជួបលោក សម រង្ស៊ី ដោយផ្ទាល់ បានអះអាងឡើង ពី«ដំណោះស្រាយបន្ទាន់»មួយ នឹងត្រូវបានសភាអ៊ឺរ៉ុបអនុម័ត នៅថ្ងៃស្អែក។

លោកបានអះអាងថា៖ «ញត្តិស្នើដំណោះស្រាយ ស្ដីពីវិបត្តិនយោបាយកម្ពុជានោះ បានអញ្ជើញស្នងការអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) និងស្នងការអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម (Anna Cecilia Malmström) ឲ្យដាក់កំហិតផ្នែកទិដ្ឋការ និងទណ្ឌកម្មផ្នែកពាណិជ្ជកម្ម ទាក់ទងនឹងការព្យួរប្រព័ន្ធអនុគ្រោះ "EBA" ប្រឆាំងរបបលោក ហ៊ុន សែន»។

លោក «Umberto GAMBINI» បានបន្តថា៖ «មិនត្រឹមតែប៉ុណ្ណឹងទេ គណៈកម្មការអ៊ឺរ៉ុបត្រូវបញ្ចេញជាសាធារណៈ នូវរបាយការណ៍អង្កេត នៃបេសកកម្មស្វែងរកការពិត របស់សហភាពអ៊ឺរ៉ូប ដែលបានធ្វើនៅប្រទេសកម្ពុជា (កាលពីដើមខែកក្កដា)»៕

-----------

» ខាងក្រោមនេះ ជាការដកស្រង់មួយ នៃដំណោះស្រាយបន្ទាន់ ដែលចេញពីញត្តិមួយ ក្នុងចំណោមញត្តិជាច្រើន ដែលស្នើឡើងដោយសមាជិកសភាអ៊ឺរ៉ុប៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...