ស្ថាបនិក​ពេទ្យ​គន្ធបុប្ផា​ដែល​សង្គ្រោះ​កុមារ​ខ្មែរ​ បាន​លាចាក​លោក​ក្នុង​អាយុ​៧១ឆ្នាំ

លោកបានបូជា​ជីវិតចុងក្រោយ​របស់លោក ក្នុងរយៈពេល២៧ឆ្នាំ ប្រកបដោយវីរភាព ដើម្បីជួយស្រោចស្រង់ ជីវិតកុមារខ្មែរ រាប់សិបម៉ឺននាក់... ប៉ុន្តែលោកបានទទួលអនិច្ចកម្មទៅហើយ នៅក្នុងយប់ថ្ងៃសៅរ៍ ទី៨ ចូលមកថ្ងៃអាទិត្យ ទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងក្រុងហ្សុយរីច ភាគខាងជើងប្រទេសស្វីស។
ស្ថាបនិក​ពេទ្យ​គន្ធបុប្ផា​ដែល​សង្គ្រោះ​កុមារ​ខ្មែរ​ បាន​លាចាក​លោក​ក្នុង​អាយុ​៧១ឆ្នាំ
លោក ប៊ីត រិចឆ្ន័រ (ខាងស្ដាំ) និងកុមារីខ្មែរមួយរូប។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 09, 2018
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សច្រើនម៉ឺនសែននាក់ កំពុងយំសោកស្ដាយរូបលោក! លោកវេជ្ជបណ្ឌិត ប៊ីត រីចឆ្ន័រ (Beat Richner) បានលាចាកលោកនេះ នៅក្នុងអាយុ៧១ឆ្នាំ បន្ទាប់ពីបានធ្លាក់ខ្លួនឈឺ ក្នុងជំងឺដ៏ធ្ងន់ធ្ងរ និងដ៏រ៉ាំរ៉ៃ តាំងពីច្រើនខែមកនោះ។ គ្រូពេទ្យជំនាញ ខាងកុមារ និងរោគបេះដូងរូបនេះ បានផុតដង្ហើម នៅក្នុងក្រុង ហ្សុយរីច (Zurich) ភាគខាងជើងប្រទេសស្វីស កាលពីវេលាម៉ោង ២ និង៤៥នាទី ព្រឹកទៀបភ្លឺ ថ្ងៃអាទិត្យ ទី៩ ខែកញ្ញា ឆ្នាំ២០១៨។

សេចក្ដីប្រកាសព័ត៌មានមួយ របស់មូលនិធិគន្ធបុប្ផា ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន បានអះអាងថា លោកវេជ្ជបណ្ឌិត ដែលមានកំណើត ក្នុងឆ្នាំ១៩៤៧ មិនមានឱកាស និងពេលវេលា ដូចក្នុងក្ដីស្រមៃរបស់លោក ដែលចង់រស់នៅ ក្នុងភាពចូលនិវត្តន៍មួយ ដោយស្ងប់ស្ងាត់  និងការចូលរួម​ក្នុង​វិស័យ​សិល្បៈនោះឡើយ។ ប៉ុន្តែលោកបានលះបង់ សឹងតែមួយជីវិតរបស់លោក ជាមួយការប្ដេជ្ញាចិត្ត ដ៏ខ្ពង់ខ្ពស់ និងមិនរុញរា ដើម្បី«កុមារស្វីស និងកុមារកម្ពុជា ដែលមានជំងឺ»។

ក្រៅពីមានជំនាញ ក្នុងវិស័យវេជ្ជសាស្ត្រដ៏ខ្ពង់ខ្ពស់ លោក រីចឆ្ន័រ នៅមានទេពកោសល្យ ខាងការសំដែង ត្លុកកំប្លែង និងលេងវីយ៉ូឡុង ដ៏អស្ចារ្យម្នាក់។ នៅលើឆាក គេហៅលោក ជាមួយរហស្សនាមថា «Beatocello» ជាមួយនឹងវីយូឡុងរបស់លោក ឈ្មោះ «Blondine»។

ដោយមានការអញ្ជើញ ពីសម្ដេច នរោត្ដម សីហនុ នៅឆ្នាំ១៩៩១ ដើម្បីជួសជុល និងកសាងឡើងវិញ នូវមន្ទីរពេទ្យកុមារ គន្ធបុប្ផា ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយរបបខ្មែរក្រហមនោះ លោកវេជ្ជបណ្ឌិត បានសម្រេចបិទគ្លីនិករបស់លោក នៅក្នុងក្រុងហ្សុយរីច ដើម្បីចាកចេញ ទៅកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩២ សម្រាប់បំពេញបេសកកម្មមួយ ដែលពោរពេញដោយគុណតម្លៃ រកពាក្យអ្វីមកប្រៀបផ្ទឹមពុំបាន។

