រវល់​ឈ្លក់​នឹង​ទូរស័ព្ទ ទុក​ឲ្យ​កូន​លង់​ទឹក​ជិត​ស្លាប់

ទារិកា «Xiao Ai» ដែលមានអាយុ១ខួប បានស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់ តាំងពី១ខែមកហើយ មិនដឹងស្លាប់ឬរស់។ មូលហេតុនៃអាការៈ៖ គឺទារិកាបានលង់ទឹក ក្នុងអាងតូចមួយ អស់រយៈពេលត្រឹមតែ៩០វិនាទីប៉ុណ្ណោះ ខណៈម្ដាយរបស់នាងតូច នៅក្បែរនោះ កំពុងឈ្លក់ជាមួយទូរស័ព្ទរបស់ខ្លួន។
រវល់​ឈ្លក់​នឹង​ទូរស័ព្ទ ទុក​ឲ្យ​កូន​លង់​ទឹក​ជិត​ស្លាប់
ទិដ្ឋភាពស្ត្រីជាម្ដាយ បែរខ្នងដើម្បីចុចទូរស័ព្ទ ខណៈកូនស្រីដ៏តូចរបស់ខ្លួន កំពុងលង់ក្នុងទឹកអាង។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៧ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 28, 2018
  • ប្រធានបទ: ម្ដាយ-ទារក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើរវល់ឈ្លក់នឹងទូរស័ព្ទ ដកចិត្តមិនបានទេ មិនគប្បីមានកូនឡើយ។ ព្រោះពេលវេលា ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ គ្រប់គ្រាន់នឹងធ្វើឲ្យកូន ដែលខ្លួនខំប្រឹងពរពោះ បង្កើតចេញ និងចិញ្ចឹម រងគ្រោះដល់ជីវិត ឬពិការអស់ពេញមួយជីវិត។ ករណីធ្វេសប្រហែសបែបនេះ រាប់បញ្ចូលទាំងករណី ទុកឲ្យកូនដើរចូលថ្នល់ ឬធ្លាក់ចូលរណ្ដៅ... ហើយខាងក្រោមនេះ ជាករណីមួយទៀត គឺបណ្ដោយឲ្យកូនលង់ទឹក ដោយសារខ្លួនឯង រវល់ឈ្លក់វង្វេង នឹងទូរស័ព្ទដៃ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងអាងហែលទឹកតូចមួយ សម្រាប់ទារក ដែលស្ថិតក្នុងខេត្ត «Fujian» ភាគអាគ្នេយ៍​នៃប្រទេសចិន។ ថ្ងៃនោះ ជាថ្ងៃគម្រប់ខួបមួយឆ្នាំ របស់ទារិកា «Xiao Ai»។

រូបភាពវីដេអូ នៃកាម៉េរ៉ាសុវត្ថិភាព បានបង្ហាញថា ស្ត្រីជាម្ដាយដែលស្ថិតនៅក្បែរ ដំបូងឡើយបានលេង ជាមួយកុមារតូចម្នាក់ទៀត មុននឹងធ្វើអ្វីផ្សេង និងបន្ទាប់មកយកទូរស័ព្ទដៃខ្លួន មកមើលចុចចុះចុចឡើង។ នៅខាងក្រោយ​ម្ដាយវ័យក្មេងរូបនេះ ពោងដែលកូនស្រីរបស់ខ្លួន ទារិកា «Xiao Ai» កំពុងជិះ បានក្រឡាប់ បង្កឲ្យទារិកាធ្លាក់ចុះ ទៅក្នុងទឹក។

កុមារតូចដដែល ដែលនៅក្នុងអាងជាមួយ ហាក់មើលដឹងពីគ្រោះថ្នាក់ខាងលើ បានព្យាយាមធ្វើអ្វីគ្រប់យ៉ាង តាមនិស្ស័យក្មេង ដើម្បីពញ៉ាក់អារម្មណ៍ ស្ត្រីជាម្ដាយ។ ផ្ទុយទៅវិញ ស្ត្រីរូបនេះដែលកំពុងឈ្លក់ នឹងទូរស័ព្ទខ្លួន ថែមទាំងបានងាកខ្លួនចេញ មិនរវល់នឹងកុមារតូច ដែលបានលើកពោងទារិកាឡើង បង្ហាញខ្លួននោះផងទៀត។

គេត្រូវរង់ចាំច្រើនវិនាទីក្រោយមក ទើបស្ត្រីវ័យក្មេងដកភ្នែកពីទូរស័ព្ទដៃ និងភ្ញាក់ខ្លួន មើលឃើញកូនខ្លួន​នៅក្នុងទឹក... ប៉ុន្តែទារិកាលែងដកដង្ហើម រួចជាស្រេច ខណៈស្បែករបស់នាងតូច បានប្រែពណ៌ជាស្វាយ។ បេះដូងរបស់ «Xiao Ai» ឈប់ដើរហើយ នៅពេលទារិកាត្រូវបានបញ្ជូន ទៅដល់មន្ទីរពេទ្យ។

សំណាងល្អ ក្រុមគ្រូពេទ្យ បានជួយឲ្យបេះដូងទារិកា អាចដើរឡើងវិញ តែ «Xiao Ai» មិនអាចដកដង្ហើម ដោយខ្លួនឯង​បាន​ទៀតទេ និងត្រូវស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ជាមួយសភាពសន្លប់ មិនដឹងខ្លួនស្ដូកស្ដឹង រហូតមកដល់ថ្ងៃនេះ។ ស្ត្រីជាម្ដាយ បានថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុកថា៖ «ខ្ញុំមិនបានប្រុងប្រយ័ត្ន តែមួយ ឬពីរនាទី ស្រាប់តែ"Xiao Ai" ធ្លាក់ពីពោងដែលវាជិះ»។

«Xiao Ai» ជាកូនទីពីរ នៅក្នុងគ្រួសារ។ មិនមានសេចក្ដីរាយការណ៍ មកថា តើស្ត្រីជាម្ដាយ នឹងត្រូវអាជ្ញាធរចិនបញ្ជូនឡើង ទៅតុលាការដែរ ឬយ៉ាងណា ពីបទធ្វេសប្រហែស ចំពោះការទទួលខុសត្រូវ ទៅលើកូនរបស់ខ្លួនខាងលើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...