តុលាការ​ប្ដូរ​ជំហរ​ដោយ​ដោះលែង កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ

ការបន្តឃុំខ្លួន លើប្រធានគណបក្សប្រឆាំង លោក កឹម សុខា ទើបត្រូវចៅក្រមស៊ើបសួរ លោក គី ឬទ្ធី សម្រេច កាលពីចុងខែ​កន្លងទៅ។ តែនៅយប់ថ្ងៃអាទិត្យ ទី៩ ខែកញ្ញានេះ ចៅក្រុមស៊ើបសួរដដែល បានប្ដូរការសម្រេចរបស់ខ្លួនមកវិញ ដោយអនុញ្ញាតឲ្យលោក កឹម សុខា នៅក្រៅឃុំជាបណ្ដោះ​អាសន្ន។
តុលាការ​ប្ដូរ​ជំហរ​ដោយ​ដោះលែង កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ
លោក កឹម សុខា ថតរូបនៅក្នុងគេហដ្ឋានរបស់លោក ក្នុងព្រឹកថ្ងៃចន្ទនេះ ហើយត្រូវបានមេធាវីរបស់លោក បង្ហោះនៅលើបណ្ដាញសង្គម។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 10, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាលាដំបូងរាជធានីភ្នំពេញ បានអះអាង តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ខ្លួនថា ការដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន កាលពីយប់ថ្ងៃអាទិត្យ ចូលមកព្រឹកថ្ងៃចន្ទនេះ គឺដោយសារបញ្ហាសុខភាព របស់លោក។ ផ្ទុយទៅវិញ ទាំងមេធាវី និងក្រុមគ្រួសាររបស់លោក កឹម សុខា ធ្លាប់បានលើកឡើង មិនតិចដងទេ អំពីបញ្ហាសុខភាព របស់មេបក្សប្រឆាំង ជាពិសេស លើកឡើងនៅក្នុងសវនាការក្នុងពន្ធនាគារ កាលពីថ្ងៃព្រហស្បត្តិ៍ទី៣០ ខែសីហា ឆ្នាំ២០១៨កន្លងទៅ។

ផ្ទុយពីការបង្ហាញទឡ្ហីករណ៍ របស់ក្រុមមេធាវី ជុំវិញបញ្ហាសុខភាព ការធានា និងលក្ខណៈសម្បត្តិ របស់លោក កឹម សុខា ដែលគួរតែត្រូវបានអនុញ្ញាត ឲ្យនៅក្រៅឃុំនោះ (ទោះជាបណ្ដោះអាសន្នក៏ដោយ) សម្រាប់លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ ដែលជាអធិបតី នៅក្នុងសវនាការនោះ នៅតែសម្រេចឲ្យបន្តឃុំខ្លួន មេដឹកនាំបក្សប្រឆាំង ក្នុងពន្ធនាគារ សម្រាប់រយៈពេល៦ខែទៅមុខទៀត ខណៈចៅក្រមដដែលនេះ ធ្លាប់បានសម្រេចឲ្យបន្តឃុំខ្លួន ម្ដងហើយ កាលពី៦ខែមុន។

ប៉ុន្តែ នៅ១០ថ្ងៃក្រោយមក ពោលគឺនៅយប់ ថ្ងៃអាទិត្យ ទី៩ ចូលមកថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក គី ឬទ្ធី បានផ្លាស់ប្ដូរការសម្រេច របស់ខ្លួន ដោយអនុញ្ញាតឲ្យលោក កឹម សុខា នៅក្រៅឃុំជាបណ្ដោះអាសន្ន មុននឹងអ្នកនាំពាក្យ សាលាដំបូងរាជធានី ចេញសេចក្ដីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃចន្ទនេះ ថាការដោះលែងនេះ គឺដោយសារបញ្ហាសុខភាព របស់លោក និងដោយមានការធានាថា លោក កឹម សុខា មិនអាចរត់គេច ពីនីតិវិធីរបស់តុលាការ។

យ៉ាងណា ការដោះលែងលោក កឹម សុខា ធ្វើឡើងតាមបែបតក់ក្រហល់ ដោយចេញដីកា នៅពេលយប់ថ្ងៃអាទិត្យ និងដោះលែង នៅពេលយប់ដដែល ដោយក្រុមអាជ្ញាធរ បានដឹករូបលោក តាមរថយន្ដ មកដាក់ដល់ផ្ទះលោក តែម្ដង នៅវេលាម៉ោងប្រមាណជាង ៣ទៀបភ្លឺ ព្រឹកថ្ងៃចន្ទ។

ការដោះលែង នេះទៀតសោធ ធ្វើឡើងប៉ុន្មានថ្ងៃ មុន​ការជជែកពិភាក្សា នៅក្នុងសម័យប្រជុំពេញអង្គ របស់សភាអ៊ឺរ៉ុប ដែលនឹងគ្រោងធ្វើ នៅថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះ ស្ដីពីវិបត្តិនយោបាយកម្ពុជា។ ការជជែកពិភាក្សា ដែលនឹងនាំទៅដល់ ការចេញដំណោះស្រាយមួយនោះ បានសង្កត់ធ្ងន់ លើករណីបន្តឃុំខ្លួន លោក កឹម សុខា ដូចដែលស្ថាប័ន​នីតិបញ្ញត្តិ ​របស់​សហភាព​អ៊ឺរ៉ុប​មួយនេះ បាន​អះអាង នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន ​របស់ខ្លួន ដែលចេញផ្សាយ កាលពីចុងសប្ដាហ៍មុន។

បន្ថែម​ពីលើព្រឹត្តិការណ៍នេះ របាយការណ៍មួយ កម្រាស់ ២២ ទំព័រ របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស ប្រចាំកម្ពុជា ក៏ត្រូវបានដាក់ជូន កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ២០១៨ ​ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ដែរ។ របាយការណ៍របស់អ្នកស្រី ស្មីត ដែលរៀបរាប់យ៉ាងក្បោះក្បាយ ពីការបោះឆ្នោត បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នារយៈពេលចុងក្រោយ ក្នុងប្រទេសកម្ពុជានេះ នឹង​ស្ថិត​នៅលើ​​របៀប​វារៈ​ទី១០ នៃ​​កិច្ច​ប្រជុំ​ របស់ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អ.ស.ប លើក​ទី៣៩ ដែល​នឹង​​ធ្វើ​ឡើង​ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ២០១៨៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...