លោក រីចឆ្ន័រ ធ្លាប់បានមកធ្វើការ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផារួចហើយ ក្នុងឆ្នាំ១៩៧៤ ក្នុងនាមលោក ជាគ្រូពេទ្យរបស់កាកបាទក្រហម ប៉ុន្តែលោកបានបញ្ចប់ការងារនោះ នៅមួយឆ្នាំក្រោយមក ពោលគឹនៅពេល ដែលក្រុមខ្មែរក្រហម ដណ្ដើមបានអំណាចជាស្ថាពរ។

មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបានបង្កើតឡើងវិញ ដំបូងគេ ក្រោមស្នាដៃរបស់លោកនោះ ត្រូវបានសម្ពោធបើកទ្វាទទួលកុមារ នៅឆ្នាំ១៩៩២។ តែនៅច្រើនឆ្នាំក្រោយមក (រវាងពីឆ្នាំ១៩៩៦ មកទល់នឹងឆ្នាំ២០០៧) មន្ទីរពេទ្យប្រហាក់ប្រហែលគ្នានេះ បានបើកទ្វាចំនួន៤កន្លែងទៀត ក្នុងនោះ បីកន្លែងនៅរាជធានីភ្នំពេញ និងមួយកន្លែងទៀត នៅក្នុងក្រុងសៀមរាប។

ជាមួយនឹងការងារ ដែលមិនចេះនឿយហត់ និងប្រកបដោយប្រសិទ្ធភាព លោក រីចឆ្ន័រ ដែលមានឈ្មោះក្រៅ ហៅថា «ដុកទ័រស្វីសៗ» ត្រូវបានកុមារកម្ពុជា រាប់សិបម៉ឺនសែននាក់ រួមនឹងឪពុកម្ដាយ និងក្រុមគ្រួសាររបស់កុមារផង ចាត់ទុកថា ជា«ព្រះរស់»មួយរូប ក្នុងការជួយសង្គ្រោះជីវិតពួកគេ និងកូនចៅពួកគេ។

មន្ទីរពេទ្យទាំង៥របស់លោក មានបុគ្គលិក និងគ្រូពេទ្យបម្រើការ ប្រមាណជា ២៥០០នាក់ និងផ្ដល់ការព្យាបាល់ ដោយមិនគិតថ្លៃ ទៅដល់កុមារប្រមាណជា ៨០% ដែលត្រូវបានចាត់ទុកថា ក្រីក្រគ្មានធនធាន។ ប៉ុន្តែការផ្ដល់សេវាទាំងនេះ តម្រូវឲ្យលោកត្រូវមានខ្ទង់ចំណាយ មិនតិចជាង៤០លានហ្វ្រង់ស្វីសឡើយ ក្នុងមួយឆ្នាំ។ មូលនិធិគន្ធបុប្ផារបស់លោក ទទួលបានថវិការសំខាន់ជាងគេ គឺតាមរយៈការបរិច្ចាក ឬអំណោយ ពីសប្បុរសជននានា នៅជុំវិញពិភពលោក ជាពិសេសពីសំណាក់រដ្ឋាភិបាល និងប្រជាជនស្វីស។

សាកលវិទ្យាល័យចំនួនពីរ នៅក្នុងប្រទេសស្វីស បានផ្ដល់រង្វាន់កិត្តិយសទៅឲ្យលោក ក្នុងនាមជាវេជ្ជបណ្ឌិត ដែលបានបំពេញបុព្វហេតុ ដ៏កម្រមួយ។ នៅឆ្នាំ២០០៣ លោក ប៊ីត រីចឆ្ន័រ នៅទទួលបានការជ្រើសតាំង ពីបណ្ដាជនស្វីស ដើម្បីឲ្យលោកក្លាយជា «បុរសប្រចាំឆ្នាំ នៃប្រទេសស្វីស» ក្នុងកម្មវិធី «Swiss Awards» របស់ទូរទស្សន៍សាធារណៈស្វីស។

ប៉ុន្តែ គួរឲ្យស្ដាយ! ព្រោះនៅខែមីនា ឆ្នាំ២០១៧ លោក ប៊ីត រីចឆ្ន័រ បានចាកចេញពីតំណែងគ្រប់គ្រងមន្ទីរពេទ្យ បន្ទាប់ពីរូបលោក បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ អ្នកដែលបន្តតំណែងពីលោក គឺលោក វេជ្ជបណ្ឌិត ភីធើរ ស្ទូដ័រ (Peter Studer)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...